Richarlison ៤ ឆ្នាំ​មុន ​រក​តែ​ស្បែក​​ជើង​ថ្មី​មួយ​គូ​ពាក់​មិន​បាន ឥឡូវ​ក្លាយ​ជា​កីឡាករ​ឆ្នើម​​

  • 2017-10-15 07:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ពាក់អាវ​លេខ​ ១១​ របស់​ Watford កីឡាករ Richarlison កាល​ពី​ ៤ ​ឆ្នាំ​មុន គ្មាន​លទ្ធភាព​សូម្បី​ទិញ​ស្បែក​ជើង​ទាត់បាល់​សមរម្យ​​​ ប៉ុន្តែ​ជីវិតបាន​ផ្លាស់​ប្ដូរ​១៨០​ដឺក្រេ បន្ទាប់​ពី​បុរស​ម្នាក់​បាន​នាំយុវជន​សញ្ជាតិ​ប្រេស៊ីល​នេះ​​ឲ្យ​សម្រេច​ក្ដី​សុបិន្ត ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក។ ​​

Renato បច្ចុប្បន្ន​ជា​ភ្នាក់ងារ​របស់​ Richarlison គឺ​ជា​មនុស្ស​ដំបូង​ហើយ​ដែល​បាន​ផ្ដល់​កាដូ​​ជា​ទី​​គាប់​ចិត្ត ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល នូវ​ស្បែក​ជើង​ទាត់​បាល់​ថ្មី​មួយ​គួ ដែល​ពី​មុន​មក​កុមារ​កើត​ពី​គ្រួសារ​ក្រីក្រ​មួយ​នេះ​ធ្លាប់​ពាក់​តែ​ស្បែក​ជើង​ចាស់ៗ។

Renato ទៀតសោត​ក៏​បាន​នាំ​យក​យុវជន​ ដែល​ធ្លាប់​តែ​ទាត់​បាល់​លើ​ឆ្នេរខ្សាច់​ក្នុង​ភូមិ ឲ្យ​ទៅ​លេង​លីគ​ទី​២​របស់​ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៤។ មួយ​ឆ្នាំ​ក្រោយ​មក ​បាន​ផ្លាស់​​ទៅ​លេង​ឲ្យ​ក្លឹប​  Fluminense ​នៅ​ក្របខ័ណ្ឌ​​កំពូល​ប្រេស៊ីល។​ ទីបំផុត​ នៅ​ចុង​ខែ​កក្កដា ២០១៧ ​នេះ ការសម្រេច​បាន​បំណង​ប្រាថ្នា​ដែល​បាន​​​ផ្លាស់​ទៅ​លេង​នៅ ក្របខ័ណ្ឌ​កំពូល English Premier League ក្នុង​តម្លៃ​ខ្លួន​ជិត ១៥​លាន​ដុល្លារ (១១,២ លាន​ផោន)។

ពី​គ្រួសារ​កម្មករ​ក្រីក្រ ក្នុង​តំបន់​ទេសចរណ៍​ដ៏​សម្បូរ​សប្បាយ​នៃ​ប្រទេស​ប្រេស៊ីល

Richarlison មាន​ស្រុក​កំណើត​នៅ​ភូមិភាគ​អាគ្នេយ៍​ជាប់​ដែន​សមុទ្រ​នៃ​ប្រទេស​ប្រេស៊ីល មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត និង ជា​តំបន់​ឧស្សាហកម្ម​ផលិត​ដែក និង ប្រេង ដ៏​មាន​សក្ដានុពល។ ប៉ុន្តែ​កុមារ​ប្រេស៊ីល​រូប​នេះ​ ជា​កូន​ច្បង​នៃ​បងប្អូន​៥​នាក់​នៃ​គ្រួសារ​ក្រីក្រ ដែល​មាន​ឪពុក ជា​កម្មករ​​កាត់​ថ្ម និង ​ម្ដាយ ជា​អ្នក​បោស​សម្អាត។ ​ ​

"ខ្ញុំ​ធ្លាប់​មើល​បាល់​ Premier League តាម​កញ្ចក់​ទូរទស្សន៍​ពូ​ខ្ញុំ ហើយ​ស្រមៃ​ថា​នឹង​បាន​ទៅ​លេង​ទីនោះ​ថ្ងៃ​ណា​មួយ"។ កីឡាករ​វ័យ​២០​ឆ្នាំ​និយាយ។

ជីវិត​ថ្មី​លើ​ទឹក​ដី​ប៉ង​ប្រាថ្នា

កីឡាករ​វ័យ​២០​ឆ្នាំ​និយាយ​ថា អ្នកចាំ​ទី​ Heurelho Gomes របស់​ Watford ដែល​ជា​ជន​រួម​សញ្ជាតិ​ប្រេស៊ីល​ដូច​គ្នា​ បាន​ជួយ​គេ​គ្រប់​យ៉ាង រាប់​តាំង​ពីជួយ​រក​ផ្ទះ រថយន្ត​​ ជា​អ្នក​ណែនាំ​ពី​របៀប​រស់​នៅ​លើ​ទឹកដី​ថ្មី​នៅ​អង់គ្លេស ជា​អ្នក​បក​ប្រែ និង​មែន​ទែន​ទៅ​ជា​អ្នក​សម្រប​សម្រួល​តាំង​ពី​ការ​ហូប​ចុក​​ជាដើម។

"និយាយ​ឱ្យ​ស្មោះ​ទៅ​ ខ្ញុំ​មិន​ដឹង​អ្វី​ទាំង​អស់​អំពី​ Watford ថា​ជា​ ទីក្រុង ឬ ក្រុម​បាល់​ទាត់។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​ខ្លាំង​ណាស់ កីឡាករ, បុគ្គលិក, អ្នក​ចាត់​ការ​ក្លឹប​ រួម​ក្រុម​អ្នក​គាំទ្រ​បាន​ស្វាគមន៍​ខ្ញុំ​ជា​ខ្លាំង "។ កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល​បាន​និយាយ។

កាល​លេង​នៅ​ប្រេស៊ីល​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ប្រសិន​បើ​ប្រកួត​ចាញ់ អ្នក​មិន​អាច​សូម្បី​តែ​ដើរ​កាត់​ក្រុម​អ្នក​គាំ​ទ្រ។ ពេល​ខ្លះ​ពួកគេ​ផ្លោះ​របង ហើយ​មាន​ពីរ​បី​ដង​ដែរ កាល​ដែល​ Richarlison នៅ​លេង​ឲ្យ​ក្លឹប Fluminense នៅ​ប្រេស៊ីល ក្រុម​អ្នក​គាំ​ទ្រ​បាន​ទៅ​ស្រែក​ជេរ​កីឡាករ​ដល់​ប្រលានយន្តហោះ ពេល​ពួក​គេ​ប្រកួត​ចាញ់។ Richarlison បន្ថែម។

​​ជា​រួម​ ខ្សែ​ជីវិត​របស់​ កីឡាករ​វ័យ​ក្មេង​ប្រេស៊ីល ផ្លាស់​ប្តូរ​ទាំងស្រុង នៅ​ពេល​បាន​ Renato នាំ​ទៅ​លេង​​បាល់ទាត់​កម្រិត​អាជីព បូករួម​នឹង​ទេពកោសល្យ​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ និង​ចុងក្រោយ​ពេល​ទៅ​លេង​ឲ្យ Watford ដោយ​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្ត​រួម​សញ្ជាតិ ពិសេស​រឿង​ភាសា ដោយសារ​តែ​កុមារភាព​ក្រីក្រ Richarlison មិន​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ៕

ប្រភព៖ thesun   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី