ភាព​យន្ត​ហូលីវូដ​៥រឿង​ដែល​អ្នក​គួរ​តែ​ទស្សនា​ក្នុង​សប្ដាហ៍​នេះ!

  • 2017-10-10 04:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​នេះ​គឺ​ជា​បណ្ដា​ភាពយន្ត​ហូលីវូដ​ដែល​បាន​ដាក់​បញ្ចាំង​ឫ​ត្រៀម​ដាក់​បញ្ចាំង​ក្នុង​សប្ដាហ៍​នេះ​។ ភាពយន្ត​នីមួយ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​ នឹង​សុទ្ធ​សឹង​តែ​ជា​ស្នាដៃ​របស់​អ្នក​ដឹក​នាំ​រឿង​ល្បីៗ​ ជា​ពិសេស​គឺ​ចូល​រួម​សម្ដែង​ដោយ​កំពូល​តារា​ល្បីៗ​ជា​ច្រើន​រួប ព្រម​ទាំង​ដាក់​បញ្ចាំង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ៕

នេះ​ជា​រឿង​ហូលីវូដ​ទាំង​៦​ប្រចាំ​សប្ដាហ៍​នេះ៖

៦. Flatliners

"Flatliners" គឺ​ជា​ស្នា​ដៃ​ដឹក​នាំ​រឿង​ដោយ​លោក Niels Arden Oplev ដែល​ល្បី​ឈ្មោះ​បន្ទាប់​ពី​ផលិត​រឿង​ល្បីៗ​ដូច​ជា "The Girl with the Dragon Tattoo” ឆ្នាំ ២០០៩​ និង​រឿង "Dead Man Down” ឆ្នាំ ២០១៣​ ជា​ដើម​។ ភាព​យន្ត​នេះ​ចូល​រួម​សម្ដែង​ពី​តារា​ល្បីៗ​ដូច​ជា Ellen Page, Diego Luna, Nina Dobrev ជា​ដើម។ "Flatliners " និយាយ​អំពី​ក្រុម​និស្សិត​ពេទ្យ​ ៥​រូប​មាន​គំនិត​ចង់​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​ខ្លួន​ស្លាប់​ ដោយ​ប្រើ​បច្ចេកទេស​បញ្ឈប់​បេះ​ដូង​ឲ្យ​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី​ ដើម្បី​ឲ្យ​ដឹង​ពី​បទ​ពិសោធន៍​នៅ​ពេល​ជិត​ស្លាប់ ហើយ​ស្វែង​យល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ជីវិត​បន្ទាប់​ រួច​ប្រើ​វិធីសាស្ត្រ​ចលនា​បេះ​ដូង​ឲ្យ​រស់​រាន​មាន​ជីវិត​ឡើង​វិញ​។ ប៉ុន្តែ​ពួក​គេ​នឹង​ជួប​នូវរឿង​រ៉ាវ​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់។

៥. BUSHWICK

"BUCKWICK" ជា​ភាព​យន្ត​សម្ដែង​ដោយ​តារា​សម្ដែង​អតីត​កីឡាកាស​ Dave Bautista និង​តារា​សម្ដែង​Brittany Snow។ ភាព​យន្ត​នេះ​ដែរ​គឺ​ជា​ស្នា​ដៃ​របស់​អ្នក​ដឹក​នាំ​ពីរ​រូប Cary Murnion និង Jonathan Milott។ រឿង​នេះ​ជា​ប្រភេទ​រឿង​បាញ់​ប្រហារ​ផ្សង​ព្រេង​ ដែល​តម្រូវ​ឲ្យ​តួអង្គ​ Stupe (Bautista) និង Lucy (Snow) ត្រូវ​ព្យាយាម​ចាក​ចេញ​ពី​សហរដ្ឋអាមេរិក​ ខណៈ​ពេល​ដែល​ទីក្រុង​ New York បាន​ក្លាយ​ជា​សមរភូមិ​សង្គ្រាម​ស៊ីវិល។

៤. My Little Pony: The Movie

My Little Pony គឺ​ជា​រឿង​តុក្កតា​ភាគ​ដាក់​បញ្ចាំង​នៅ​តាម​ទូរទស្សន៍ តាំង​ពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​។ ប៉ុន្តែ​នៅ​ពេល​នេះ​ផលិតកម្ម​ Lionsgate បាន​សម្រេច​ចិត្ត​ថត​ជា​សាច់រឿង​ខ្នាត​ធំ​ ដែល​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​​ដូច​ជា​ Emily Blunt និង Kristin Chenoweth ជា​ដើម។ រឿង​នេះ​និយាយ​អំពី​ថាមពល​ងងឹត​មួយ​ដែល​នឹង​មាន​ឥទ្ធិពល​ទៅ​លើ Ponyville ដែល​តម្រូវ​ឲ្យ​ពួក​គេ​រក​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ​ពី​ថាមពល​អាក្រក់​នោះ។

៣. The Foreigner

"The Foreigner" ជា​ស្នា​ដៃ​ដឹក​នាំ​រឿង​របស់​លោក Martin Campbell ដែល​ធ្លាប់​ដឹក​នាំ​រឿង​ល្បីៗ​ "​Casino Royal” ឆ្នាំ ២០០៧​ និង “GoldenEye” ឆ្នាំ ១៩៩៥​ ផង​ដែរ។ ភាព​យន្ត​ចូល​រួម​សម្ដែង​ដោយ​កំពូល​តារា​ល្បី Jackie Chan ដើរ​តួ​ជា​ប្រជាជន​រស់​នៅ​ទីក្រុង​ London ចក្រភព​អង់គ្លេស។ ក្នុង​សាច់​រឿង​នេះ​លោក​បាន​បាត់​បង់​កូន​ស្រី​ដោយ​សារ​អំពើ​ភេរវកម្ម​មួយ​ ហើយ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ស្វែង​រក​អាថ៌កំបាំង​ជុំ​វិញ​ការ​វាយ​ប្រហារ​នោះ។ ភាព​យន្ត​នេះ​នឹង​ពោរ​ពេញ​ទៅ​ដោយ​ឈុត​ឆាក​វាយ​តប់​និង​បាញ់​ប្រហារ​ដែល​ជា​ទេពកោសល្យ​មួយ​ដ៏​ពិសេស​របស់​លោក Jackie Chan។

២. The Snowman

"The Snowman" គឺ​ជា​ភាព​យន្ត​ប្រភេទ​ឧក្រិដ្ឋកម្ម​និង​រន្ធត់ ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​ល្បី​ឈ្មោះ Michael Fassbender និង​ Rebecca Ferguson។ រឿង​នេះ​និយាយ​អំពី​ឃាតក​ឃោរឃៅ​ដែល​មាន​ងារ​ថា​ មនុស្ស​ទឹក​កក​ "The Snowman” ដែល​ចាប់​ផ្ដើម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅ​រដូវ​កាល​ធ្លាក់​ព្រិល។ ហើយ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ​ដែល​ឃាតក​នេះ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​សម្លាប់​មនុស្ស​ ដោយ​វា​ធ្លាប់​បាន​កើត​ឡើង​រួច​ទៅ​ហើយ​ កាល​ពី​ប៉ុន្មាន​ទសវត្ស​មុន។ ដូច្នេះ​ក្រុម​ប៉ូលិស​​ទាំង​នោះ​ព្រម​ទាំង​ តួ​ឯក​ប្រុស​ដែល​សម្ដែង​ជា​តួអង្គ​ភ្នាក់​ងារ​ស៊ើប​អង្កេត​ត្រូវ​តែ​ស្វែង​រក​ឃាត​ករ​ឲ្យ​ឃើញ​មុន​ពេល​ហេតុ​ការណ៍​អាក្រក់​ៗ​កើត​ឡើង​តទៅ​ទៀត។​ ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខែ​តុលា​។

១. Blade Runner 2049

"Blade Runner 2049" គឺ​ជា​ស្នាដៃ​របស់​អ្នក​ដឹក​នាំ​រឿង​ Denis Villeneuve ចូល​រួម​សម្ដែង​ដោយ​លោក Harrison Ford និង​លោក Ryan Gosling។ ភាព​យន្ត​នេះ​ជា​ភាព​យន្ត​វិទ្យាសាស្ត្រ​ស្រមើ​ស្រមៃ​ទៅ​កាន់​ពិភពលោក​នៅ​ឆ្នាំ ២០៤៩ ដែល​មនុស្ស​ជា​ច្រើន​បាន​ចាក​ចេញ​ពី​ផែន​ដី​ ហើយ​បន្សល់​ទុក​នូវ​មនុស្ស​យន្ត (Replicant) ជា​ច្រើន​លើ​ផែន​ដី​។ "Blade Runner 2049" គឺ​ជា​រឿង​ទី​ពីរ​បន្ទាប់​ពី​វគ្គ​ដំបូង "Blade Runner” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៨២។ ភាព​យន្ត​នេះ​ដែរ​ត្រូវ​បាន​អ្នក​វិភាគ​រឿង​ជា​ច្រើន​សរសើរ​ថា​ជា​ភាព​យន្ត​ដ៏​ល្អ​មួយ​ប្រចាំ​ឆ្នាំ ២០១៧ ដែល​បង្ហាញ​ពី​លក្ខណៈ​ពិសេស​នៃ​ការ​ថត​កុន​ ការ​ប្រើ​ប្រាស់​ភ្លើង​ពណ៌​ការ​រៀប​ចំ​ឈុត​ឆាក​សម្ដែង ជា​ពិសេស​គឺ​បទ​ភ្លេង​ក្នុង​សាច់​រឿង​ដែល​ធ្វើ​ឲ្យ​បណ្ដា​អ្នក​ស្នេហា​វិស័យ​ភាព​យន្ត​ទាំង​អស់​សរសើរ​មិន​ដាច់​ពី​មាត់។

អត្ថបទ៖ ធារ៉ូ