ជីវិត​អ្នក​ធាក់​ស៊ីក្លូ ហាល​ភ្លៀង​ ហាល​ខ្យល់ តែ​ចំណូល​បាន​ត្រឹម​មួយ​រស់

  • 2017-09-15 09:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ីក្លូ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ។ តែ​ក្រោយមក​វត្ត​មាន​ស៊ីក្លូ​ចាប់​ផ្ដើម​បាត់បង់​បន្តិច​ម្ដងៗ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​អ្នក​រត់​ស៊ីក្លូ​មិន​ច្រើន​ប៉ុន្មាន​ឡើយ​ប្រកប​របរ​នេះ ហើយ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​កម្លាំង​ខ្សោយ។ ប្រើ​កម្លាំង​ជើង​ប្រឹង​ធាក់​ដឹក​ទាំង​មនុស្ស​ផង ឥវ៉ាន់​សំពីងសំពោង​ផង អ្នក​រត់​ស៊ីក្លូ​វ័យ​ចំណាស់​២​រូប​ ប្រាប់​ថា របរ​នេះ​បាន​ត្រឹម​តែ​មួយ​រស់​ ថ្ងៃ​ខ្លះ​សឹង​តែ​រក​ចំណូល​មិន​បាន​ផង តែ​នៅ​ខំ​តស៊ូ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត និង​គ្រួសារ។

​រៀបរាប់​​មក​កាន់ Sabay លោក ហេង ធា អាយុ៥២ ឆ្នាំ បាន​ប្រាប់​ថា ប្រកប​របរ​រត់​ស៊ីក្លូ​រយៈ​ពេល ៣០​ឆ្នាំ​​មក​ហើយ។ ចំណែក​ឯ​ចំណូល​បាន​មក​ពី​ការ​រត់​ស៊ីក្លូ​នេះ បាន​ត្រឹម​តែ​មួយ​រស់​​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​បាន​ត្រឹម​តែ ១ ០០០០ទៅ ១ ២០០០ រៀល ហើយ​ថ្ងៃ​ខ្លះ​សឹង​តែ​រក​មិន​បាន​ផង​ក៏​មាន​ដែរ។ក្នុង​នោះ​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​បាយ​ ១​ថ្ងៃ ៨ ០០០​ ទៅ ៩ ០០០​រៀលសល់​ពី​នោះ លោក​ត្រូវ​សន្សំ​ទុក​យក​ទៅ​ផ្ញើ​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត។

​ត្រាច់ចរ តាំង​ពី​​ស្រុក​ពញាឮ ខេត្ត​កណ្ដាល មក​ផ្សង​ព្រេង​រត់​ស៊ីក្លូ​នៅ​ភ្នំពេញ បុរស​វ័យ​កណ្ដាល​រូប​នេះ ប្រាប់​ថា ចេញ​ធាក់​តាំង​ព្រឹក​ព្រលឹម​ម៉ោង ៤​ទៀប​ភ្លឺ ហើយ​យប់​ឡើង​ត្រូវ​សម្រាក​នៅ​លើ​​ស៊ីក្លូ​តែ​ម្ដង ព្រោះ​មិន​មាន​លទ្ធភាព​ជួល​ផ្ទះ​ស្នាក់​នៅ​នោះ​ឡើយ។

រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​នេះ លោក ហេង​ ធា លើក​ឡើង​ថា បើ​និយាយ​អំពី​ផល​លំបាក​វិញ គឺ​ស្ទើរ​តែ​និយាយ​លែង​ចេញ​ទៅ​ហើយ តែ​បើ​គ្មាន​ជម្រើស​ផ្សេង​មាន​តែ​តស៊ូ​បន្ត​ទៅ​ទៀត​។ "ហឹមម...បើ​យាយ​ពី​រឿង​លំបាក​វិញ និយាយ​លេង​ចេញ​ហើយ​ក្មួយ​អើយ តែ​ធ្វើ​ម៉េច​បើ​យើង​ក្រ ចេះ​តែ​ទ្រាំ​ៗ​ទៅ" នេះ​ជា​សម្ដី​ពិត​របស់​រត់​ស៊ីក្លូ រៀបរាប់​ទាំង​អួល​ដើម​ក។

​​លោក ហេង ធា បន្ត​ទៀត​ថា ថ្ងៃ​ខ្លះ​សឹង​តែ​គ្មាន​អ្នក​ណា​ជិះ​ក៏​មាន ហើយ​នេះ​ក៏​ជា​មូលហេតុ​ អ្នក​រត់​ស៊ីក្លូ​ដទៃ​ទៀត​សម្រេច​ចិត្ត​ឈប់​តែ​ម្ដង ព្រោះ​ចិញ្ចឹម​ខ្លួន​មិន​ចង់​រស់​ផង ដោយសារ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​និយម​ជិះ​រ៉ឺម៉ក​កង់​ ឫ​ម៉ូតូ​ឌុប​ឯ​ណោះ​ទេ។

មក​ជួប​ជាមួយ​លោក​តា កង សែម វិញ​ប្រកប​មុខ​របរ​រត់​ស៊ីក្លូ​នេះ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក​ម្ល៉េះ ហើយ​ក្នុង​ថ្ងៃ​អាច​រក​ប្រាក់​ចំណូល​ច្រើន​បំផុត​ត្រឹម​តែ ២ ០០០០​ប៉ុណ្ណោះ។ លោក​តា ប្រាប់​ថា ផ្ញើ​ជីវិត​លើ​របរ​នេះ​ហើយ ព្រោះ​មិន​ដឹង​ពឹង​អ្នក​ណា បើ​កូន​សុទ្ធ​តែ​ក្រ​ដូច​គ្នា។ ដូច្នេះ​ហើយ​មាន​តែ​ខំ​រក​ខ្លួន​ឯង ល្អ​ជា​ជាង​លើក​ដៃ​សំពះ​សុំ​លុយ​គេ។

ក្រោក​ធាក់​ស៊ីក្លូ​តាំង​ពី​ម៉ោង​ជិត ៥​ភ្លឺ លោក​តា មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​តាកែវ​ រូប​នេះ​ប្រាប់​ថា មុខ​របរ​នេះ​ជួប​ផល​លំបាក​ច្រើន​ណាស់​ត្រូវ​ចំណាយ​កម្លាំង​ធាក់​បែក​ញើស​ជោក​ទាំង​កណ្ដាល​ថ្ងៃ ហើយ​យប់​ឡើង​មិន​មាន​កន្លែង​សម្រាក​ត្រឹម​ត្រូវ​នោះ​ទេ បាន​ត្រឹម​សម្រាន្ត​ក្នុង​ស៊ី​តាម​សំយាប​ផ្ទះ​គេ​ប៉ុណ្ណោះ៕​

ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ រាយការណ៍ដោយ៖ យ៉ន សូវៀត

អត្ថបទថ្មី