​អ្វី​គ្រប់គ្នា​​ត្រូវ​ដឹង ពី​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូន​បច្ចុប្បន្ន

  • 2017-09-18 00:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ឆ្នាំ ២០១៦ ការ​បំពាក់​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូន បាន​ប្រែ​ក្លាយ​ជា​ភាព​ពេញ​និយម​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់។ តើ​អ្នក​បាន​ស្គាល់​ច្បាស់​ពី​ប្រព័ន្ធ​កាមេរ៉ា​ពីរ​គ្រាប់​ដល់​កម្រិត​ណា ​ថ្ងៃ​នេះ Sabay សង្ខេប​រឿងរ៉ាវ​មួយ​ចំនួន​ចែក​រំលែក​ដល់​អ្នក​រាល់​គ្នា។

ជា​ទូទៅ​គ្រប់​ស្មាតហ្វូន​ទាំង​អស់ បើ​អ្នក​សម្លឹង​មើល​ផ្នែក​ខ្នង​ខាង​ក្រោយ នោះ​នឹង​សង្កេត​ឃើញ​គ្រាប់​ Len កាមេរ៉ា​តូចៗ​មួយ​ឬ​ពីរ​គ្រាប់ ខណៈ​ប្រភេទ​ភ្លោះ ខ្លះ​រចនា​ជា​រាង​បញ្ឈរ​និង​ផ្ដេក។ ម៉ូឌុល​កាមេរ៉ា​មាន​ទំហំ​តូច​មែនទែន ប៉ុន្តែ​នៅ​ខាង​ក្នុង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សមាសធាតុ Len ជា​ច្រើន ដែល​ខ្លះ​ជា Image Sensor និង​ខ្លះ​ទៀត​ជំនួយ​មុខងារ​ទប់​លំនឹង​រូបភាព OIS។

+តើ​វា​ជា​បច្ចេកវិទ្យា​ថ្មី​មែនទេ?

មនុស្ស​ច្រើន​ណាស់​គិត​ថា​កាមេរ៉ា​ភ្លោះ កើត​មក​ពី iPhone 7 Plus ដំបូង​បង្អស់ ផ្ទុយ​ទៅ​វិញ​មិន​ដូច្នោះ​ទេ ម៉ូដែល​មាន​កាមេរ៉ា​ភ្លោះ​មុន​គេ​បង្អស់​គឺ HTC Evo 3D នៅ​ឆ្នាំ ២០១១។ ប៉ុន្តែ​មិន​ពេញ​និយម​ រហូត​ចូល​ដល់​ឆ្នាំ ២០១៤ ក្រុមហ៊ុន​តៃវ៉ាន់​នេះ​ បាន​បន្ត​បំពាក់​លើ​ទូរសព្ទ​ One M8 ដែល​មាន​សមត្ថភាព​អាច​ថត​រូប​ព្រាល​ដាច់ Background ក្រោយ (Depth of Field) បាន។ លុះ​ត​រៀង​មក ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា SAMSUNG, LG និង Apple ក៏​បន្ត​អភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​នោះ លើ​ស្មាតហ្វូន​ទំនើប​ខ្លួន។

+តើ​កាមេរ៉ា​ភ្លោះ ផ្ដល់​អត្ថប្រយោជន៍​បែប​ណា​ខ្លះ?

អាស្រ័យ​លើ​ការ​ប្រើប្រាស់ កាមេរ៉ា​ពីរ​គ្រាប់​អាច​ជួយ​ឲ្យ​អ្នក​ផ្ដិត​យក​រូបភាព​កាន់​តែ​ច្បាស់​ម៉ត់​ល្អ និង​ថត​ក្នុង​ប្លង់​មុំ​ធំ​ទូលាយ​បាន​ល្អ (Ultra-Wide Angle)។ អ្វី​ដែល​ពិសេស​គឺ​ការ​ថត​រូប​ព្រាល វា​អាច​ធ្វើ​បាន​កាន់​តែ​វិសេសវិសាល បន្សំ​នឹង​មុខងារ Optical Zoom 1x ឬ 2x ដែល​យើង​ធ្លាប់​ឃើញ​មាន​លើ iPhone 7 Plus របស់ Apple និង Zenfone 3 Zoom របស់ Asus។

+ពិត​ទេ​ដែល​កាមេរ៉ា​ភ្លោះ សុទ្ធ​តែ​ថត​បាន​ល្អ​ជាង​ស្មាតហ្វូន​កាមេរ៉ា​មួយ​គ្រាប់?

មិន​ប្រាកដ​នោះ​ទេ ដោយ​វា​ផ្អែក​សំខាន់​លើ ទំហំ Sensor, ទំហំ Pixel និង Aperture បន្ថែម​នឹង​បច្ចេកវិទ្យា​ពិសេស​មួយ​ចំនួន​ផ្សេង​ទៀត។ ខណៈ​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​មួយ​គ្រាប់​មួយ​ចំនួន​ដូច​ជា Galaxy S7/S7 Edge, Google Pixel, OnePlus 3, LG G5 និង HTC 10 សុទ្ធ​សឹង​តែ​ធ្វើ​បាន​ប្រសើរ​ដូច​គ្នា ទាំង​ការ​ថត​រូប​នៅ​ទី​ងងឹត​និង​ទីតាំង​ធម្មតា។ ចំពោះ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ គិត​ត្រឹម​ខែ​ចុង​ខែ​មករា ឆ្នាំ ២០១៧ ដែល​ធ្វើ​បាន​ល្អ​បំផុត រួម​មាន iPhone 7 Plus និង Huawei P9។​

ប្រភព៖ economictimes.indiatimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម