ថ្មប្រាសាទ​ក៏មានជំងឺបៀតបៀនដូចមនុស្សដែរ

  • 2017-09-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ម​ប្រាសាទ​ក៏មាន​ជំងឺកាច​សាហាវ​បៀត​បៀន​ដូច​មនុស្ស​ដែរ ហើយ​ជំងឺ​របស់ថ្មមានច្រើន​ប្រភេទស្ទើរ​រាប់​មិន​អស់​ទៀត​ផង។ នេះ​បើតាមការលើកឡើង​របស់លោក​ ឡុង ណារី មន្ដ្រីជំនាញអភិរក្ស​ថ្ម​ប្រាសាទ​របស់​អាជ្ញាធរ​ជាតិអប្សរា។

លោក​ប្រៀប​ធៀប​ថា មនុស្ស​មាន​ជំងឺ​ធ្ងន់ៗដូច​ជា​មហារីក ជម្ងឺថ្លើម ឬ​រោគ​អេដស៍ ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន ឯ​ថ្ម​ប្រាសាទ​ក៏មាន​ជំងឺ​ធ្ងន់​ធ្ងរ​ដូច​គ្នា​ ដូច​ជា​ជម្ងឺ​កើត​ឡើង​ដោយ​សារជាតិ​អំបិល និង​ជាតិ​ដែក​ដែល​នឹង​ធ្វើ​​ឲ្យ​ផ្ទាំង​ថ្មឆាប់​រលេះ​ពុក​ផុយ​ជា​ដើម​។

(មន្ត្រី​ជំនាញ​កំពុង​ចាក់​សារធាតុ​ស៊ីលីកាត​ព្យាបាល​ថ្ម​ប្រសាទ)

លោក​បញ្ជាក់​ថា ដើម្បី​ការ​ពារ​កុំ​ឲ្យ​ថ្ម​ប្រា​សាទ​ពុក​ផុយ ថ្ម​ប្រាសា​ទទាំង​នោះ​​ក៏ត្រូវ​ការ​ការ​ព្យាបាល​ដែរ ដោយ​ថា​ការព្យា​បាល​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​​បំពោក​បន្សាប​ជាតិ​អំបិល​។

មន្ដ្រី​ជំនាញ​រូប​នេះ​បន្ថែម​ថា ក្នុង​ថ្ម​មាន​សារធាតុ​​ស៊ីលីកាត​ដែល​ភ្ជាប់​គ្រាប់​ល្អិតៗ​នៃថ្ម​ឲ្យ​មាន​ភាព​រឹង​មាំ។​ ប៉ុន្តែ​​លោក​ថា​សារធាតុ​នេះ​នឹង​ថម​ថយ​បន្តិច​ម្តងៗ​នៅ​ពេល​ដែល​ថ្ម​មាន​អាយុកាល​កាន់​តែ​ច្រើន​ និង​រង​នូវ​ការ​រុក​គួន​​ពី​ជាតិអំបិល និង​ជាតិដែក​ដែលបង្ករឡើង​ដោយទឹកភ្លៀង​​។ បើ​ពុំមាន​ថ្នាំ​ចូល​ទៅ​ពង្រឹង​ឡើងវិញទេ លោក​ថា​ថ្ម​ប្រាសាទ​នេះ​នឹង​ចាប់​ផ្តើម​ផុយ​របេះ​បណ្តើរៗ ហើយ​ធ្លាក់​បាក់​ដូច​ដែល​ធ្លាប់​កើត​មាន​​កន្លង​មក​។ ថ្នាំ​ដែល​បាញ់​បញ្ចូល​ទៅ​ព្យា​បាល​ថ្ម​នេះ​លោក​ថា​ផ្សំ​ឡើង​ពី​អាកុល​និង​សារធាតុ​ស៊ីលីកាត​ដូច​គ្នា​នឹង​សារធាតុ​​ដែល​មាន​ស្រាប់​ក្នុង​ស្រ​ទាប់​ថ្ម​។ ក្រោយ​ពេល​បាញ់​ថ្នាំ​បញ្ចូល​ទៅ​ក្នុង​ថ្មប្រាសាទ​ អាកុល​នឹង​រសាត់​អស់ ហើយ​នៅ​សល់​តែ​ស៊ីលីកាត​ដែល​ចូល​ទៅ​ចាប់​គ្រាប់​ល្អិតៗ​នៃ​ថ្ម និង​ធ្វើ​ឲ្យ​ថ្ម​រឹង​មាំ​ឡើង​វិញ​។

(មន្ត្រីជំនាញ​កំពុង​ពិនិត្យ​ស្ថានភាព​ថ្ម​ប្រសាទ​ដែល​ត្រូវព្យាបាល) ​

លោក​ថា ការ​ចាក់​ថ្នាំ​បញ្ចូល​ថ្ម​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់ និង​យក​ចិត្ត​ទុក​ដាក់ជា​ទី​បំផុត​។ បើ​ធ្វើ​ចំពោះ​ថ្ម​ប្រាសាទ​ធំៗ​ត្រូវ​ចំណាយ​ពេលយូរ​ ព្រោះ​ត្រូវ​ព្យួរ​សេរ៉ូម​ទុក​ចោល​រាប់ម៉ោង ដើម្បី​ឲ្យ​វា​ច្រោះ​សព្វ​ផែន​ថ្ម​ដែល​ត្រូវ​ព្យា​បាល។​ ទាក់​ទង​នឹង​គុណ​ភាព​វិញ​ លោក​បញ្ជាក់​ថា បើ​នៅ​ស្រុក​គេ​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ ដូច​ជា​ប្រទេស​អាល្លឺម៉ង់​ជា​ដើម ថ្នាំប្រភេទនេះ ចាក់ចូល​ថ្ម​​ម្តង​វាអាច​ជួយ​ពង្រឹង​ថ្ម​បានដ​ល់​ទៅ​៣០​ឆ្នាំ​ តែ​ចំពោះ​​ស្រុក​ខ្មែរ​វិញ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ផង ​ត្រជាក់​ផង​ផ្លាស់​ប្តូរគ្នា​​បែប​នេះ ​អាច​មិន​​ដល់​៣០ឆ្នាំ​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា​បើ​រូប​ចម្លាក់​ដែល​ស្ថិត​នៅ​ក្នុង​ទីម្លប់​ដូច​ជា​ក្នុង​សារៈមន្ទីរ​ជា​ដើម វា​អាច​មាន​ប្រសិទ្ធិ​ភាព​ច្រើន​ជាង​៣០​ឆ្នាំ​ទៅ​ទៀត​៕

អត្ថបទ​ដោយ៖ រស់ សុជាតិ