មួយ​​ Bitcoin ឡើង​ដល់​ ២៣ លាន​រៀល​ហើយ

  • 2017-10-13 03:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តម្លៃ Bitcoin ​រូបិយប័ណ្ណ​អេឡិចត្រូនិក​បាន​បន្ត​ឡើង​ថ្លៃ​ទៀត​ហើយ​ ដោយ​​នៅ​ពេល​វេលា​នេះ​​មួយ​ Bitcoin មាន​តម្លៃ​ស្មើ​នឹង​ ៥ ៧០៤ ដុល្លារ​ ឬ​ស្មើ​​នឹង​ ២៣ លាន​រៀល

កន្លង​មក​តម្លៃ​ដែល​ខ្ពស់​ជាង​គេ​របស់​ Bitcoin គឺ​កើត​មាន​នៅ​ថ្ងៃ​ទី​ ២ ខែ​កញ្ញា​ដោយ​ពេល​នោះ​ មួយ​ Bitcoin ស្មើ​នឹង​ ៥ ១០៣ ដុល្លារ ។ ប៉ុន្តែ​​បន្ត​បន្ទាប់​មក​តម្លៃ​ Bitcoin ក៏​បាន​ធ្លាក់​ចុះ​បន្តិច​ម្ដងៗ​ដោយ​សារ​កើត​មាន​បញ្ហា​ជា​ច្រើន ​​រួម​មាន​ការប្រកាស​បញ្ឈប់​នូវ​រាល់​ប្រតិបត្តិការ​ចរាចរណ៍​ទិញ​លក់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​​​របស់​និយតករ​ទូរគមនាគមន៍​របស់​ចិន​ជា​ដើម។

ការ​កើន​ឡើង​តម្លៃ​របស់​ Bitcoin យ៉ាង​គំហុក​នេះ​ក៏​បណ្ដាល​មក​ពី​ការ​​ប្រមូល​ទិញ​ Bitcoin​ ពី​អ្នក​វិនិយោគ​នៅ​​ទ្វីប​អាស៊ី​​ជា​ច្រើន។ ជាក់​ស្ដែង​កាល​ពី​ម្សិលមិញ​ទំហំ​ជួញ​ដូរ​សរុប​នៅ​ក្នុង​ប្រទេស​ជប៉ុន​ មាន ៦០% ជា​ការ​ជួញ​ដូរ​​ Bitcoin។

Michael Novogratz អ្នក​តាម​ដាន​​ទីផ្សារ​រូបិយប័ណ្ណ​ឌីជីថល​បាន​លើក​ឡើង​ថា​ចំណាប់​អារម្មណ៍​លើ​ Bitcoin ពី​សំណាក់​អ្នក​វិនិយោគ​​នឹង​ធ្វើ​ឲ្យ​តម្លៃ​ Bitcoin ឡើង​លើស​ ១០ ០០០ ដុល្លារ​ ក្នុង​រយៈ​ពេល​ ៦ ទៅ ១០ ខែ​ទៀត៕​​​​​

ប្រភព៖ Zing | CNBC   ប្រែ​សម្រួល៖ សុខហេង