កាន់តែច្បាស់! លំដាប់ពិន្ទុសិស្សបាក់ឌុប ដែលនៅតែមានអ្នកយល់ច្រឡំ
- 2017-09-14 04:52:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែច្បាស់! លំដាប់ពិន្ទុសិស្សបាក់ឌុប ដែលនៅតែមានអ្នកយល់ច្រឡំ
ចន្លោះមិនឃើញ
សម្រាប់លទ្ធផលមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ នេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ តែងមានអ្នកយល់ច្រឡំមួយចំនួន ដោយគិតថាហេតុអ្វីលំដាប់ពិន្ទុមិនដល់ ៥០ផង បែរជាជាប់ដែរ។ ដើម្បីកុំឲ្យមានការយល់ច្រឡំតទៅទៀត ប្រិយមិត្តទាំងអស់គ្នាអាចមើលរបៀបគណនា និងពន្យល់យ៉ាងច្បាស់ដូចខាងក្រោម។
អ្នកលេងបណ្ដាញសង្គម មានការងឿងឆ្ងល់ថា សិស្សនិទ្ទេស A មានលំដាប់ពិន្ទុពេញ 100.000 គ្មានខុសទេឬ ទើបពិន្ទុពេញ ខណៈមុខវិជ្ជាប្រវត្តិវិទ្យាបានត្រឹម B ប៉ុណ្ណោះ? ចំណែកអ្នកខ្លះឆ្ងល់ថា ហេតុអ្វីសិស្សដែលបានពិន្ទុមិនដល់ 50.000 ជាប់បាក់ឌុបឆ្នាំនេះដែរ បើមិនគ្រប់ពាក់កណ្ដាលនៃពិន្ទុសរុបផងនោះ?
តាមពិតទៅ លំដាប់ពិន្ទុមិនមែនជាមធ្យមភាគពិន្ទុនោះទេ។ លំដាប់ពិន្ទុគឺជាសន្ទស្សន៍ផ្នែកស្ថិតិ (Percentile Rank) ដែលរៀបបេក្ខជនទាំងអស់តាមលំដាប់សមត្ថភាពលើមាត្រដ្ឋានក្រិតពី១០០ ដល់ ០។
មានន័យថា សិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសនឹងទទួលបានលំដាប់ពិន្ទុ 100.000 ឯលេខ២ នឹងទទួលបានលំដាប់ពិន្ទុ 99.999 តាមលំដាប់លំដោយមកក្រោម។ អ្នកបានលំដាប់ពិន្ទុ 100.000 មិនមែនមានន័យថាធ្វើត្រូវទាំងអស់នោះទេ គ្រាន់តែទទួលបានពិន្ទុខ្ពស់ជាងគេប៉ុណ្ណោះ។
ដោយសារឆ្នាំនេះ អ្នកជាប់មានរហូតដល់ ៦៣,៨៤% ទើបលំដាប់ពិន្ទុជាប់មានកាន់តែតិច ព្រោះបេក្ខជនប្រឡងជាប់ច្រើន។ ប្រសិនបើភាគរយជាប់កាន់តែតិច នោះលំដាប់ពិន្ទុដែលត្រូវជាប់ក៏កើនឡើងទៅតាមនោះដែរ។ លំដាប់ពិន្ទុ 50.000 មានន័យថា សិស្សនោះមានសមត្ថភាពកណ្ដាលនៃបេក្ខជនប្រឡងទាំងអស់ មិនមែនមានន័យថាបានពិន្ទុត្រឹមពាក់កណ្ដាលនោះទេ។
លំដាប់ពិន្ទុត្រូវបានគណនាតាមរូបមន្តដូចខាងក្រោម ៖
PR = [(n – i +1) / n ] x 100 ក្នុងរូបមន្តខាងលើ៖ PR ជាលំដាប់ពិន្ទុ n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់ i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់។
និទ្ទេសជាប់មាន ៥កម្រិត គឺនិទ្ទេស A, B, C, D និង E ។ ការកំណត់និទ្ទេសមានដូចខាងក្រោម ៖
A : ល្អប្រសើរ = ពិន្ទុសរុប x ០,៩ B : ល្អណាស់ = ពិន្ទុសរុប x ០,៨ C : ល្អ = ពិន្ទុសរុប x ០,៧ D : ល្អបង្គួរ = ពិន្ទុសរុប x ០,៦ E : មធ្យម = ពិន្ទុសរុប x ០,៥
លំដាប់ពិន្ទុមានអត្ថប្រយោជន៍សំខាន់ពីរយ៉ាងគឺ បញ្ជាក់ពីលំដាប់សមត្ថភាពរបស់បេក្ខជនម្នាក់ៗ ធៀបនឹងបេក្ខជនដទៃទៀតដែលបានមកប្រឡង ហើយព័ត៌មាននេះ មានសារៈសំខាន់សម្រាប់ការជ្រើសរើសសិស្សឲ្យចូលរៀននៅឧត្ដមសិក្សា ទោះបីសិស្សនោះ បានប្រឡងជាប់នៅឆ្នាំសិក្សាផ្សេងៗគ្នាក៏ដោយ។
ចំពោះអ្នកបានជាប់តាមមុខវិជ្ជា តែបែរជាទទួលបានលំដាប់ពិន្ទុ 00.000 និងធ្លាក់ដោយស្វ័យប្រវត្តិ គឺអាចបណ្ដាលមកពីខុសលក្ខន្តិកៈកំណត់ដោយក្រសួង ហើយនៅឆ្នាំនេះ ក្រសួងអប់រំបានប្រកាសថាមានរហូតដល់២៨ករណី៕
ដើម្បីអានអត្ថបទទាំងអស់ ទាក់ទងបាក់ឌុបឆ្នាំ២០១៧៖ សូមចុចទីនេះ