មក​ស្គាល់​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ៗ​នៅ​អាមេរិក

  • 2017-10-07 06:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​សេវា​ទូរសព្ទ​បាន​រីក​រាល​ដាល​យ៉ាង​ធំ​ទូលាយ ដល់​ប្រជាពលរដ្ឋ​រស់​នៅ​សហរដ្ឋអាមេរិក ក្រោម​ការ​ផ្ដល់​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន។ ថ្ងៃ​នេះ Sabay ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា ស្គាល់​បណ្ដា​ក្រុមហ៊ុន​ធំ​ទាំង ៤​ ​ក្នុង​សហរដ្ឋអាមេរិក​រួម​មាន Verizon Wireless, AT&T Mobility, T-Mobile US និង Sprint Corporation។

១. Verizon:

គិត​ត្រឹម​ខែ​មេសា ឆ្នាំ ២០១៧ ក្រុមហ៊ុន Verizon Wireless បាន​ឈរ​នៅ​លំដាប់​កំពូល​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​អាមេរិក។ បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ​២០០០​ ​មក​ទល់​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​សរុប​ប្រមាណ​ ​១៤៦ លាន​នាក់

ក្រុមហ៊ុន​មាន​ការិយាល័យ​កណ្ដាល​នៅ​អាមេរិក​មួយ​នេះ បាន​គ្រប​ដណ្ដប់​ប្រព័ន្ធ 4G LTE ប្រមាណ​ ៩៨%​ ​នៃ​អ្នក​ប្រើ​សរុប។ ផ្ដល់​ឲ្យ​អតិថិជន​អាច​ប្រើប្រាស់​ទៅ​បាន ផ្អែក​លើ​ការ​គាំទ្រ​នៃ​ឧបករណ៍​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ខ្លួន។ កន្លង​ទៅ​នា​ឆ្នាំ ២០១៥ ក្រុមហ៊ុន​យក្ស​មួយ​នេះ ក៏​បាន​ប្រកាស​ពី​គម្រោង​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ជំនាន់​ទី​ប្រាំ 5G ក្នុង​ពេល​ខាង​មុខ​ផង​ដែរ។​

​​២. AT&T:

AT&T ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ៥ តុលា​ឆ្នាំ ១៩៨៣ បច្ចុប្បន្ន​ខ្លួន​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង Dellas រដ្ឋ Texas សហរដ្ឋអាមេរិក។ AT&T ​ពី​មុន​ធ្លាប់​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ BellSouth និង SBC Communications នា​ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០០៧ ប៉ុន្តែ​ក្រោយ​មក​ក៏​ប្ដូរ​មក​ដាក់​ឈ្មោះ AT&T Mobility វិញ​ ​និង​មាន​ ​CEO ថ្មី លោក Randall L. Stephenson កាន់​តំណែង​នា​ថ្ងៃ​ទី ៩ ឧសភា ឆ្នាំ ២០០៧។

ស្ថិត​ក្នុង​លំដាប់​ទី២​ ​មាន​អ្នក​ប្រើ​ប្រមាណ ១៣៤ លាន​នាក់ ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​ប្រកាស​ទិញ​ក្រុមហ៊ុន T-Mobile USA ក្នុង​តម្លៃ ៣៩ ពាន់​លាន​ដុល្លារ នា​ឆ្នាំ ២០១១ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ ក្រោយ​មាន​ការ​ជំទាស់​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ចល័ត​ដទៃ​ទៀត ព្រោះ​ខ្លាច​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ។​

​​​៣. T-Mobile:

ក្រុមហ៊ុន T-Mobile US ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ប្រទេស​អាល្លឺម៉ង់ Deutsche Telekom បច្ចុប្បន្ន​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង​ ​Bellevue រដ្ឋ Washington សហរដ្ឋអាមេរិក។ CEO លោក John Legere បាន​ឡើង​កាន់​តំណែង​ចាប់​តាំង​ពី​ថ្ងៃ​ទី ២២ កញ្ញា​ឆ្នាំ ២០១២។ គិត​ត្រឹម​ត្រី​មាស​ទី ១ ឆ្នាំ ២០១៧ ខ្លួន​មាន​អ្នក​ប្រើ​សរុប​ដល់​ទៅ ៧២.៦ លាន​នាក់​ក្នុង​ទឹកដី​អាមេរិក។

ជា​រៀងរាល់​ឆ្នាំ​ខ្លួន​អាច​រក​ចំណូល​ប្រហែល ៣៧ ពាន់​លាន​ដុល្លារ ហើយ​ដោយ​ចង់​មាន​ការ​ប្រកួតប្រជែង​ខ្ពស់ T-Mobile US បាន​ដាក់​ឲ្យ​ប្រើ​នូវ​ប្រព័ន្ធ 4G នា​ឆ្នាំ ២០០៣ និង​កំពុង​វិវត្ត​ទៅ​តំបន់​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​មក​ទល់​សព្វថ្ងៃ។

៤. Sprint Corporation:

​Sprint ​ ​មាន​ដើម​កំណើត​ដំបូង​ចេញ​ពី​ក្រុមហ៊ុន​ ​Telephone Company នា​ឆ្នាំ ១៨៩៩ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៣ ក្រុមហ៊ុន​នេះ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ប្រទេស​ជប៉ុន SoftBank Group។ បច្ចុប្បន្ន​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង Overland Park រដ្ឋ Kansas សហរដ្ឋអាមេរិក។ មាន CEO លោក Marcelo Claure អាច​ជួយ​រក​ចំណូល​កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ​បាន ៣២.១៨ ពាន់​លាន​ដុល្លារ។​

ក្រុមហ៊ុន​មាន​បុគ្គលិក​បម្រើ​ការ​ជាង ៣ ម៉ឺន​នាក់​មួយ​នេះ គិត​ត្រឹម​ត្រី​មាស​ទី ១ ឆ្នាំ ២០១៧ ខ្លួន​ទទួល​បាន​អតិថិជន​អ្នក​ប្រើប្រាស់​សរុប​ ៥៩.៧ លាន​នាក់ ជាប់​ជា​ក្រុមហ៊ុន​លំដាប់​ទី ៤ នៅ​អាមេរិក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Worldatlas   ប្រែសម្រួល ​៖ កៅ រក្សា​