ដើម​ «ដាង» ជា​អំបូរនឹងដូង តែ​មិន​សូវ​មាន​អ្នកស្គាល់

  • 2017-10-10 03:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​ទី​ជន​បទ​មួយ​ចំនួន​ពេល​គាត់​និយា​យពី​ «ដូង» គាត់​តែ​ភ្ជាប់​មក​ជាមួយ​ពាក្យ «ដាង​»​ មួយ​ទៀត ដែល​ចេញ​ជា​ពាក្យ​ថា «ដូង​ដាង»។ ទោះ​យ៉ាងនេះ​ក្តី​ពាក្យ​ថា​ «ដាង» នេះ​មិន​មែន​ជា​បរិវាស័ព្ទនៃពាក្យ «​ដូង» នោះទេ តែថាជា​ប្រ​ភេទ​រុក្ខជាតិ​ផ្លែ​មួយ​ជាមួយ​នឹង​អំបូរ​ដូង​ដែរ។

បើ​តាម​វនានុក្រម​ជូនណាត «ដាង»​ ជាឈើ​ដំណាំ​ស្រុក​មួយ​ប្រភេទ​ពួក​ដូង មាន​សណ្ឋាន​ដូច​ដូង​សុទ្ធ សាធ ខុស​គ្នា​តែ​ឥត​ផ្កា ស្រាប់​តែ​ចេញ​ជា​ផ្លែ​មក​តែម្ដង (ច្រើន​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង) ។

(ដើម​ ផ្លែ និង​ផ្កា របស់ ដាង)

លោកអ៊ុង វន រស់​នៅភូមិបឹង ឃុំបឹងនិមល  ស្រុកឈូក ខេត្តកំពត ដែលជាម្ចាស់ដើម​ «ដាង»​បាន​ប្រាប់​Sabay ថា​ក្នុង​ដី​ភូមិ​របស់​លោក​មាន​ដាំ​ដូង​ជា​ច្រើន​ដើម​​តែថា​មាន​ដាំ​ដើម​ដាង​តែ​មួយ​ដើម​ប៉ុណ្ណោះ​។ លោក​ឲ្យ​ដឹងថា ដើម​ដាង​នេះ​លោក​មិន​ដឹងថា​ត្រូវ​បាន​គេ​យក​មក​ដាំ​ពី​ពេល​ណា​ទេ​ ដោយ​ថា​ដី​ដែល​លោក​កំពុង​រស់នៅ​នេះ​ជាកេរមរតក​ពី​ម្តាយ​ក្មេក​របស់​លោក​។

​លោក​ឲ្យ​ដឹងថា​ដើម​ដាង​ និង​ដើម​ដូង​មាន​សណ្ឋាន​ប្រ​ហាក់​ប្រ​ហែល​គ្នា និង​ថា​បើ​មិន​ពិនិត្យ​ឲ្យ​ច្បាស់ទេ​ពិតជា​ច្រឡំ​គ្នា​មិន​ខាន។ លោក​រៀប​រាប់ថា​ ដើម​ដាង​ពេល​ចេញ​ផ្កា​មក​មាន​ក្តិប​តោង​ជាប់​នឹង​ផ្កា​តែ​ម្តង ដែល​ខុស​ពី​ដូង​មាន​ស្មែង​ដុះ​ចេញនិងមាន​ក្តិប​តោងជាប់​ជាមួយ។ មួយ​វិញ​ទៀត​លោក​ថា ផ្លែដាង​លក្ខណៈ​ស្តួច​ផ្នែក​ខាង​ក្រោម ជាង​ផ្លែ​ដូង​ដែល​ខ្លះ​មាន​លក្ខណៈ​ទាល​ក្រោម។​

(ដើម​ ផ្លែ និង​ផ្កា របស់​ដូង)

ក្រៅពី​ចំណុច​សម្គាល់​ទាំងនេះ​លោក អ៊ុង វន ថា​ទាំងដើម ស្លឹក ​រស់ជាតិ​ទឹក និង​សាច់គឺ​ដាង មិន​ខុសគ្នា​ពីដូង​នោះ​ទេ ហើយ​ថា​ផ្លែ​ដាងទុំ​អាច​យក​សាច់ធ្វើជា​ខ្ទេះ​សម្រាប់​ធ្វើ​នំ ឬ​បង្អែម​ដូច​គា្ន​នឹង​ដូង​ដែរ។

ទោះយ៉ាងណា លោកថា ដាង​នេះ​មិន​សូវ​មាន​អ្នកស្គាល់ទេ និងថា​គ្មាន​អ្នកទិញ​យក​ទៅ​លក់​ផង​ដែរ​ ដែល​ត្រង់​ចំណុចនេះ​ធ្វើ​ឲ្យ​លោក​មិន​មាន​បំណង​ដាំ​ដុះ​បន្ថែម​នោះទេ។ លោកថាយ៉ាង​ច្រើន​លោក​បណ្តុះពូជ​ដាំ​មួយ ឬពីរ​ដើម​បន្ថែមគ្រាន់​ទុកលម្អ​​តែ​ប៉ុណ្ណោះ៕

អត្ថបទដោយ៖​ គីមសាយ