មកដឹងរឿងរ៉ាវជីវិតដ៏អាថ៌កំបាំងរបស់ភរិយា គីម ជុងអ៊ុន មនុស្សភាគច្រើន មិនធ្លាប់ដឹង

  • 2017-09-28 02:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​តិចតួច​បំផុត ដែល​គេ​បាន​ដឹង​ពី​លោកស្រី Ri Sol-ju ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ភរិយា​របស់​មេ​ដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន កាល​ពី​ឆ្នាំ​២០១២។

បើ​យោង​តាម​របាយការណ៍​របស់​អ្នក​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ថា លោកស្រី Ri បច្ចុប្បន្ន​អាច​មាន​អាយុ ២៨ ឆ្នាំ និង កូន​ចំនួន ៣ នាក់​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កូរ៉េខាងជើង មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​នោះ​ទេ។

លោកស្រី Ri មិន​សូវ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ញឹកញាប់​នោះ​ទេ ប៉ុន្តែ​ជា​ធម្មតា​លោកស្រី​ត្រូវ​បាន​គេ​មើល​ឃើញ នៅ​ពេល​ដែល​លោក គីម ជុងអ៊ុន អបអរសាទរ​ការ​បាញ់​សាកល្បង​មីស៊ីល ហើយ​តែងតែ​ត្រូវ​គេ​ថតរូប​បាន ញញឹម​យ៉ាង​សុភាព និង ស្លៀក​សំលៀកបំពាក់​ស្រស់​ស្អាត​យ៉ាង​សមសួន​តែម្ដង។

ភរិយា​មេដឹកនាំ​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កើត​នៅ​ក្នុង​ក្រុម​គ្រួសារ​ធូរធារ ដោយ​ឪពុក​របស់​នាង​គឺ​ជា​សាស្ត្រាចារ្យ និង​ម្ដាយ​ជា​គ្រូពេទ្យ ប៉ុន្តែ​រឿងរ៉ាវ​ជីវិត​របស់​នាង​ផ្សេង​ទៀត ត្រូវ​បាន​គេ​ដឹង​តិចតួច​បំផុត ដូចជា មូលហេតុ​ដែល​នាង​ក្លាយ​ជា​ភរិយា​របស់​លោក គីម ជុងអ៊ុន ជាដើម។

ខាងក្រោម​នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​ដឹង​ពី លោកស្រី Ri Sol-ju

លោកស្រី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភរិយា​របស់ លោក គីម ជុងអ៊ុន ជា​លើក​ដំបូង កាល​ពី​ខែ​កក្កដា ឆ្នាំ២០១២ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង បាន​ប្រកាស​វា​ជា​ផ្លូវការ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​ស្ត្រី​អាថ៌កំបាំង​ម្នាក់​នេះ ត្រូវ​បាន​គេ​សម្គាល់​ឃើញ​នៅ​ជាមួយ លោក គីម ជុងអ៊ុន ក្នុង​ស៊េរី​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​សម្ដែង​ល្ខោន និង ការ​គោរព​នៅ​ថ្ងៃ​ខួប​ជីតា​របស់​លោក គីម ជុងអ៊ុន ផង​ដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង បាន​លើក​ឡើង​អំពី​លោកស្រី Ri ក្នុង​អំឡុង​ពេល​ចូលរួម​ការ​បើក​សម្ពោធ​សួន​កម្សាន្ត​មួយ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ថា «ខណៈ​ពេល​ដែល​បទចម្រៀង​ស្វាគមន៍ ត្រូវ​បាន​បន្លឺ​ឡើង លោក​សេនាប្រមុខ គីម ជុងអ៊ុន បាន​បង្ហាញ​វត្តមាន ជាមួយ​ភរិយា​របស់​លោក គឺ​លោក​ស្រី Ri Sol-ju»។

យ៉ាងណាក៏ដោយ គេ​មិន​បាន​ដឹង​ច្បាស់​ទេ​ថា នៅ​ពេល​ណា​ដែល​លោក គីម ជុងអ៊ុន និង​លោកស្រី Ri បាន​រៀប​មង្គលការ​ជាមួយ​គ្នា។ ប៉ុន្តែ​របាយការណ៍​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា មង្គលការ​របស់​ពួកគេ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៩ ហើយ​លោកស្រី Ri បាន​ផ្ដល់​កំណើត​កូន​ម្នាក់ នៅ​ឆ្នាំ​២០១០ ខណៈ​ខ្លះ​ទៀត​បាន​និយាយ​ថា គូស្នេហ៍​អាថ៌កំបាំង​មួយ​គូ​នេះ បាន​ជួប​គ្នា​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​បុរាណ​មួយ នៅ​ក្នុង​ឆ្នាំ​២០១០។

រឿងរ៉ាវ​ជីវិត​របស់​លោកស្រី Ri មុន​ពេល​រៀបការ​ជាមួយ​លោក គីម ជុងអ៊ុន មិន​ត្រូវ​បាន​គេ​ដឹង​ច្រើន​ឡើយ ប៉ុន្តែ​របាយការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ថា លោកស្រី​ធ្លាប់​បាន​រៀន​ច្រៀង​នៅ​ក្នុង​ប្រទេស​ចិន ហើយ​បាន​ទៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០០៥ ក្នុង​នាម​ជា​សមាជិក​ក្រុម​អ្នក​លើក​ទឹកចិត្ត​របស់​កូរ៉េខាងជើង។

លោកស្រី Ri ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​ចូលចិត្ត​ម៉ូដ​ពី​បរទេស ហើយ​ធ្លាប់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កាន់​កាបូប​ថ្លៃៗ​ដូច​ជា​ម៉ាក Dior និង Chanel ជាដើម។

កាល​ពី​ដើម​ឆ្នាំ​២០១៧ លោកស្រី Ri បាន​បាត់ខ្លួន​ពី​សាធារណៈ អស់​រយៈពេល​ជា​ច្រើន​ខែ ជំរុញ​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​សុខភាព​របស់​លោកស្រី។ នៅ​ក្នុង​ខែ​សីហា ក្រុម​អ្នក​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា លោកស្រី​បាន​ផ្ដល់​កំណើត​ដល់​កូន​ម្នាក់ (កូន​ទី​៣) ហើយ​មូលហេតុ​ដែល​បាត់ខ្លួន​ពី​សាធារណៈ គឺ​ដោយសារតែ​លោក​ស្រី​មាន​ផ្ទៃពោះ។

រហូត​មក​ទល់​ពេល​នេះ គេ​ជឿជាក់​ថា ពួកគេ​មាន​កូន​ចំនួន ៣ នាក់ ខណៈ​ព័ត៌មាន​លម្អិត​បំផុត​បាន​មក​ពី​អតីត​តារា​បាល់បោះ Dennis Rodman ដែល​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​លោក គីម ជុងអ៊ុន។

យ៉ាងណាមិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង បាន​សង្ស័យ​ថា លោកស្រី Ri អាច​ធ្លាប់​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ឲ្យ​មាន​កូន​ទី ៣ ដោយ​សង្ឃឹម​ថា​ជា​កូន​ប្រុស ដែល​អាច​ទទួល​មរតក​នៃ​របប​ផ្ដាច់ការ​របស់ លោក គីម ជុងអ៊ុន ហើយ​វា​ក៏​អាច​ឲ្យ​គេ​សន្មត​បាន​ថា កូន​មុន​ទាំង ២ របស់​ពួកគេ​គឺ​ជា​កូន​ស្រី៕

ចុច​អាន៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម