មុន Google Pixel 2 ឈរ​តំណែង​លេខ​ ១ ត្រូវ​ឆ្លង​កាត់តេស្ត​​មិន​ធម្មតា​ទេ

  • 2017-10-09 01:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​អស្ចារ្យ​ខ្លាំង​បំផុត​ដែល Pixel 2 របស់ Google អាច​ដណ្ដើម​យក​តំណែង​លេខ ១ ខាង​ជើង​ខ្លាំង​កាមេរ៉ា​ពី Dx0Mark យក​ឈ្នះ​លើ iPhone 8 Plus និង Galaxy Note 8។ ទោះ​ស្ថិត​ក្នុង​កាមេរ៉ា​មួយ​គ្រាប់​ក្ដី Pixel 2 ឆ្នាំ ២០១៧ នេះ ទទួល​បាន​ពិន្ទុ​ដល់​ទៅ ៩៨ លោត​ផ្លោះ​ពី​ឆ្នាំ​មុន​នៃ Pixel ធម្មតា បាន​ត្រឹម ៩០ ពិន្ទុ​ប៉ុណ្ណោះ។

+លក្ខណៈ​សម្បត្តិ​កាមេរ៉ា Pixel 2

  • Sensor វិមាត្រ 1/2​.6-inch ទំហំ 12MP
  • Aperture ទំហំ f/1.8
  • បច្ចេកវិទ្យា Dual-Pixel Autofocus
  • មុខងារ​ទប់​លំនឹង OIS
  • បច្ចេកវិទ្យា HDR+
  • ប្រព័ន្ធ Portrait Mode ជំនាន់​ថ្មី។​

ការ​សាកល្បង​ពេញ​លេញ​ក្រុម​ការងារ DxOMark បាន​ថត​រូប​ចំនួន ១,៥០០ សន្លឹក​ប្រើ​រយៈ​ពេល​លើស​ពី ២ ម៉ោង ប៉ុន្តែ​ខាង​ក្រោម​ជា​ជំហាន​នៃ​ការ​សង្ខេប​យក​ចំណុច​សំខាន់ៗ​តែ​ប៉ុណ្ណោះ។

+កន្លែង​មាន​ពន្លឺ​ភ្លឺ

នៅ​ទីតាំង​មាន​ពន្លឺ​ភ្លឺ​ខ្លាំង Pixel 2 អាច​ផ្ដិត​យក​រូបភាព​បាន​យ៉ាង​ល្អ ទាំង​កម្រិត​ពណ៌​ដែល​បង្ហាញ​ចេញ​មក និង​ការ​គ្រប់គ្រង​គ្រាប់ Noise ម៉ូដែល​ថ្មី​នេះ ពិត​ជា​ធ្វើ​បាន​លើស​ស្មាតហ្វូន​ដទៃ។ លើស​ពី​នេះ​ទៀត សម្រាប់​ការ​ថត​ទេសភាព (Landscape) និង​ក្នុង​ទីក្រុង (Cityscape) សាក​សម​បំផុត​​សម្រាប់​អ្នក​ថត​រូប​លក្ខណៈ Outdoor។

គេ​បាន​យក​រូប​ដែល​ថត​ចេញ​ពី HTC U11 មក​ធៀប​ Pixel 2 ​វា​បង្ហាញ​ថា​ទាំង​គុណភាព​រូប​ក្នុង​ទីតាំង​ងងឹត​និង​ភ្លឺ ស្មាតហ្វូន​របស់ Google អាច​បង្ហាញ​ពណ៌​ភ្លឺ​ច្បាស់​ជាង។​

+កន្លែង​ខ្វះ​ពន្លឺ​និង​ការ​ប្រើ Flash

នៅ​លក្ខខណ្ឌ​មាន​ពន្លឺ​មិន​គ្រប់គ្រាន់ កាមេរ៉ា​ Pixel 2 បន្ត​ធ្វើ​បាន​ល្អ​ដដែល ដោយឡែក​ចំពោះ​ការ​ប្រើ Flash ពពួក​ស្មាតហ្វូន​មួយ​ចំនួន ធ្វើ​បាន​ល្អ​តែ​ក្នុង​ករណី​ប្រើ Flash ជំនួយ​សុទ្ធ ឬ​ខ្លះ​ត្រូវ​ការ​ជំនួយ​នៃ​​ពន្លឺ​ជុំវិញ​ខ្លួន​វា ប៉ុន្តែ Pixel 2 អាច​ធ្វើ​បាន​ប្រសើរ​ក្នុង​ករណី​ទាំង​ពីរ។ ត្រូវ​ចិត្ត​សម្រាប់​អ្នក​និយម​ថត​រូប Portrait ឬ​ថត​រូប​សន្លឹក​ធម្មតា​នៅ​ទីតាំង​ខ្សោយ​ពន្លឺ មាន​ដូច​ជា​ក្នុង​គេហដ្ឋាន​ជា​ដើម។

+ការ Zoom និង​ថត​បែប Blur

ខណៈ Pixel 2 ជា​ស្មាតហ្វូន​កាមេរ៉ា​មួយ​គ្រាប់ ម្ល៉ោះ​បើ​ចង់​ថត​បែប Zoom, Depth Effect, Portrait Mode និង Bokeh (ថត Blur) បាន លុះ​ត្រា​តែ​ពឹង​លើ​ប្រព័ន្ធ Software។ DxOMark បាន​តេស្ត​ពី​កម្រិត Zoom 2x ដល់ 8x ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​នេះ យើង​បង្ហាញ​ត្រឹម​កម្រិត 4x។ សង្កេត​ឃើញ Pixel 2 ធ្វើ​បាន​ល្អ បើ​ធៀប​នឹង​ស្មាតហ្វូន​ប្រើ​កាមេរ៉ា​មួយ​គ្រាប់​ដូច​គ្នា ប៉ុន្តែ​ធៀប​នឹង​ស៊េរី​ប្រើ​កាមេរ៉ា​ភ្លោះ អាច​ថា​នៅ​ចាញ់​គេ​បន្តិច។

​​​​​​​ចំណែក​ឯ​ការ​ថត​ Blur ឬ​ព្រាល​ Background ក្រោយ ដែល​យើង​និយម Portrait Mode ទូរសព្ទ Pixel 2 អាច​ធ្វើ​ទៅ​បាន​ដូច​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​អ៊ីចឹង​ដែរ។ Subject ដែល​យើង​ផ្ដោត​យក បង្ហាញ​ឲ្យ​ឃើញ​ភ្លឺ​ច្បាស់​មិន​ចាញ់ iPhone 8 Plus ប៉ុន្តែ​ផ្ទៃ Blur ខាង​ក្រោយ ហាក់​បី​នៅ​មាន​កម្រិត​ព្រោះ​មិន​អាច​បង្ហាញ​ពណ៌​បែប​ធម្មជាតិ​ដូច iPhone ស៊េរី​ឆ្នាំ ២០១៧ នេះ​បាន​ឡើយ។

+Video

ស្ថិត​ក្នុង​ពិន្ទុ ៩៦ នៃ​ការ​ធ្វើ​តេស្ត​ថត​វីដេអូ Pixel 2 ក៏​ក្លាយ​ជា​ស្មាតហ្វូន​ឈរ​លំដាប់​ខ្ពស់​ជាង​គេ ដោយ​ការ​ថត​វីដេអូ​ធ្វើ​បាន​យ៉ាង​ល្អ។ កម្រិត Exposure ផ្លាស់ប្ដូរ​ទៅ​តាម​ពន្លឺ​គ្រប់​លក្ខខណ្ឌ​បាន​យ៉ាង​រហ័ស ហើយ Autofocus ធ្វើ​បាន​លឿន រលូន បន្ថែម​នឹង​ការ​ទប់​លំនឹង​នៃ​ការ​ថត​កាន់​តែ​អស្ចារ្យ​ជាង​ស្មាតហ្វូន​ដទៃៗ។​

