ដឹង​អត់ ប្រទេស​ណា​ខ្លះ​កំពុង​រក​ស៊ី​ជាមួយ​កូរ៉េខាងជើង?

  • 2017-09-05 04:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កូរ៉េខាងជើង​អះអាង​ពី​ជោគជ័យ​ក្នុង​ការ​តេស្ដ​គ្រាប់​បែក​អ៊ីដ្រូហ្សែន​កាល​ពី​ថ្ងៃ​អាទិត្យ​ថ្មី​ៗ ​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​គំរាម​បញ្ឈប់​ពាណិជ្ជកម្ម​ទាំង​អស់​ជាមួយ​ប្រទេស​ណា​​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាង​ជើង។

រាប់ពី​ឆ្វេង​ទៅ​ស្ដាំ​​មេដឹក​នាំ​កូរ៉េខាងជើង ចិន ឥណ្ឌា និង​រុស្ស៊ី

ការ​ថ្លែង​របស់ ត្រាំ ​គឺ​ចង់​សំដៅ​ទៅ​លើ​ប្រទេស​ចិន​ដែល​កូរ៉េ​ខាងជើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រហូត​ដល់ ៩០%​ នៃ​ពាណិជ្ជកម្មបរទេស​។ ត្រាំ ធ្លាប់​អំពាវនាវ​ឲ្យ​ចិន​ធ្វើ​សកម្ម​ភាព​បន្ថែម ​ដើម្បី​កាត់​បន្ថយ​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ទោះ​យ៉ាង​ណា អ្នក​ជំនាញ​អះអាង​ថា ក្រុង​ប៉េកាំង​ មិន​មាន​ឆន្ទៈ​ចាត់​វិធាន​ការ​ក្ដៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ឡើយ។

ចិន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាមេរិក​ដែរ ​ទំហំ​ទឹក​ប្រាក់​នាំ​​ចេញ និង​នាំ​ចូល​រវាង​ប្រទេស​ទាំង​ពីរ​​មាន​ចំនួន​សរុប​ជិត ៦៥០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦។

ក្រៅ​ពី​ប្រទេស​ចិន​ នៅ​មាន​ប្រទេស​បួន​ប្រាំ​ទៀត​ធ្វើ​​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​ផង​ដែរ​ ដូច​ជា​ឥណ្ឌា ប៉ាគីស្ថាន​ រុស្ស៊ី ថៃ ហ្វីលីពីន។ នេះ​បើ​តាម​ទិន្នន័យ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសាឈូសេត​ផ្នែក​​ស៊ើប​អង្កេត​សេដ្ឋកិច្ច​ឆ្នាំ ២០១៥។

កូរ៉េខាងជើង​ បាន​​នាំ​ចេញ​ទៅ​ប្រទេស​ចិន​​មាន​ទំហំ​ទឹក​ប្រាក់ ២,៣​ពាន់​លាន​ដុល្លារ, ឥណ្ឌា ៩៧,៨​លាន​ដុល្លារ, ប៉ាគីស្ថាន ៤៣,១​លាន​ដុល្លារ, Burkina Faso ៣២,៨​លាន​ដុល្លារ និង ២៦​លាន​ដុល្លារ​ប្រទេស​នៅ​អាស៊ាន។

ចំណែក​នាំ​ចូល​វិញ​ ពី​ចិន ២,៩៥​ពាន់​លាន​ដុល្លារ, ឥណ្ឌា ១០៨​លាន​ដុល្លារ, រុស្ស៊ី ៧៨,២​លាន​ដុល្លារ, ថៃ ៧៣,៨​លាន​ដុល្លារ និង​ហ្វីលីពីន ៥៣,២​លាន​ដុល្លារ។ គិត​មក​ទល់​ពេល​នេះ ទំហំ​ទឹក​ប្រាក់​ខាង​លើ​អាច​មាន​ការ​ប្រែ​ប្រួល​ព្រោះ​​តែ​​ការ​រឹត​បន្តឹង​ដោយ​សារ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ៕

គីម ជុងអ៊ុន រូបភាព​ផ្ដល់សិទ្ធិដោយ Reuters

ចុចអាន៖

ប្រភព៖ Fortune   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី