iPhone 7​ ​និង​ ​7 Plus​ ​ក្ដាប់​បាន​តំណែង​ស្មាតហ្វូន​លក់​ដាច់​បំផុត​ ​៦​ ​ខែ​ចុង​ក្រោយ​នេះ

  • 2017-10-10 12:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​លើ​របាយការណ៍​ថ្មីៗ​របស់​ក្រុមហ៊ុន​ ​HIS Markit​ ​បង្ហាញ​ថា​ ​គិត​ជា​រួម​សម្រាប់​ទីផ្សារ​ពិភពលោក​ ​iPhone 7​ ​និង​ ​iPhone 7 Plus​ ​គឺ​ជា​ស្មាតហ្វូន​ពេញ​និយម​ប្រើប្រាស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដើម​ឆ្នាំ​ ​២០១៧​ ​នេះ​។

ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​របស់​ក្រុមហ៊ុន​ ​Apple​ ​ដែល​ប្រកាស​កាល​ពី​ឆ្នាំ​មុន​ ​មាន​ប្រតិបត្តិការ​យ៉ាង​ល្អ​ក្នុង​រយៈពេល​៦​ខែ​ក្រោយ​នេះ​ ​រីឯ​ម៉ូដែល​ទូរសព្ទ​របស់​ ​Samsung​ ​ដូចជា​ ​Galaxy Grand Prime Plus ​ឈរ​នៅ​លេខ​ ​៣​ ​ខណៈ​ ​iPhone 6S​ ​និង​ ​Galaxy S8​ ​ស្ថិត​នៅ​លេខ​ ៤ ​និង​លេខ​ ៥ ។

ថ្វីបើ​ ​iPhone 7 ​និង​ 7 Plus ​បាន​ក្លាយ​កំពូល​ស្មាតហ្វូន​លក់ដាច់​ក្នុង​តារាង​ក៏​ពិត​មែន​តែ​ ​HIS Markit ​កត់​សម្គាល់​ថា​ ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​បើ​ប្រៀបធៀប​ជាមួយ​ iPhone 6S ​និង​ 6S Plus​ ​​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៦​ ។ ម៉ូដែល​ទូរសព្ទ​របស់​ក្រុមហ៊ុន​ Samsung ​និង​ Apple ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​លក់​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០១៧​នេះ​ ។ សម្រាប់​ក្រុមហ៊ុន​ Apple ​ទូរសព្ទ​ម៉ូដែល​អេក្រង់​ទំហំ​តូច​ ​៤,៧ ​អ៊ីញ​ (iPhone 7) ​បាន​ក្លាយ​ជា​ជម្រើស​ពេញ​និយម​សម្រាប់​ប្រើប្រាស់​ក្នុង​កំពូល​តារាង​សម្រាប់​រយៈពេល​ ​៦​ខែ​ ​៣​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំង​ពី​ ​២០១៥ ​មក​ ​ប៉ុន្តែ​ចំណែក​ទីផ្សារ​វិញ​បាន​ធ្លាក់​ចុះ​ជា​បណ្ដើរ​ៗ​ពី​ ១០% ​ក្នុង​ឆ្នាំ​ ២០១៥​មក​ ៧% ​ឆ្នាំ​ ២០១៦ ​និង​ធ្លាក់​ដល់​ ៥% ​ក្នុង​ឆ្នាំ​ ២០១៧​នេះ​ ។

លោក​ ​Jusy Hong ​នាយក​រង​ផ្នែក​ទូរសព្ទ​ប្រចាំ​ HIS Markit ​និយាយ​ថា​ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​ Samsung វិញ​ម៉ូដែល​ទូរសព្ទ​ចុងក្រោយ​គឺ​ ​Galaxy S8​ ​មាន​ការ​នាំ​ចេញ​តិចតួច​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​ ២០១៧​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ម៉ូដែល​ Galaxy S7។ មូលហេតុ​ចម្បង​គឺ​មក​ពី​ ការ​បញ្ចេញ​យឺតយ៉ាវ​របស់​ Galaxy S8 ​និង​ S8 Plus ​នៅ​ខែ​មេសា​ខណៈ​ Galaxy S7 ចេញ​ខែ​មិនា​ ហើយ​ការ​នាំ​ចេញ​របស់​វា​បាន​ធ្លាក់​ដល់​លេខ​ ​៦​ ​ខណៈ​ Galaxy S7 Edge ​ឈរ​នៅ​លេខ​ ​៤​​​ កាល​ពី​ឆ្នាំ​ ២០១៦ ។ កំពូល​ស្មាតហ្វូន​ដែល​លក់​ដាច់​ជាង​គេ​បំផុត​ទាំង​១០​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ក្នុង​ឆ្នាំ២០១៧​ ​មាន​ ៥ ​ម៉ូដែល​ជា​របស់​ក្រុមហ៊ុន​ Samsung ​៤ ​ម៉ូដែល​របស់​ Apple ​និង​១​ម៉ូដែល​របស់​ក្រុមហ៊ុន​ចិន​ Oppo ។

លោក​ ​Hong ​បន្ត​ថា​ យោង​តាម​ប្រភព​របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា​ ​តួលេខ​នៃ​ម៉ូដែល​ស្មាតហ្វូន​មាន​ចំនួន​ច្រើន​ជាង​ ១​ លាន​គ្រឿង​បាន​នាំ​ចេញ​ក្នុង​ ​១​ខែ​​ ​ពោល​គឺ​កើន​ឡើង​ពី​ ១៧​​ ​ម៉ូដែល​ ក្នុង​ឆ្នាំ​ ២០១៦ ​ទៅ ​២២​ ​​ម៉ូដែល​ ក្នុង​ឆ្នាំ​ ២០១៧ ។

ម៉ូដែល​ស្មាតហ្វូន​របស់​ចិន​ប្រតិបត្តិការ​ល្អ​ប្រសើរ​ដែល​ក្នុង​នោះ​មាន​ ៨ ​ម៉ូដែល​ក្នុង​ចំណោម​កំពូល​ម៉ូដែល​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​ទាំង​ ២២ ​ដោយ​នាំ​ចេញ​ជាង​ ៦ លាន​គ្រឿង​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​ ២០១៧​ ។ ម៉ូដែល​ស្មាតហ្វូន​ទាំង​ ២២ ​មាន​ ៤ ​ម៉ូដែល​របស់​ Apple ​ខណៈ​ Samsung ​មាន​ ១០ ​ម៉ូដែល​ Oppo ​៥​ ម៉ូដែល​ Xiaomi ​២ ​ម៉ូដែល​និង​ ១ ​ម៉ូដែល​របស់​ Huawei ៕

ប្រភព៖ indiatoday   ប្រែសម្រួល៖ សិរីបុទ្រ