ផ្លូវដើរអណ្តែតទឹក រូបរាងដូចមេអំបៅ វែងបំផុតលើពិភពលោក បើកស្វាគមន៍ភ្ញៀវនៅចិន
- 2017-10-04 07:29:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវដើរអណ្តែតទឹក រូបរាងដូចមេអំបៅ វែងបំផុតលើពិភពលោក បើកស្វាគមន៍ភ្ញៀវនៅចិន
ចន្លោះមិនឃើញ
ផ្លូវដើរអណ្ដែតលើទឹកវែងបំផុតលើពិភពលោក ទើបតែបានបើកដំណើរការ នៅខេត្ត Guizhou ប្រទេសចិន។ វាលាតសន្ធឹងប្រវែង ៥១២៧,៣៧ម៉ែត្រ និងគ្របដណ្ដប់លើផ្ទៃទឹក ប្រហែល ៥៤ ០០០ម៉ែត្រការ៉េ ហើយបានជាប់កំណត់ត្រាពិភពលោក Guinness World Records ទៀតផង។
រូបថតពីលើអាកាសជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញ ផ្លូវដើររូបរាងដូចសត្វមេអំបៅ អណ្តែតលើទឹកទន្លេ Hongshui River មើលទៅពិតជាស្រស់ស្អាត និងប្លែកមែនទែន។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្លូវអណ្ដែតទឹកនោះ គ្រាន់តែជាផ្នែកមួយនៃឧទ្យាន Guizhou Hongshui River Scenic Park ដែលបានបើកកាលពីថ្ងៃទី០១ ខែតុលា ដើម្បីអបអរសាទរថ្ងៃបុណ្យជាតិ China's National Day ប៉ុណ្ណោះ។
ផ្លូវដើរនោះត្រូវបានគេប្រើប្លាស្ទិក ចំនួន ២២២ ៥០០ដុំ ខណៈយុថ្កាត្រូវបានគេដាក់ក្រោមទឹក ដើម្បីទប់រចនាសម្ព័ន្ធនោះ ឲ្យស្ថិតនៅមួយកន្លែង។ រាល់ប្លាស្ទិកចំនួន ៤ដុំ មានទំហំស្មើនឹង ១ម៉ែត្រការ៉េ ដែលអាចទ្រទម្ងន់អតិបរមា ៣៥០គីឡូក្រាម។ ជាមួយគ្នានេះដែរ សំណាញ់សុវត្ថិភាព ក៏ត្រូវបានរៀបចំនៅតាមផ្លូវដើរទាំងមូលផងដែរ។
គួរបញ្ជាក់ថា ភ្ញៀវទេសចរត្រូវចំណាយពេលយ៉ាងហោចណាស់កន្លះម៉ោង ដើម្បីអាចដើរជុំវិញផ្លូវអណ្ដែតទឹកនោះ។ ពួកគេក៏អាចរីករាយជាមួយនឹង ទិដ្ឋភាពទឹកទន្លេដ៏ស្រស់ស្អាត ដែលត្រូវបានរៀបចំដោយឧទ្យានទៀតផង។ ជាក់ស្ដែង ឧទ្យានខាងលើក៏ផ្ដល់នូវសំលៀកបំពាក់ហែលទឹក និងឧបករណ៍បណ្ដែតទឹក ដល់មនុស្សពេញវ័យ និងកុមារ ដែលចង់មុជទឹកទន្លេផងដែរ៕
ចុចអាន៖