ដូណាល់ ត្រាំ ដាក់រហស្សនាមថ្មីឲ្យ គីម ជុងអ៊ុន

  • 2017-09-18 00:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ហៅ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា​ជា «បុរស​រ៉ុក្កែត» (Rocket Man) នៅ​ក្នុង​សារ​លើ​បណ្ដាញ​សង្គម Twitter ដែល​និយាយ​អំពី​ការ​សន្ទនា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន (Moon Jae-in)។

លោក ដូណាល់ ត្រាំ

មេដឹកនាំ​អាមេរិក​រូប​នេះ បាន​បង្ហោះ​សារ​និយាយ​ថា លោក​បាន​និយាយ​ជាមួយ លោក ម៊ូន ជេអ៊ីន អំពី​ស្ថានការណ៍​ជាមួយ​ប្រទេស​កុម្មុយនិស្ត​សម្ងាត់ កូរ៉េខាងជើង ដែល​បាន​ចាប់ផ្ដើម​បាញ់​មីស៊ីល​ជា​បន្តបន្ទាប់ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ហើយ​ថែមទាំង​បាន​ធ្វើ​ការ​សាកល្បង នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ខ្លួន​ទៀត​ផង។

ការ​បង្ហោះ​សារ​របស់​ប្រធានាធិបតី​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង នៅ​លើ​ឧបទ្វីប​កូរ៉េ ហើយ​បាន​ព្រមព្រៀង​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំងក្លា ទៅ​លើ​កូរ៉េខាងជើង បន្ទាប់​ពី​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​នា​ពេល​ថ្មីៗ​នេះ។

លោក ម៊ូន ជេអ៊ីន

«មេ​ដឹកនាំ​ទាំង ២ បាន​ព្រមព្រៀង​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ហើយ​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំងក្លា និង​ជាក់ស្ដែង ទៅ​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​ដឹង​ថា សកម្មភាព​បង្ក​ហេតុ នាំ​ឲ្យ​មាន​ការ​ចែក​ឲ្យ​នៅ​ដោយ​ឡែក​ចំពោះ​ផ្នែក​ការទូត និង​រង​សម្ពាធ​សេដ្ឋកិច្ច»។ នេះ​បើ​តាម​សម្ដី​អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ​របស់ លោក ម៊ូន។

លោក គីម ជុងអ៊ុន

ជាមួយ​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ឲ្យ​ដឹង​ថា លោក ម៊ូន និង លោក ត្រាំ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​មីស៊ីល​លើក​ចុង​ក្រោយ​បង្អស់​របស់​កូរ៉េខាងជើង និង​បាន​ឯកភាព​គ្នា​ថា ប្រទេស​ទាំង ២ នឹង​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​អនុវត្ត​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចុង​ក្រោយ​បំផុត។

គួរ​រំលឹក​ឲ្យ​ដឹង​ផង​ដែរ​ថា ដំណោះស្រាយ​កាល​ពី​លើក​មុន ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​គាំទ្រ​លើ​សំណើ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ចំនួន ៦ ធំៗ​ទៅ​លើ​កូរ៉េខាងជើង ដូចជា ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​កាត, ការ​នាំ​ចេញ​វាយនភណ្ឌ, បញ្ចប់​កិច្ចសន្យា​ការងារ​ក្រៅ​ប្រទេស, បង្ក្រាប​ការ​រត់​ពន្ធ, បញ្ឈប់​ការ​បណ្ដាក់​ទុន​ជាមួយ​ប្រទេស​ដទៃ​ទៀត និង​ការ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​រដ្ឋាភិបាល​កូរ៉េខាងជើង៕

ចុច​អាន៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម