កូរ៉េខាងត្បូង បង្ហើបថានឹងបង្កើត​កងកម្លាំងពិសេស ដើម្បីធ្វើឃាត គីម ជុងអ៊ុន

  • 2017-09-13 02:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងត្បូង កំពុងតែ​បង្កើត «អង្គភាព​ធ្វើ​ឃាត» ដែល​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​យោធា​ពិសេស​របស់​ខ្លួន ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​ជា​ពិសេស ដើម្បី​កម្ចាត់​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។

បើ​តាម​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ​ថា អង្គភាព​ពិសេស​ខាងលើ​នឹង​ត្រូវ​បាន​បង្កើត​ឡើង នៅ​ចុង​ឆ្នាំ​នេះ​តែម្ដង។ តួនាទី​របស់​វា គឺ​ដើម្បី​ធ្វើ​ឲ្យ លោក គីម ជុងអ៊ុន ព្រួយបារម្ភ និង​ភ័យខ្លាច​ចំពោះ​ជីវិត​របស់​លោក ហើយ​រារាំង​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ មិន​ឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ត​ទៅ​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក Song Young-moo បាន​ប្រាប់​សមាជិក​សភា​កូរ៉េខាងត្បូង នៅ​សប្ដាហ៍​នេះ​ថា អង្គភាព​នេះ​នឹង​មាន​ទំហំ​កងទ័ព ចន្លោះ​ពី ១ ៥០០ ទៅ ៣ ០០០ នាក់ ហើយ​នឹង​ត្រៀមខ្លួន​សម្រាប់​ដាក់​ពង្រាយ​នៅ​ចុង​ឆ្នាំ ២០១៧។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក កូរ៉េខាងជើង តែងតែ​គំរាមកំហែង​កម្ទេច​កូរ៉េខាងជើង និង​សម្ព័ន្ធមិត្ត​សំខាន់​របស់​គេ គឺ សហរដ្ឋអាមេរិក ដោយ​ចោទប្រកាន់​ប្រទេស​ទាំង ២ នេះ​ថា បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការលុកលុយ​មក​លើ​ប្រទេស​ខ្លួន។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ដាក់​ទណ្ឌកម្ម​​ចំនួន ៦ ធំៗ ទៅ​លើ​កូរ៉េខាងជើង ​ដូចជា ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​កាត, ការ​នាំ​ចេញ​វាយនភណ្ឌ, បញ្ចប់​កិច្ចសន្យា​ការងារ​ក្រៅ​ប្រទេស, បង្ក្រាប​ការ​រត់​ពន្ធ, បញ្ឈប់​ការ​បណ្ដាក់​ទុន​ជាមួយ​ប្រទេស​ដទៃ​ទៀត និង​ការ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​រដ្ឋាភិបាល​កូរ៉េខាងជើង បន្ទាប់ពី​​ប្រទេស​ផ្ដាច់ការ​មួយ​នេះ បាន​ធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ជា​លើក​ទី៦ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម