តួឯក Titanic កំពុងផុងខ្លួនជាមួយសំណុំរឿងអាស្រូវពុករលួយរបស់ម៉ាឡេស៊ី
- 2017-09-17 02:04:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯក Titanic កំពុងផុងខ្លួនជាមួយសំណុំរឿងអាស្រូវពុករលួយរបស់ម៉ាឡេស៊ី
ចន្លោះមិនឃើញ
ខ្សែភាពយន្ត Wolf of Wall Street ដើរតួដោយ Leonardo DiCaprio របស់ក្រុមហ៊ុនកុនអាមេរិក ដែលមានការបោះទុនរួមគ្នាជាមួយកូនចុងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានតុលាការអាមេរិករកឃើញថា លុយនោះជាលុយពុករលួយរបស់គម្រោងរដ្ឋាភិបាលម៉ាឡេស៊ី នាំឲ្យតុលាការឈានដល់ការរឹបអូសទ្រព្យសម្បត្តិនានា។ នេះបើតាម Channel News Asia ចុះផ្សាយម្សិលមិញ។
តុលាការនឹងរឹបអូសគំនូរ Picasso ដែលបានផ្តល់ឱ្យតារាហូលីវូដ Leonardo DiCaprio និងគ្រឿងអលង្ការ មានតម្លៃរាប់លានដុល្លារដែលផ្តល់ជូនទៅតារាម៉ូដែលអូស្ត្រាលី និងតារាសម្តែងស្រី Miranda Kerr និងទ្រព្យសម្បត្តិផ្សេងៗទៀត គិតជាទឹកប្រាក់ ១ ៧០០ លានដុល្លារ។ ជារួមឲ្យតែទ្រព្យសម្បត្តិ ដែលជាប់ពាក់ព័ន្ធនឹងលុយពុករលួយត្រូវរឹបអូសទាំងអស់។
ព្រះរាជអាជ្ញាអាមេរិក បានអះអាងថា ទុនដែលយកមកផលិតរឿងកុនរបស់ក្រុមហ៊ុន Red Granite Pictures កាលពីឆ្នាំ២០១៣ គឺជាហិរញ្ញប្បទាន ដែលកូនចុងនាយករដ្ឋមន្ត្រី Najib Razak បានលួចពីមូលនិធិអភិវឌ្ឍរបស់ម៉ាឡេស៊ី មានឈ្មោះ 1MDB (1Malaysia Development Berhad)។ 1MDB គឺជាគម្រោងវិនិយោគ របស់ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីដែលបានបង្កើតឡើងនៅដើមឆ្នាំ២០០៩ គ្រប់គ្រងដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន ដែលកាលណោះលោកនៅជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅឡើយ។
រឿងអាស្រូវពុករលួយបាត់ថវិកាជាតិរាប់ពាន់លានដុល្លារនេះ មិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ម៉ាឡេស៊ីខ្លួនឯងទេ ព្រោះលុយខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះត្រូវបានគេបញ្ជូនទៅក្រៅ តាមរយៈប្រព័ន្ធធនាគារអន្តរជាតិ ដើម្បីបង្កើតក្រុមហ៊ុនសំបក (shell company) នៅក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក ស្វីស និង សិង្ហបុរី ដែលធ្វើឲ្យប្រទេសទាំងនោះសុទ្ធតែត្រូវប៉ះពាល់។
ជុំវិញសំណុំរឿងពុករលួយដ៏ធំនេះ ក្នុងរយៈពេល២ឆ្នាំកន្លងមក តុលាការអាមេរិករកឃើញថា លុយខុសច្បាប់ជាង ៤ ៥០០ លានដុល្លារពីមូលនិធិវិនិយោគ 1MDB បានចរាចរលើទឹកដីអាមេរិក ក្នុងនោះក៏មានទុនសម្រាប់ផលិតរឿងហូលីវូដ Wolf of Wall Street ដើរតួដោយ Leonardo DiCaprio ផងដែរ៕