ក្តៅៗ! កូរ៉េខាងជើង ទទួលរងទណ្ឌកម្មថ្មី ចំនួន៦ធំៗ ពី UN

  • 2017-09-12 01:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន និង រុស្ស៊ី បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាឯកច្ឆន្ទ​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​ធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី៦ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ការ​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទទួល​បាន​លទ្ធផល ១៥-០ ដោយ​គាំទ្រ​លើ​សំណើ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ចំនួន ៦ ធំៗ​ដូចជា ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​កាត, ការ​នាំ​ចេញ​វាយនភណ្ឌ, បញ្ចប់​កិច្ចសន្យា​ការងារ​ក្រៅ​ប្រទេស, បង្ក្រាប​ការ​រត់​ពន្ធ, បញ្ឈប់​ការ​បណ្ដាក់​ទុន​ជាមួយ​ប្រទេស​ដទៃ​ទៀត និង​ការ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​រដ្ឋាភិបាល​កូរ៉េខាងជើង។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា «ថ្ងៃនេះ យើង​និយាយ​ថា ពិភពលោក​នឹង​មិន​ទទួល​យក​ប្រទេស​ដែល​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ ហើយ​ថ្ងៃ​នេះ ក្រុមប្រឹក្សាសន្តិសុខ បាន​និយាយ​ថា ប្រសិន​បើ​កូរ៉េខាងជើង មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន នោះ​យើង​នឹង​ចាត់​វិធានការ​ដើម្បី​បញ្ឈប់​វា​ដោយ​ខ្លួនឯង»។

ទណ្ឌកម្ម​ថ្មី​នេះ ត្រូវ​បាន​យល់ស្រប​នៅ​ក្នុង​កិច្ច​ប្រជុំ កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដក​សំណើ​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មួយ​ចំនួន ដែល​ខ្លួន​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន រាប់​បញ្ចូល​ទាំង ការ​បញ្ឈប់​ការ​នាំ​ចេញ និង​នាំចូល​ប្រេង​ទាំង​ស្រុង និង​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​មេដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន ផង​ដែរ។

គួរ​បញ្ជាក់​ថា វា​គឺ​ជា​ដំណោះស្រាយ​ទី ៩ ហើយ ដែល​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​អង្គការ​សហប្រជាជាតិ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក៕

ចុច​អាន៖

ប្រភព៖ BBC | CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី