Mi Mix 2 បង្ហាញខ្លួនផ្លូវការ មុនការប្រកាស iPhone X មួយថ្ងៃ
- 2017-09-12 02:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mi Mix 2 បង្ហាញខ្លួនផ្លូវការ មុនការប្រកាស iPhone X មួយថ្ងៃ
ចន្លោះមិនឃើញ
នៅទីបំផុត Xiaomi Mi Mix 2 ដែលជាអ្នកស្នងតំណែង Xiaomi Mi Mix ស្មាតហ្វូនមានស៊ុមអេក្រង់ស្ដើងដាច់គេចេញកាលពីឆ្នាំមុន បានបង្ហាញវត្តមានជាផ្លូវការមុនការប្រកាសចេញ iPhone ស៊េរីថ្មីមួយថ្ងៃ។
មើលលើការរចនា Mi Mix 2 នេះមានរូបរាងមិនខុសគ្នាពី Mi Mix ប៉ុន្មានឡើយ។ ប៉ុន្តែវាមានទំហំតូចជាងមុន ដោយពេលនេះអេក្រង់បានបន្ថយទំហំនៅត្រឹម ៦,០ អ៊ីញប៉ុណ្ណោះ ដែលពីមុនមានទំហំ ៦,៤ អ៊ីញ។ ជាលទ្ធផលធ្វើឲ្យស៊ុមអេក្រង់នៅផ្នែកខាងក្រោមដែលជាកន្លែងដាក់ Sensor កាមេរ៉ាសម្រាប់ Selfie កាន់តែស្ដើងជាងមុន។
Mi Mix 2 មានគ្រឿងម៉ាស៊ីនលំដាប់កំពូលដូចស្មាតហ្វូនចេញឆ្នាំ ២០១៧ ដទៃទៀតដែរ ដោយមានបំពាក់បន្ទះឈីប Snapdragon 835, RAM ទំហំ ៦ GB និងអង្គផ្ទុកទិន្នន័យទំហំ ៦៤/១២៨/២៥៦ GB។ ចំពោះទំហំថ្មវិញមិនជាធំដូចមុនទៀតឡើយ ដោយបានបន្ថយទំហំមកនៅត្រឹម ៣៤០០ mAh តូចជាងមុន ១០០០ mAh។
Mi Mix 2 នេះក៏មានជាប្រភេទ Special Edition ដែលមានតួខ្លួនស្រោបដោយសារធាតុសេរ៉ាមិចទាំងអស់ មិនមែនមានតែផ្នែកខាងក្រោយដូចប្រភេទធម្មតាឡើយ។ ចំណែកលក្ខណៈសម្បត្តិវិញមានការបន្ថែមទំហំ RAM ដល់ ៨ GB និងអង្គផ្ទុកទិន្នន័យ ១២៨ GB។
ចំពោះកាមេរ៉ាលើ Mi Mix 2 នៅតែជាប្រភេទកាមេរ៉ាទោលដោយមានទំហំ ១២ MP, មានមុខងាររក្សាលំនឹង OIS និងមាន Aperture F/2.0។ សមត្ថភាពកាមេរ៉ាប៉ុណ្ណេះ ត្បិតតែមិនធ្វើឲ្យវាលេចធ្លោក្នុងចំណោមស្មាតហ្វូនដទៃ ប៉ុន្តែក៏ល្អគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ជាច្រើនដែរ។
Xiaomi នឹងដាក់លក់ស្មាតហ្វូននេះនៅលើទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពី ៥០០ ដុល្លារ ដល់ ៧២០ ដុល្លារ។ មិនមានការបញ្ជាក់ថាវានឹងមានវត្តមានលើទីផ្សារប្រទេសដទៃឬយ៉ាងណានោះទេ៕