+ការ​ពន្យល់​ពី​ការ​ដាក់​ពិន្ទុ​នៃ​រូបភាព​ដែល​ថត

និយាយ​ពី​ការ​ថត​រូបភាព​សុទ្ធ Pixel 2 ទទួល​បាន​ពិន្ទុ​ដល់​ទៅ ៩៩ ឯ​ណោះ ផ្អែក​តាម​កត្តា​ប្រភេទ​រូបភាព​ជា​ច្រើន។ យើង​នឹង​បង្ហាញ​ប្រិយមិត្ត​ដូច​មាន​ខាង​ក្រោម៖

  • កម្រិត Exposure និង Contrast (៩៥ ពិន្ទុ) ​ក្នុង​រូប​មួយ​សន្លឹក រវាង​កាមេរ៉ា Pixel 2, iPhone 8 Plus និង Pixel បន្ត​បង្ហាញ​ថា​ Pixel 2 អាច​ធ្វើ​បាន​ល្អ​ជាង ព្រោះ​តាម​ការ​សម្គាល់​នៃ​ផ្ទៃ​ខាង​ក្រោយ​នៃ​ភ្លើង​ពណ៌​ដែល​បង្ហាញ មាន​តែ​ស្មាតហ្វូន Pixel 2 មួយ​គត់ ដែល​បង្ហាញ​មក​ឃើញ​ច្បាស់។

  • កម្រិត​ពណ៌ Color (៨៦ ពិន្ទុ)

បើ​យើង​សម្លឹង​មើល​ទៅ​កាន់​ថាស​នៃ​សេះ​ហោះ ស្មាតហ្វូន​ទាំង ៣ អាច​ផលិត​រូបភាព​បាន​ល្អ​ដូច​គ្នា ប៉ុន្តែ​ចំណុច​នេះ Pixel 2 ទទួល​បាន​ពិន្ទុ​តិច ព្រោះ​បើ​យើង​មើល​ឲ្យ​ដល់​វា​ពិត​ជា​ចាញ់ iPhone 8 Plus យ៉ាង​ប្រាកដ​ណាស់។​

  • Autofocus (៩៨ ពិន្ទុ)

Pixel 2 អាច Focus ទៅ​លើ Subject ណា​មួយ បាន​យ៉ាង​រហ័ស, ប្រាកដ និង​គ្រប់គ្រង​ស្ថានភាព​ទៅ​តាម​លក្ខខណ្ឌ​ពន្លឺ​បាន​ល្អ។ ក្នុង​ការ​សាកល្បង defocus និង refocus ទូរសព្ទ Pixel 2 សម្រាប់​ល្បឿន refocus ប្រើ​ពេល​ត្រឹម 16ms ប៉ុណ្ណោះ។

  • Detail/Texture (៧៣ ពិន្ទុ)

​​​ក្នុង​បន្ទប់​មាន​ពន្លឺ​ខ្សោយ​ត្រឹម 5 Lux គេ​បាន​សាកល្បង​យក​ iPhone 8 Plus, Note 8 និង Pixel 2 មក​ថត​បែប Full Image និង​ការ Crop ១០០ ភាគរយ។ អាច​វាយ​តម្លៃ​ថា Pixel 2 បន្ត​ធ្វើ​បាន​ល្អ​ជាង iPhone 8 Plus ដោយ​បង្ហាញ​រូប​មាន​ពណ៌​ច្បាស់​និង​ភ្លឺ​ជាង ចំណែក​ឯ​ការ Crop ក៏​ដូច​គ្នា ខណៈ​គូ​ប្រជែង​ខ្លួន​បង្ហាញ​រូប​រាង​ព្រាល​បែក​បន្តិច​និង​ងងឹត​បន្តិច។

  • Noise (៥៩ ពិន្ទុ)

​តេស្ត​មួយ​សន្លឹក​ដំបូង​នៃ​ការ​ថត​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់ បើ​មើល​ធម្មតា​អ្នក​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​ករណី​អ្នក​យក​រូប​នោះ​ទៅ Zoom មើល​ត្រង់​ទីតាំង​ផ្ទៃ​មេឃ អ្នក​នឹង​ឃើញ​គ្រាប់​ Noise លេច​ចេញ​មក។ ដោយឡែក​បើ​យើង​ប្រៀបធៀប​ការ​ថត​បែប Indoor និង Crop រូបភាព​ដដែល​នោះ អ្នក​ប្រាកដ​ជា​លាន់មាត់​ថា ហេតុ​អ្វី Pixel 2 ធ្វើ​បាន​ប្រសើរ​ជាង​គូ​ប្រជែង​ខ្លួន​ច្រើន​ម្ល៉េះ?

  • Artifacts (៦៤ ពិន្ទុ)

Artifacts ទាក់ទង​នឹង​ការ​ថត​រូប ​សំដៅ​ទៅ​លើ​អ្វី​មួយ​ដែល​ជំនួយ​មក​លើ​រូបភាព​តាម​រយៈ​ធម្មជាតិ​ឬ​ទ្រង់ទ្រាយ​មនុស្ស ខុស​ពី​រូបភាព​ដើម (Original)។ រូបភាព​ខាង​ក្រោម​បង្ហាញ​អ្នក​ពី​ពន្លឺ​ចែងចាំង​នៃ​ព្រះអាទិត្យ ជះ​មក​លើ​រូបភាព​ដើម។​

  • Flash (៨៨ ពិន្ទុ)

Pixel 2 អាច​ផលិត​រូបភាព ដែល​ប្រើ​ Flash បាន​ល្អ​គ្រប់​កាលៈទេសៈ។ ទាំង​កម្រិត​នៃ White Balance, Color និង Exposure វា​ធ្វើ​បាន​ល្អ​បំផុត។ ខាង​ក្រោម​ជា​ការ​ប្រៀបធៀប​នៃ​ទូរសព្ទ Pixel 2 និង Pixel ធម្មតា។​

  • Zoom (៣២ ពិន្ទុ)

Pixel 2 មិន​អាច​ធ្វើ​បាន​ល្អ ដូច​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​នោះ​ឡើយ ទាក់ទង​នឹង​មុខងារ Zoom។ ត្រង់​ចំណុច​នេះ បើ Zoom នៅ​លក្ខខណ្ឌ​ទាប អាច​មើល​ឃើញ​ច្បាស់​ល្អ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ពស់​ជ្រុល ប្រាកដ​ជា​ចាញ់ iPhone 8 Plus ម្ល៉ោះ​ទើប​ចំណុច​នេះ Pixel 2 ទទួល​បាន​ក្រោម ៥០ ពិន្ទុ​ទៅ​ទៀត។​

  • Bokeh (ប្រភេទ​រូប​ព្រាល Background) ៤៥ ពិន្ទុ

មិន​ជំនួយ​ពី​កាមេរ៉ា​ភ្លោះ Pixel 2 ពឹង​ផ្អែក​លើ​ប្រព័ន្ធ Software ដើម្បី​ផលិត​រូប Portrait ប៉ុន្តែ​ខ្លួន​វិវត្ត​ខ្លួន​ប្រសើរ​ជាង​ជំនាន់ Pixel ឆ្នាំ ២០១៦ តែ​បើ​ធៀប​នឹង iPhone 8 Plus អាច​ថា​មិន​ជា​ស៊ី​ដាច់​គ្នា​ទេ។​

​​+ការ​ដាក់​ពិន្ទុ​លើ​វីដេអូ

ដោយ​ផ្អែក​លើ​ការ​តេស្ត​មួយ​ចំនួន​តូច DxOMark បាន​ដាក់​ពិន្ទុ​លើ​ការ​ថត​វីដេអូ សម្រាប់ Pixel 2 បាន​ ៩៦ ខណៈ​ការ​ថត​រូបភាព​បាន​ដល់ ៩៩។ នៅ​លក្ខខណ្ឌ​ខ្វះ​ពន្លឺ​កម្រិត 100 Lux និង 5 Lux ហើយ​យក​វីដេអូ​នោះ​មក Crop មើល គេ​សង្កេត​ឃើញ iPhone 8 Plus ​ចាញ់ Pixel 2 ដូច​មេឃ​នឹង​ដី​ទៅ​ហើយ។​

ចុច​អាន​អត្ថបទ​បន្ទាប់

ប្រភព៖ dxomark   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី