ចិនគ្រោងបញ្ឈប់ការផលិតឡានប្រើសាំង និងម៉ាស៊ូត
- 2017-09-11 13:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនគ្រោងបញ្ឈប់ការផលិតឡានប្រើសាំង និងម៉ាស៊ូត
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ប្រទេសចិនបាននិយាយថាខ្លួនបានកំពុងរៀបចំការដាក់បម្រាមដើម្បីបញ្ឈប់ការផលិតរថយន្តដែលដើរដោយសាំង និងម៉ាស៊ូត ដើម្បីលើកទឹកចិត្តដល់ការផលិតយានជំនិះដែលមិនសូវមានផលប៉ះពាល់ចំពោះបរិស្ថាន។
ការប្រកាសនេះ ធ្វើឲ្យចិនក្លាយប្រទេសមួយទៀត បន្ទាប់ពីឥណ្ឌា បារាំង ចក្រភពអង់គ្លេស និងន័រវែស ដែលមានគម្រោងក្នុងការបញ្ឈប់ការផលិតរថយន្តស៊ីសាំង និងម៉ាស៊ូត នាពេលខាងមុខ។ ទោះជាយ៉ាងណា ប្រទេសមហាអំណាចមួយនេះមិនទាន់បានដាក់ចេញពេលវេលាច្បាស់លាស់ណាមួយក្នុងការដាក់ចេញនូវបម្រាមមួយនេះនៅឡើយទេ ដោយគ្រាន់តែថាខ្លួនបានចាប់ផ្ដើមរៀបចំពិភាក្សាគម្រោងមួយនេះហើយ នេះបើតាមការថ្លែងរបស់លោក Xin Guobin អនុរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្មចិន។ លោក Xin ក៏បានព្រមានដល់ក្រុមហ៊ុនដែលផលិតឡានស៊ីសាំង និងម៉ាស៊ូតឲ្យធ្វើការការប្រែខ្លួន ដើម្បីសម្របសម្រួលនឹងស្ថានភាពថ្មីនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងដាក់បម្រាមនេះធ្វើឡើងក្នុងន័យចង់ឲ្យមានការលើកទឹកចិត្តដល់ការបង្កើតរថយន្តដើរដោយអគ្គិសនីដែលមានកម្រិតបំពុលទាបដល់បរិស្ថាន។ កាលពីឆ្នាំមុន ចិនបានលក់រថយន្តដើរដោយអគ្គិសនីរហូតដល់ទៅ ៤០% ក្នុងចំណោមរថយន្តប្រភេទនេះចំនួន ៧៥៣ ០០០ គ្រឿងដែលលក់ទូទាំងពិភពលោក។ បើទោះជាបែបនេះក្ដី រថយន្តប្រភេទនេះលក់មិនសូវដាច់ទេក្នុងប្រទេសចិន។ កាលពីឆ្នាំមុន ក្នុងចំណោមយានយន្ត ២៨លានគ្រឿងដែលលក់ក្នុងប្រទេសយក្សអាស៊ីមួយនេះ មានតែ ១%ប៉ុណ្ណោះដែលជាប្រភេទរថយន្តអគ្គិសនី៕