ស្រាយ​មន្ទិល​រឿង​ ឈូឈូ ជា​កូន​ស្រី​ សឿន ផាន​ផាភួង

  • 2017-10-15 06:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​​​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លេចឮ​ថា​កុមារី អាង សុជាតា ហៅ ឈូឈូ ជា​កូន​ស្រី​​បង្កើត​​របស់​តារា​សម្ដែង​ សឿន ផានផាភួង។ ដំណឹង​ខាង​លើ​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ទាំង​ពីរ​ច្រាន​ចោល​​ថា​មិន​មែន​ជា​រឿង​ពិត​។

កុមារី ឈូឈូ បាន​ប្រាប់​ Sabay ថា​ ថ្វី​ត្បិត​​នាង​​រស់​នៅ​​ និង​ធំ​ធាត់​ក្រោម​ការ​ចិញ្ចឹម​បី​បាច់​មើល​ថែ​យ៉ាង​ល្អ​​ពី​​កញ្ញា សឿន ផានផាភួង ​តាំង​ពី​នៅ​តូច​ពិតមែន​តែ​ ផានផាភួង មិន​មែន​ជា​ម្ដាយ​បង្កើត​របស់​​ខ្លួន​ទេ​ គឺ​​​ជា​ម្ដាយ​មីង​​។ ចំណែក​ឯ​ម្ដាយ​​ឪពុក​បង្កើត​រស់​នៅ​​សហរដ្ឋអាមេរិក​ យូរ​ៗ​ទើប​មក​លេង​ស្រុក​ខ្មែរ​ម្ដង​។​

តួ​ឯក​ស្រី​​នៅ​តូច​ក្នុង​រឿង​ "បំភ្លេច​មិន​បាន​" បន្ថែម​ថា​ មូល​ហេតុ​ដែល​នាង​ ហៅ​កញ្ញា សឿន ផានផាភួង ថា​"ម៉ាក់​" ដោយ​សារ​តែ​​ទម្លាប់​​ហៅ​តាំង​​ពី​ដឹង​ក្ដី​មក​ ហើយ​ប្រសិន​បើ​ខ្លួន​ថា​ " ម៉ាក់​" ក៏​មិន​ទាស់​ខុស​អ្វី​ដែរ​ ព្រោះ​ ផានផាភួង មើល​ថែ​នាង​​ប្រៀប​ដូច​ជា​ម្ដាយ​បង្កើត​ទៅ​ហើយ​។

នាង​ថា​៖​"ខ្ញុំ​នៅ​ឃ្លាត​ឆ្ងាយ​ពី​ប៉ា​ម៉ាក់​ ដែល​គាត់​រស់​នៅ​អាមេរិក​ មិន​មែន​ថា​ខ្ញុំ​មិន​នឹក​ទេ​បង​ តែ​ដល់​ពេល​យូរ​ទៅ​ជា​ទម្លាប់​ហើយ​គិត​ថា​ធម្មតា​"។

ដោយ​ឡែក​ញ្ញា សឿន ផានផាភួង វិញ​កន្លង​មក​​​ក៏​ធ្លាប់​អះ​អាង និង​ប្រកែក​​ថា​ ឈូឈូ មិន​មែន​​​ជា​កូន​បង្កើត​​ខ្លួន​ឡើយ​ តែ​នាង​ស្ថិត​ក្នុង​នាម​ជា​អាណាព្យាបាល និង​ជា​ម្ដាយ​មីង​ដែល​មើល​ខុស​ត្រូវ​​ ឈូ​ឈូ ​តាំង​ពី​នៅ​តូច​មក​។

តួ​អង្គ​ស្រី​ក្នុង​​រឿង "៣០ថ្ងៃ​" និយាយ​ថា៖​​“ថ្ងៃ​នេះ​បង​សុំ​និយាយ ឲ្យ​អស់​ ឈូ​ឈូ គាត់​មិន​មែន​ជា​កូន​ខ្ញុំ​ទេ តែ​គាត់​ជាមួយ​បង្កើត​របស់​ខ្ញុំ មិន​ដឹង​ត្រូវ​និយាយ​ថា​ម៉េច​ទេ អ្នក​ខ្លះ​​គាត់​នៅ​តែ​យល់​ច្រឡំ​ថា ឈូឈូ ជា​កូន​បង​ ដល់​ពេល​បង​ប្រាប់​ថា​ក្មួយ​ហើយ​នៅ​តែ​មិន​ជឿ​ទៀត​ថា​បង​កុហក​"។

គួរ​បញ្ជាក់​ថា​ កុមារី​ អាង សុជាតា ហៅ​ ឈូ​ឈូ ​មាន​អាយុ​១៣ ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី​៨ នៅ​សាលា​ប៊ែលធី​។ ចូល​ប្រលូក​សិល្បៈ​មុន​ដំបូង​នៅ​អាយុ​ ៥ ​តាម​រយៈ​អ្នក​មីង​របស់​ខ្លួន​ ​តែ​​ប្រលូក​​មិន​ពេញ​លេញ​នោះ​ទេ​។ ចំណែក​ឯ​ភាព​យន្ត​ដែល​ធ្លាប់​សម្ដែង​កន្លង​មក​មាន​ដូច​ជា​រឿង​ "ក្មេង​ទី​៦" “បំភ្លេច​មិន​បាន​" “អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" “៣០ថ្ងៃ​" “កញ្ចក់​" ​និង​ជា​ច្រើន​រឿង​ទៀត៕ ​​

អត្ថបទ៖ ឆុង ស៊ីណាន