មិន​មែន​ SAMSUNG និង Apple ទេ​ដែល​ប្រើ​ឈ្មោះ X ដំបូង​គេ​បង្អស់

  • 2017-10-11 01:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​ចម្រូងចម្រាស​គ្នា​ជុំវិញ​ការ​ប្រើ​​ឈ្មោះ​ X លើ​​ទូរសព្ទ​​។ បន្ទាប់​ពី Apple បញ្ចេញ​​ទូរសព្ទ​ត្រកូលថ្មី iPhone X ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​រំជើបរំជួល​ មិនយូរ​ប៉ុន្មាន​​ក៏​លេច​ឮ​ព័ត៌មាន​ Samsung កំពុង​រៀបជើងព្រូល​បញ្ចេញ​អាវុធ​​ថ្មី​ដែលប្រើឈ្មោះ X នោះ​ដែរ​។

មាន​មតិ​មួយ​ចំនួន​បាន​សួរ​ថា តើ​ស្មាតហ្វូន​ម៉ូដែល​ណា ប្រើ​ឈ្មោះ X មុន​គេ​បង្អស់? ​បើ​តាម​ការ​ស្រាវជ្រាវ​​ឈ្មោះ X ធ្លាប់ប្រើលើទូរសព្ទ​ស៊េរី​មុនៗ​តាំង​ពី​ជំនាន់​ទូរសព្ទ Nokia ដែល​ចេញ​ក្នុង​ឆ្នាំ ២០១៤ និង​​ទូរសព្ទ​មួយ​ចំនួន​​​ទៀត​តែ​ក្រុមហ៊ុន​​មិន​ទាន់​ប្រកាស​ចេញ​ជា​​ផ្លូវការ​។ (បញ្ជាក់: រាប់​បញ្ចូល​តែ​ម៉ូដែល​មាន​ឈ្មោះ​មួយ​ម៉ាត់​និង​​ពី​ក្រោយ​បញ្ចប់​ដោយ​អក្សរ X)។

១.Nokia X

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៤ នា​ព្រឹត្តិការណ៍ MWC Nokia បាន​បញ្ចេញ​​ស្មាតហ្វូន ៣ ម៉ូដែល មាន Nokia X, Nokia X+ និង Nokia XL។

អំឡុង​ពេល​ដែល Nokia X បង្ហាញ​ខ្លួន ក្រុមហ៊ុន​ដើម​កំណើត​ប្រទេស​ហ្វាំងឡង់​មួយ​នេះ នៅ​ស្ថិត​ក្រោម​ទ្រនំ​របស់ Microsoft នៅ​ឡើយ។ ស្មាតហ្វូន​មាន​ឈ្មោះ X ដំបូង​ក្នុង​លោក​របស់ Nokia បាន​បំពាក់​នូវ​អេក្រង់​ទំហំ ៤ អ៊ីញ មាន​ប្រើប្រាស់​ស៊ីម ២ ចំណែក​ឯ​ល្បឿន​ដំណើរការ 1GHz ប្រើ​ឈីប Snapdragon S4 និង​មាន RAM 512MB ខណៈ​អង្គ​ផ្ទុក 32GB។ តម្លៃ​របស់​វា​កាល​ចេញ​លក់​ដំបូង​នៅ​ក្រៅ​ស្រុក​ប្រមាណ ៩១ ដុល្លារ

២.Sony Xperia X

ស្មាតហ្វូន​បន្ទាប់​ដែល​ប្រើ​ឈ្មោះ X តែ​មួយ​តួ​អក្សរ គឺ​ក្រុមហ៊ុន​ SONY។ Xperia X បាន​ដាក់​បង្ហាញ​ ​ខែ​កុម្ភៈ ឆ្នាំ ២០១៦។ បច្ចុប្បន្ន​នៅ​ទីផ្សារ​ក្នុង​ស្រុក ម៉ូដែល Xperia X មាន​លក់​ក្នុង​តម្លៃ​ប្រហែល ២៦៩ ដុល្លារ។ មាន​បំពាក់​នូវ​អេក្រង់ ៥ អ៊ីញ ប្រភេទ IPS LCD រត់​លើ​ប្រព័ន្ធ Android 6.0.1 ប្រើ​ឈីប Snapdragon 660 និង​មាន​ជម្រើស RAM 3GB/4GB ខណៈ​កាមេរ៉ា​ក្រោយ​ថត​ទំហំ 23MP និង​ខាង​មុខ 13MP។

៣.iPhone X

​​​ទើប​តែ​លេចចេញ​វត្តមាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៧ កន្លង​ទៅ។ ក្រៅ​ពី​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ឈ្មោះ ទាំង​រូបរាង​និង​តម្លៃ ក៏​មិន​ណយ​ប៉ុន្មាន​ដែរ។ ស្ថិត​ក្នុង​តម្លៃ ៩៩៩ ដុល្លារ (ទីផ្សារ​អាមេរិក) iPhone X មាន​បំពាក់​អេក្រង់ ៥.៨ អ៊ីញ ប្រភេទ Super AMOLED និង​មាន​ផ្ទៃ​អេក្រង់​ពេញ​សមាមាត្រ ៨២.៩ ភាគរយ។ ប្រើ​ទម្រង់​កាមេរ៉ា​ភ្លោះ​រាង​បញ្ឈរ​ទំហំ 12+12MP អាច​ថត​វីដេអូ​កម្រិត 4K នៅ​លក្ខខណ្ឌ 60fps និង​មាន​កាមេរ៉ា​មុខ 7MP អាច​ថត​រូប Portrait ដូច​កាមេរ៉ា​ក្រោយ​អ៊ីចឹង​ដែរ។​

៤.Galaxy X

Galaxy X ដែល​គេ​ដឹង​ទុក​មុន​ថា​ជា​ស្មាតហ្វូន​អាច​បត់​បាន ប៉ុន្តែ​ជុំវិញ​ឈ្មោះ​ផ្លូវការ SAMSUNG ក៏​មិន​ទាន់​បង្ហើប​នៅ​ឡើយ។ កន្លង​ទៅ​លោក Koh Dong-jin អគ្គនាយក​ផ្នែក​ទូរសព្ទ​ចល័ត​របស់ SAMSUNG ធ្លាប់​ប្រាប់​សារព័ត៌មាន Bloomberg ថា "ក្រុមហ៊ុន​ខ្លួន​​កំពុង​ផលិត​ស្មាតហ្វូន​អាច​បត់​បាន​ពិត​មែន ហើយ​ការ​បង្ហាញ​ខ្លួន​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ ២០១៨"។​

អាន​អត្ថបទ​បន្ទាប់

​​

អត្ថបទ៖ កៅ រក្សា