៤​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ប្រវត្តិសាស្ត្រ​ នឹង​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​កម្ពុជា​ខាងមុខនេះ

  • 2017-10-12 07:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​៤​សំខាន់​ៗ ប្រទេស​កម្ពុជា​ដែល​នឹង​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ នា​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ​២០១៧​​ខាង​មុខ​នេះ។ ព្រឹត្តិការណ៍​ធំៗ​ទាំង ៤​នេះ​ ពិត​ជា​សំខាន់​បំផុត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ដឹង និង​កត់​ចំណាំ​ទុក។

១. ​ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​ សម្ដេច​ព្រះ​នរោត្ដម សីហនុ

នៅ​ថ្ងៃ​ទី ១៥​តុលា ខាង​មុខ​នេះ​ព្រះបរម​រាជវាំង និង​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស នឹង​រៀបចំ​ពិធី គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ​​ព្រះ​បាទ​សម្ដេច​ ព្រះ​នរោត្ដម សីហនុ​ ដែល​ទ្រង់​បាន​យាង​ចូល​ទិវង្គត​ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង​ ០១៖២០នាទី​យប់​ នៅ​ទីក្រុង​ ប៉េកាំង​ ប្រទេស​ចិន​។

ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ ជា​ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ ទ្រង់​បាន​លះបង់​ព្រះ​កាយ​ពល​ ធ្វើ​បូជនីយកិច្ច​ ទាមទារ​ឯករាជ្យពី​អាណា​ព្យាបាល​បារាំង​ បាន​ដោយ​ពេញ​លេញ​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។ ព្រះ​អង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស​យ៉ាង​រីក​ចម្រើន​បំផុត​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម និង​បន្សល់​ទុក​នូវ​ស្នាម​ព្រះហស្ត​ជា​ច្រើន​រាប់​មិន​អស់​រហូត​មក​ដល់​បច្ចុប្បន្ន។

​​​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ ប្រសូត​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​ ព្រះ​រាជាណាចក្រ​កម្ពុជា។

២. ការ​ធ្វើ​ឆ្លងកាត់​ស្ពាន​លីយ៉ុងផាត់​ព្រែក​ព្នៅលែង​តម្រូវ​ឱ្យ​បង់​ប្រាក់

​ កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា ចាប់ពី​ម៉ោង ០០:០០​នាទី ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​តទៅ ប្រ​ជា​ពល​រដ្ឋ​ដែលធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពានលីយ៉ុង​ផាត់​ព្រែក​ព្នៅ​នឹង​លែង​តម្រូវ​ឲ្យ​បង់​ប្រាក់​ទៀត​ហើយ ដោយ​ថា​រដ្ឋាភិបាល​នឹង​ទិញ​យក​ស្ពាន​នេះ មក​គ្រប់​គ្រង​វិញ។ ការ​ទិញ​យក​មក​គ្រប់គ្រង​វិញ​នេះ គឺ​ដើម្បី​ដោះស្រាយ​នូវ​ការ​លំបាក និង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន ពិសេស​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ។

៣.  ការ​ចូល​ទស្សនា​កម្សាន្ត​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​លែង​យក​លុយ​

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ទៀត​ថា ក្រុមហ៊ុន សុខា អូតែល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ» និង​រមណីយដ្ឋាន​បូកគោ​ ដែល​នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​វេលា​ម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៧ តទៅ។

ការ​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ទាំង​អស់​បាន​ឡើង​ទៅ​ទស្សនា​កម្សាន្ត​នៅ​លើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​។ ជា​ពិសេស​បាន​ទស្សនា​ទេសភាព​ដ៏​ស្រស់​ត្រកាល​ និង​សែន​មនោរម្យ ស្វែង​យល់​អំពី​ប្រភេទ​សត្វ រុក្ខជាតិ​ដ៏​មាន​តម្លៃ ដែល​មាន​នៅ​ក្នុង​តំបន់​ឧទ្យានជាតិ​នេះ។

៤. កីឡាករ-កីឡា​ការិនី​ជំនាញ​ ប្រមាណ​៥ពាន់​នាក់​ ប្រើប្រាស់​រថយន្ត​ក្រុង​របស់​រាជធានី​ភ្នំពេញ​ ដោយ​ឥត​គិត​ថ្លៃ​

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ទៀត​ថា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៧នេះ កីឡាករ-កីឡា​ការិនី​ជំនាញ​ ប្រមាណ​៥ពាន់​នាក់​ ប្រើប្រាស់​រថយន្ត​ក្រុង​របស់​រាជធានី​ភ្នំពេញ​ ដោយ​ឥត​គិត​ថ្លៃ​។ ការ​មិន​យក​លុយ​កីឡាករ​-កីឡា​ការិនី​ជំនាញ​នេះ​ គឺ​ដូច​គ្នា​ទៅ​នឹង​កម្មករ​-កម្មការិនី​ដូច្នោះ​ដែរ​៕

អត្ថបទ៖ វឌ្ឍនៈ