Audi ​នឹង​ផលិត​រថយន្ត​ស្ព័រ​ដល់​ ១៦ ​ម៉ូដែល​​ទៀត​ត្រឹម​​ឆ្នាំ​ ២០២០​

  • 2017-10-05 12:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Audi Sport ​ក្រុមហ៊ុន​ស្ថិត​ក្រោម​ដំបូល​របស់​ Audi ​ផលិត​តែ​រថយន្ត​ស្ព័រ​នឹង​មមាញឹក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ​បន្ទាប់​ពី​ចេញ​ផែនការ​ផលិត​ម៉ូដែល​រថយន្ត​ស្ព័រ​ ១៦ ​ម៉ូដែល​ទៀត​នៅ​ឆ្នាំ​ ២០២០ ​ដើម្បី​ប្រជែង​ឱ្យ​ទាន់​ BMW M ​និង​ Mercedes-AMG ។

ប្រធាន​គ្រប់គ្រង​ទូទៅ​លោក​ Stephan Winkelmann ​របស់​ Audi Sport ​ដែល​ជោគជ័យ​ ខ្លាំង​ពេល​នៅ​ក្រុមហ៊ុន​ Lamborghini ​ជាង​១​ទសវត្សរ៍​កន្លង​មក​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​ផលិត​ម៉ូដែល​រថយន្ត​ស្ព័រ​នឹង​មាន​រហូត​ដល់​ ១៦ ​ម៉ូដែល​នៅ​ត្រឹម​ឆ្នាំ​ ២០២០ ។ រថយន្ត​ស្ព័រ​របស់​ Audi ​រួម​បញ្ជូល​ទាំង​ម៉ូឌែល​ RS ​និង​R8 ។ លោក​ Winkelmann ​បាន​ប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​ក្នុង​សេចក្ដី​ប្រកាស​តែង​តាំង​លោក​ Oliver Hoffmann ​ជា​ប្រធាន​ដឹកនាំ​ការអភិវឌ្ឍន៍​នៅ​ Audi Sport ​ជំនួស​តំណែង​លោក​ Stephen Reil ដែល​កំពុង​ត្រូវ​បាន​នឹង​តែងតាំង​មុខ​តំណែង​ផ្សេង​ទៀត​ក្នុង​ Audi ។

Stephan Winkelmann

លោក​ Hoffmann ​ធ្លាប់​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ Winkelmann ​ពេល​នៅ​ Lamborghini ​ជាមួយ​គ្នា​ក្នុង​ផ្នែក​ត្រួត​ពិនិត្យ​គុណភាព​ ព្រម​ទាំង​ការ​ផលិត​ម៉ាស៊ីន​ V-10 ​ដែល​ផ្ដល់​ថាមពល​ដល់​ R8 ​និង​កំពូល​រថយន្ត​ Huracan ។ លោក​ Hoffmann នឹង​ទទួល​ខុស​ត្រូវ​ផ្នែក​ផលិត​ផល​ថ្មី​ចេញ​ពី​ Audi Sport ​ព្រម​ទាំង​ជួយ​ពង្រីក​កេរ្តិ៍ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​ ។ Winkelmann មិន​បាន​បង្ហាញ​ពី​ផែនការ​នៃ​ការ​គ្រោង​ទុក​នោះ​ទេ​ប៉ុន្តែ​លោក​បាន​បង្ហើប​ពី​តម្រុយ​ថា​ នឹង​ផលិត​រថយន្ត​ប្រភេទ​ SUV បន្ថែម​ទៀត​ហើយ​រថយន្ត​អគ្គិសនី​នឹង​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​ ២០២០ ​ឬ​ឆ្នាំ​បន្ត​បន្ទាប់​ ។ ដោយ​ឡែក​លទ្ធភាព​មួយ​ចំនួន​សម្រាប់​ការ​វិវត្ត​ម៉ូឌែល​របស់​ Audi Sport ​រួម​មាន​ RS 1, RS Q5 ​និង​ RS Q8 ។ សូម​បញ្ជាក់​ថា​ ម៉ូដែល​រថយន្ត​ស្ព័រ​ចុងក្រោយ​របស់​ Audi Sport ​គឺ​ R8 V10 RWS ៕

ប្រភព៖ motorauthority.   ប្រែសម្រួល៖ សិរីបុទ្រ