ក្រុមហ៊ុន​សន្តិសុខ​រក​ឃើញ​ថា​ផលិតផល​ Mac មួយចំនួនងាយរងគ្រោះពី​ការ​វាយ​ប្រហារ​

  • 2017-10-02 13:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ ​ក្រុមហ៊ុន​ Apple ​បាន​ព្យាយាម​ការពារ​កុំព្យូទ័រ​ត្រកូល​ Mac ​របស់​ខ្លួន​ពី​ការ​ Hack ពោល​គឺ​ព្យាយាម​ធ្វើ​ឱ្យ​ពិបាក​ Hack ​ចូល​បាន​ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​ជោគ​ជ័យ​ទាំង​ស្រុង​នៅ​ឡើយ​ទេ​ក្នុង​ការ​ផ្ដល់​ការ​ការពារ​ទៅ​ដល់​អតិថិជន។ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​សន្តិសុខ​ Duo Security ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។

ក្រុមហ៊ុន​ Duo ​បាន​ពិនិត្យ​មើល​ពី​អ្វី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ Firmware ​ក្នុង​កុំព្យូទ័រ​ Mac។ Firmware ​គឺ​ជា​ប្រភេទ​ software ត្រូវ​បាន​គេ​បង្កប់​ក្នុង​ hardware ​ដែល​វា​សាមញ្ញ​ជាង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដូចជា​ Microsoft Windows ​ឬ​ macOS ​ជា​ដើម​ ។ នៅ​ពេល​​កុំព្យូទ័រ​បើក​ឡើង​ជា​​លើក​ដំបូង​ (មុន​ពេល​ប្រព័ន្ធ​ប្រតិបត្តិការ​បាន​ចាប់​ផ្ដើម​​ទៀត​នោះ)​ Firmware ​​នឹង​ត្រួត​ពិនិត្យ​មើល​ឱ្យ​ជាក់​ថា​​គ្រឿង​បន្លាស់​​ដូចជា​ hard disk ​និង​ processor ​មាន​វត្តមាន ​ហើយ​បញ្ជា​​ពួកវា​​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ ។ ដំណើរ​ការ​នេះ​ធ្វើ​ឱ្យ​កូដ​មេរោគ​​ដែល​លាក់​ខ្លួន​ពិបាក​នឹង​រក​ឃើញ​ណាស់​។

កាល​ពី​ឆ្នាំ​ ២០១៥ ​ក្រុមហ៊ុន​ Apple ​បាន​​ចាប់​ផ្ដើម​ការ​អាប់ដេត​ Firmware ជាមួយ​នឹង​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ផលិត​ Mac ​ដើម្បី​ធានា​ថា​ Firmware នឹង​មិន​ហួស​សម័យ។ យ៉ាងណាមិញ​ Duo ​បាន​រក​ឃើញ​​ថា​​ក្នុង​ចំណោម​កុំព្យូទ័រ​ Mac ៧៣ ០០០ ​គ្រឿង​កំពុង ​មាន​ ៤,២% ដែល​​មិន​មាន​ប្រើ​ Firmware ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​នោះ​ទេ។ ​ក្នុង​នោះ​មាន​ដូច​ជា​ម៉ូដែល​​ iMac ​ទំហំ​ ២១,៥​ អ៊ីញ​ (ចុង​ឆ្នាំ​ ២០១៥) ​​មាន​ចំនួន​​ ៤៣% ​​ដែល​មាន​ Firmware ហួស​សម័យ។

ដូច្នេះ​ទើប​ផលិតផល​ Mac ជា​ច្រើន​ផ្សេងទៀត​អាច​ Hack ​ចូល​បាន​ដូចជា​ ការ​វាយ​ប្រហារ​ “Thunderstrike” ​ដែល​ជា​កន្លែង​ក្រុម​ Hacker ​អាច​គ្រប់​គ្រង​លើ​ Mac ​បន្ទាប់​ពី​ដោត​ខ្សែ​ Ethernet ទៅ​នឹង​រន្ធ​ thunderbolt​ របស់​ Mac ជា​ដើម​។

មុន​ការ​ស្រាវ​ជ្រាវ​ដ៏​រសើប​នេះ​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្រុមហ៊ុន​ Duo ​ក៏​បាន​ជូន​ដំណឹង​ឱ្យ​ Apple រួច​មក​ហើយ​ដែរ។ ចំណែក​ក្រុមហ៊ុន Apple​បាន​ឆ្លើយ​តប​ថា​​​កំពុង​រក​វិធី​សាស្ត្រ​ដោះស្រាយ៕

 

ប្រភព៖ Reuters   ប្រែសម្រួល៖ សិរីបុទ្រ