រវាង​ ​Resolution និង Pixel Density តើ​មាន​ទំនាក់ទំនង​អ្វី​ខ្លះ​លើ​អេក្រង់​ស្មាតហ្វូន?

  • 2017-09-16 04:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹង​អេក្រង់​នៃ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន បើ​កាល​ណា​ចង់​ប្រៀបធៀប​គ្នា អ្នក​ត្រូវ​ដឹង​ពី​កម្រិត Resolution និង Pixel Density។ តើ​ពាក្យ​ទាំង ២ នេះ​មាន​អត្ថន័យ​ដូចម្ដេច? ហើយ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​បែប​ណា​ខ្លះ?

  • អ្វី​ទៅ​ជា Resolution?

ជា​ដំបូង​យើង​ត្រូវ​ស្គាល់​ពាក្យ Pixel ជា​មុន​សិន ដោយ​នេះ​ជា​បណ្ដុំ​នៃ​បំណែក​ធាតុ​តូច​បំផុត ដែល​ត្រូវ​បង្កើត​ចេញ​ជា​រូបភាព​មួយ។​ មាន​រាង​ជា​ការ៉េ​តូចៗ ខណៈ​បើ​គ្រាប់​ភីកសែល​កាន់​តែ​ច្រើន នោះ​គុណភាព​បង្ហាញ​នៃ​រូបភាព​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់​និង​ងាយស្រួល​ពិនិត្យ​មើល។​​

Resolution ឬ​គុណភាព​បង្ហាញ​រូបភាព​អេក្រង់​ ជា​រង្វាស់​នៃ​គ្រាប់​ភីកសែល​ជា​ច្រើន រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​ ​និង​ពី​ផ្នែក​បាត​រហូត​ដល់​កំពូល​នៃ​អេក្រង់​ស្មាតហ្វូន។ ផ្នែក​ពី​ឆ្វេង​ទៅ​ស្ដាំ យើង​ហៅ​ថា​អ័ក្ស​អាប់ស៊ីស X និង​ពី​បាត​ទៅ​កំពូល ជា​អ័ក្ស​អរដោណេ Y។ ឧបមា​ថា​អេក្រង់​ស្មាតហ្វូន​មួយ រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ​មាន​កម្រិត​បង្ហាញ ៧២០ ភីកសែល និង​ពី​បាត​ទៅ​កំពូល ១ ០៨០ ភីកសែល។ បែប​នេះ​គេ​ត្រូវ​សរសេរ​ជា​ន័យ​ពេញ​ថា ៧២០ x ១០៨០ ភីកសែល។ (ជា​ទូទៅ​គេ​ត្រូវ​សរសេរ​តួលេខ​នៃ​អ័ក្ស​អាប់ស៊ីស​មុន​អ័ក្ស​អរដោណេ)។

  • អ្វី​ទៅ​ជា Pixel Density?

​​​​Pixel Density ឬ​ដង់ស៊ីតេ​ភីកសែល ជា​រង្វាស់​នៃ​ឯកតា​ម្យ៉ាង ដែល​គិត​ជា​ ​PP​i (Pixel Per Inch)។ កម្រិត PP​i កាន់​តែ​ខ្ពស់ គុណភាព​ពណ៌​និង​ភាព​ច្បាស់​នៃ​អេក្រង់ នឹង​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​កាន់​តែ​ច្បាស់​ត្រជាក់​ភ្នែក ប៉ុន្តែ​កម្រិត PP​i ក៏​មាន​ការ​កំណត់​ត្រឹម​ទំហំ​តួ​លេខ​ណា​មួយ ដែល​ភ្នែក​មនុស្ស​មិន​អាច​មើល​ឃើញ បើ​ខ្ពស់​ហួស​ពេក។ ឧទាហរណ៍: ស្មាតហ្វូន iPhone X មាន​ដង់ស៊ីតេ​ភីកសែល 458 PP​i។

  • ទំនាក់ទំនង​រវាង Resolution និង Pixel Density:

​បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​ពាក្យ​ទាំង ២ នេះ​គឺ​ចាំ​បាច់​បំផុត ព្រោះ​គេ​មិន​អាច​គណនា​ចេញ​កម្រិត PP​i នៃ​ដង់ស៊ីតេ​ភីកសែល ដោយ​មិន​ប្រើ​ទំហំ Resolution បាន​នោះ​ទេ ទៀត​សោត​គេ​ក៏​ត្រូវ​ការ​ Display Size ឬ​ទំហំ​អេក្រង់ ឧទាហរណ៍: ទូរសព្ទ​មាន​អេក្រង់ ៤,៧ អ៊ីញ។ ខាង​ក្រោម​បង្ហាញ​អ្នក​ពី​រូបមន្ត​និង​វិធី​គណនា​រក Pixel Density។

បញ្ជាក់​ថា​ចំពោះ​លក្ខខណ្ឌ​ខ្លះ ផ្អែក​លើ​ទំហំ​អេក្រង់​ គេ​មិន​បាន​បង្ហាញ​ច្បាស់​នោះ​ទេ ដោយ​ខ្លះ​គេ​បង្គត់​យក​ ម្ល៉ោះ​ហើយ​ចម្លើយ​នៃ​ PP​i អាច​បង្ហាញ​លេខ​រាង​ច្រៀក​គ្នា​បន្តិច។ សម្រាប់​រូបមន្ត​នេះ អ្នក​អាច​យក​ទៅ​ប្រើ​ការ​បាន​ទាំង​សម្រាប់​ទូរទស្សន៍, នាឡិកា​ឆ្លាតវៃ, ថេបប្លែត និង​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​ទៀត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Teknosrc   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទពេញនិយម