គីម ជុងអ៊ុន ដំឡើងតំណែង​ឲ្យអតីតមិត្តស្រី បន្ទាប់ពី​លេចឮ​ដំណឹងថា នាងត្រូវ​​ប្រហារជីវិត

  • 2017-10-11 00:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​មិត្ត​ស្រី​របស់​មេ​ដឹក​នាំ​កូរ៉េខាងជើង​​ គីម ជុង​អ៊ុន អ្នក​នាង Hyon Song-wol ដែល​ជា​អ្នក​ចម្រៀង​ត្រូវ​បាន​ប្រកាស​ដំឡើង​តំណែង​នៅ​ក្នុង​បក្ស​កំពុង​កាន់​អំណាច​របស់​គីម​ ជុងអ៊ុន​ បន្ទាប់​​ពី​មាន​សេចក្ដី​រាយការណ៍​ថា នាង​ត្រូវ​បាន​កាត់​ទោស​ប្រហារ​​កាល​ប៉ុន្មាន​ឆ្នាំ​មុន។

អ្នក​នាង Hyon Song-wol ​ត្រូវ​គេ​ធ្លាប់​ដឹង​ថា​ បាន​ជាប់​ទោស​ប្រហារ​ជីវិត​​តាម​រយៈ​​ការ​ប្រើ​កាំ​​ភ្លើង​បាញ់​​​​នៅ​ខែ​សីហា ឆ្នាំ ២០១៣ ដោយ​រង​បទ​ចោទ​ថា ​បាន​ថត​វីដេអូ​​​អាសអាភាស។

ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​​ត្រូវ​បាន​រ​សាត់​អណ្ដែត ក្រោយ​ពេល​នាង​បង្ហាញ​មុខ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ។​ ក្នុង​អំឡុង​ពេល​សម្ដែង​ចម្រៀង​មួយ នាង​បាន​លើក​សរសើរ​គីម ជុងអ៊ុន ចំពោះ​ស្នាដៃ​ដ៏​ល្អ​ក្នុង​សិល្បៈ។​

Hyong ​បាន​ចូល​រួម​ជាមួយ​ក្រុម​តន្ត្រី​នារី​ឈ្មោះ Moranhong Band ​ដោយ​ច្រៀង​ជា​ច្រើន​បទ​​ដើម្បី​ឃោសនា​ឲ្យ​បក្ស​កាន់​អំណាច​ដូច​ជា​បទ ជំហាន​​ជើង​ទាហាន និង​ខ្ញុំ​ស្រលាញ់​ក្រុង​ព្យុងយ៉ាង។

តាម​ប្រភព​មួយ​អះអាង​ថា អ្នក​នាង និង គីម ជុងអ៊ុន បាន​​ទាក់ទង​គ្នា​ដំបូង​តាំង​ពី ១៣​ឆ្នាំ​មុន ​ប៉ុន្តែ​ឪពុក​របស់​​គីម ជុងអ៊ុន គឺ​លោក​គីម ជុង​អ៊ីល ​បាន​បង្ខំ​​ឲ្យ​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង ហើយ​ច្រើន​ឆ្នាំ​​កន្លង​ទៅ​នាង​បាន​ទៅ​រៀប​ការ​នឹង​បុរស​ផ្សេង។

ឥឡូវ​ទំនាក់​ទំនង​របស់​នាង និង គីម ជុង​អ៊ុន ​បាន​កើន​ឡើង​មួយ​កម្រិត​ទៀត ​បន្ទាប់​ពី​ គីម ជុងអ៊ុន ​បើក​ដៃ​ឲ្យ​នាង​ចូល​​បម្រើ​ការ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​របស់​បក្ស។ ការ​រុះ​រើ​តំណែង​នេះ ​ប្រកាស​ឡើង​ក្នុង​ពិធី​​គម្រប់​ខួប​របស់​គណបក្ស​កាន់​ពលករ​កូរ៉េខាងជើង (WPK)​ ដែល​កំពុង​កាន់​អំណាច​នៅ​ថ្ងៃ​ទី ១០​តុលា​ម្សិលមិញ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ឡេង ភារុណ