កូរ៉េខាងជើង ចោទប្រកាន់ សហរដ្ឋអាមេរិក ថាជាអ្នកប្រកាសសង្គ្រាម

  • 2017-09-26 00:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​ប្រទេស​កូរ៉េខាងជើង លោក Ri Yong-ho បាន​ចោទប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថា​បាន​ប្រកាស​សង្គ្រាម​មក​លើ​ប្រទេស​របស់​ខ្លួន និង​បាន​និយាយ​ថា ទីក្រុង​ព្យុងយ៉ាង​មាន​សិទ្ធិ​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​ទៀត​ផង។

លោក Ri Yong-ho

លោក Ri បាន​អះអាង​ទៀត​ថា កូរ៉េខាងជើង ក៏​អាច​អនុវត្ត (បាញ់​ទម្លាប់​យន្តហោះ​អាមេរិក) បាន​ដែរ បើ​ទោះ​បី​ជា​យន្តហោះ​ចម្បាំង​ទាំង​នោះ មិន​ស្ថិត​នៅ​លើ​ដែនអាកាស​របស់​កូរ៉េខាងជើង​ក៏​ដោយ។

ទោះ​បី​ជា​យ៉ាង​ណា សេតវិមាន បាន​ច្រានចោល​សេចក្ដី​ថ្លែងការណ៍​មួយ​នេះ​ថា មិនទំនងទាល់តែសោះ។ ជាមួយ​គ្នា​នេះ​ដែរ មន្ទីរ​បញ្ចកោណ បាន​ព្រមាន​ទីក្រុង​ព្យុងយ៉ាង ឲ្យ​បញ្ឈប់​ការ​បង្ក​ហេតុ​នានា​ផង​ដែរ។ អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​ម្នាក់ បាន​និយាយ​ថា ការ​ពិភាក្សា​ដ៏​ក្ដៅ​គគុក អាច​នាំ​ឲ្យ​មាន​ការ​យល់​ខុស​កាន់​តែ​ធ្ងន់ធ្ងរ។

គួរ​បញ្ជាក់​ថា ការ​អត្ថាធិប្បាយ​របស់​លោក Ri គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារ នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក ត្រាំ ដែល​និយាយ​ថា មេដឹកនាំ​កូរ៉េខាងជើង នឹង​មិន​ស្ថិត​នៅ​យូរ​ទៀត​ទេ ប្រសិន​បើ​ពួកគេ​បន្ត​វោហារសាស្ត្រ​របស់​ពួកគេ​ត​ទៅ​ទៀត។

សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក ត្រាំ
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

លោក Ri បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី​ទីក្រុង​ញីវយ៉ក ដែល​ជា​កន្លែង​លោក​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ថា «ពិភព​លោក​ទាំងមូល​គួរតែ​ចងចាំ​យ៉ាង​ច្បាស់​ថា គឺ​សហរដ្ឋអាមេរិក​ទេ ដែល​ជា​អ្នក​ប្រកាស​សង្គ្រាម​មុន​គេ​បង្អស់ មក​លើ​ប្រទេស​របស់​យើង (កូរ៉េខាងជើង)»។

គីម ជុងអ៊ុន

«ចាប់តាំង​ពី​សហរដ្ឋអាមេរិក បាន​ប្រកាស​សង្គ្រាម​មក​លើ​ប្រទេស​របស់​យើង​មក យើង​នឹង​មាន​សិទ្ធិ​ធ្វើ​គ្រប់​វិធានការ​ដើម្បី​ប្រឆាំង​តបត រាប់​បញ្ចូល​ទាំង សិទ្ធិ​បាញ់​ទម្លាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ទៀត​ផង បើ​ទោះ​បី​ជា​វា​មិន​ស្ថិត​នៅ​លើ​ដែន​អាកាស​នៃ​ប្រទេស​របស់​យើង​ក៏​ដោយ»។ លោក Ri បាន​បន្ថែម​យ៉ាង​ដូច្នេះ។

ឆ្លើយ​តប​សំដៅ​ទៅ​លើ​សារ​របស់​លោក ត្រាំ រដ្ឋមន្ត្រី​កូរ៉េខាងជើង​រូប​នេះ បាន​និយាយ​ថា ចំពោះ​សំណួរ​ដែល​ថា នរណា​នឹង​មិន​នៅ​បាន​យូរ​ទៀត​នោះ នឹង​ត្រូវ​បាន​ឆ្លើយតប​ដោយ​ប្រទេស​របស់​លោក​ជា​មិនខាន។

គីម ជុងអ៊ុន

គួរ​ឲ្យ​ដឹង​ថា សេចក្ដី​ថ្លែងការណ៍​របស់​លោក Li បាន​ធ្វើ​ឡើង រយៈពេល ២ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​យន្តហោះ​ចម្បាំង​អាមេរិក បាន​ហោះហើរ​នៅ​ជិត​ឆ្នេរ​សមុទ្រ​របស់​កូរ៉េខាងជើង ក្នុង​ការ​បង្ហាញ​កម្លាំង​យោធា​មួយ។

យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ លោក Col Robert Manning បាន​ឆ្លើយ​តប​ដោយ​និយាយ​ថា «ប្រសិន​បើ​កូរ៉េ​ខាងជើង មិន​បញ្ឈប់​សកម្មភាព​បង្កហេតុ​របស់​ពួក​គេ​ទេ នោះ​យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ផ្ដល់​ជម្រើស​ដល់​ប្រធានាធិបតី (ត្រាំ) ក្នុង​ការ​ដោះស្រាយ​ជាមួយ កូរ៉េខាងជើង»៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី