នេប៉ាល់​នឹង​វាស់​ភ្នំ​អេវើរ៉េស​ឡើង​វិញ ​ក្រោយ​សង្ស័យ​បាត់​កម្ពស់​អំឡុង​គ្រោះ​រញ្ជួយ​ដី​​ឆ្នាំ​ ២០១៥

  • 2017-09-18 12:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​នេប៉ាល់​និយាយ​កាល​ពី​ពេល​ថ្មីៗ​ថា​ នេប៉ាល់​នឹង​ចាប់​ផ្តើម​វាស់​ភ្នំ​ អេវើរ៉េស ​ឡើង​វិញ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​កម្ពស់​របស់​ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក​នេះ​ថា​តើ​វា​ត្រូវ​បាន​បាត់​កម្ពស់​ឬ​យ៉ាង​ណា​ក្រោយ​មាន​គ្រោះ​រញ្ជួយ​ដី​កើត​មាន​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ​ ២០១៥ ​កន្លង​ទៅ។

កម្ពស់​ផ្លូវ​ការ​របស់​ភ្នំ​ អេវើរ៉េស ​ដែល​ស្ថិត​ក្នុង​ជួរ​ភ្នំ​ហិមាល័យ​ព្រំដែន​ប្រទេស​ចិន​ និង​នេប៉ាល់​គឺ​ ៨ ៨៤៨ ម៉ែត្រ​ត្រូវ​បាន​កត់​ត្រា​ដំបូង​ដោយ​ក្រុម​ការងារ​ស្ទាប​ស្ទង់​របស់​ឥណ្ឌា​ក្នុង​ឆ្នាំ​ ១៩៤៥។ ដោយ​ឡែក​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​ទៀត​​ក៏​បាន​វាស់​កម្ពស់​របស់​វា​ថ្វី​បើ​កម្ពស់​កាល​ពី​ឆ្នាំ​ ១៩៤៥ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ក៏​ដោយ។

លោក​ Ganesh Prasad Bhatta ប្រធាន​នាយកដ្ឋាន​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​និយាយ​ថា​ ប្រទេស​នេប៉ាល់​មិន​ដែល​វាស់​ភ្នំ​ អេវើរ៉េស​ ឡើយ​ទោះ​បី​ជា​ភ្នំ​ខ្ពស់​របស់​ពិភពលោក​នេះ​មាន​ក្នុង​ទឹក​ដី​របស់​ខ្លួន​ក៏​ដោយ​ ។ ដូច្នេះ​ហើយ​ទើប​យើង​ចង់​បង្ហាញ​ដល់​ប្រជាជន​យើង​ថា​ នេប៉ាល់​ក៏​មាន​លទ្ធភាព​វាស់​ភ្នំ​ អេវើរ៉េស​ដែរ​។ លោក ​Bhatta ​បន្ត​ថា​ ក្រុម​អ្នក​ជំនាញ​នេប៉ាល់​ និង​បរទេស​បាន​ចាប់​ផ្ដើម​រក​វិធីសាស្ត្រ​ថ្មី​ចំពោះ​ការ​វាស់​ស្ទង់​។ ក្រុម​ការងារ​ Sherpas នឹង​បំពាក់​ឧបករណ៍​វាស់វែង​លើ​កំពូល​ភ្នំ​អេវើរ៉េស​នៅ​ខែ​មេសា​ឬ​ខែ​តុលា​អំឡុង​ពេល​អាកាសធាតុ​អំណោយ​ផល​លើ​ភ្នំ​អេវើរ៉េស​។

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​ ២០១៥ ​ប្រទេស​នេប៉ាល់​ជួប​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,៨ វ៉ិចទ័រ​ធ្វើ​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ទ្រង់​ទ្រាយ​ធំ​ពាស​ពេញ​ប្រទេស​ និង​បាន​សម្លាប់​មនុស្ស​ ១៨ ​នាក់​នៅ​ឯ​ជំរំ​មូលដ្ឋាន​របស់​ភ្នំ​ អេវើរ៉េស៕

ប្រភព៖ Phys   ប្រែ​សម្រួល៖ សិរីបុទ្រ