មន្ត្រី​ថា​គម្រោង​នៅ​ស្ពានអាកាស​ក្បាល​ថ្នល់​យឺតយាវបន្តិច​ដោយ​សារ​កំពុង​កែ​សម្រួល​ផ្នែក​ខ្លះនៃគម្រោង​

  • 2017-10-17 01:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ឲ្យ​ដឹងថា​គម្រោង​សាង​សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​បន្ថែម​លើ​គម្រោង​ចាស់​របស់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ហាក់​យឺត​យ៉ាវ​បន្តិច​ដោយ​ថា​សាលា​រាជធានី​ភ្នំពេញ​កំពុងកែសម្រួល​​ផ្នែក​ខ្លះ​នៃ​គម្រោង​សាង​សង់​ បូក​រួមទាំង​ការងារ​បច្ចេកទេស និង​ដោះស្រាយ​ផលប៉ះ​ពាល់​មួយ​ចំនួន​ដល់​ប្រជា​ពល​រដ្ឋ ខណៈដែល​ពល​រដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចង់​ឲ្យ​សាលា​រាជធានី​ពន្លឿន​ការងារនេះ​។

ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ក្បាល​ថ្នល់​នោះ​អ្នកធ្វើ​ដំណើរ​អាច​ឃើញ​ដងសន្ទូចខ្ពស់​ត្រដែត​កាត់ស្ពានអាកាស​ត្បាល​ថ្នល់ដែល​ប្រើសម្រាប់​​យោង​សម្ភារសំណង់​ ប៉ុន្តែ​ដង​ស្ទូចនេះ​ហាក់​ពុំ​មាន​​សកម្មភាព​​​​​ឡើយ​​នៅ​ប៉ុន្មានសប្តាហ៍​ចុង​ក្រោយ​នេះ ខណៈ​ផ្នែកខ្លះនៃការដ្ឋាន​ដែល​បានជីកដីរួច​​ក៏​មាន​ស្មៅ​ចាប់​ផ្តើម​ដុះ​ឡើង​វិញ​ផង​ដែរ។

(ដងស្ទូច​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់)

សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ក្បាល​ថ្នល់​វិញ​ចង់​ឲ្យ​សាលា​រាជធានី​ពន្លឿនការសាងសង់​នេះ​ដោយ​ថា​បច្ចុប្បន្ន​ចរាចរណ៍​នៅ​ម្តុំ​ស្ពាន​អាកាសនេះ​មានការកក​ស្ទះ​ខ្លាំង។ លោក តាំង លី ជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពានថ្លែងថាៈ «គម្រោង​បាន​សម្ពោធ​បើក​ការ​ដ្ឋាន​​សាង​សង់​រួច​ទៅ​​ហើយ​ ប៉ុន្តែ​​ដូច​ជាគ្មាន​សក​ម្មភាព​សាង​សង់​...ខ្ញុំ​ឃើញដែក​ដាក់​គ​លើ​គ្នា ហើយ​រណ្តៅ​ដែល​ជីក​ដី​ហើយ​វិញ​ស្មៅ​ចាប់​ផ្តើម​ដុះមួយ​ៗ​ និង​ភាគ​រយ​ធ្វើ​បាន​មានតិ​ចតួច​បំផុត»។

ចំណែក​អ្នក​ស្រី អ៊ាវ ដាណែក​ បុគ្គលិក​បម្រើ​ការងារ​នៅ​​ក្រុ​មហ៊ុនឯកជន​មួយ​បាន​លើក​ឡើង​ដែរថា​ សាលា​រាជ​ធានី​​ភ្នំពេញ​គួរ​ជំរុញ​សកម្មភាព​សាងសង់​ឱ្យ​បានឆាប់រហ័ស​ជាងនេះ​ ​ព្រោះ​ថា​ក្រៅ​ពី​ការ​កកស្ទះ​អ្នក​ដំណើរ​​ខ្លះ​ក៏​ព្រួយ​បារម្ភ​ពីសុវត្ថិភាពផ្ទាល់​ខ្លួនដែរ ខណៈដង​សន្ទូចធំ​មួយត្រូវ​បានដំឡើង​ នៅ​កាត់​ទទឹងផ្លូវ​​តែម្តង។ អ្នកស្រី​បន្ថែមថាៈ «ពេល​ជិះ​ម៉ូតូកាត់​ហ្នឹង​ម្តងៗ​ ខ្ញុំចេះ​តែងាក​មើល​ទៅដង​សន្ទូច​ ព្រោះ​បារម្ភ​នឹងសុវត្ថិភាព​ដែរ បើ​ធ្វើរាល់​ថ្ងៃមិន​អីទេ តែ​នេះដូចជាគ្មាន​សកម្មភាពសាងសង់​អីសោះ»។

(ស្ពាន​អាកាស​ក្បាល​ថ្នល់​មើល​ពីស្ពាន​ព្រះមុនីវង្ស)

ទាក់ទង​នឹង​ការ​លើកឡើងនេះ អ្នក​នាំពាក្យ​សាលា​រាជធានី លោក ម៉េត មាស​ភក្តី ពន្យល់ថា​ដោយ​សារតែ​ខាង​សាលារាជ​ធានីកំពុង​កែសម្រួល​ផ្នែក​ខ្លះ​នៃ​គម្រោង និង​ថា​កំពុង​ដោះ​ស្រាយ​ផលប៉ះពាល់​ខ្លះៗ​ជាមួយ​ប្រ​ជា​ពល​រដ្ឋ។ លោ​ឲ្យ​ដឹងដែរថា​ សាលា​រាជធានី​ក៏​មាន គម្រោង​សង់​ស្ពានអាកាស​ថ្មី​មួយ​ទៀត​ត្រង់​ចំណុច​ប្រ​សព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះ​មុនីវង្ស និង​ផ្លូវ​២៧១ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពានអាកាស​ក្បាល​ថ្នល់។​

លោក​បន្ថែថាៈ​ «ខ្ញុំ​អាច​និយាយ​បាន​ថា​ គម្រោង​​នេះអាចមាន​ភាពយឺតយ៉ាវ មិនហើយដូច​ការ​គ្រោង​ទុកពី​មុនទេ ប៉ុន្តែ​សាលារាជធានី​​នឹងនៅ​តែបន្ត​ការ​សាង​សង​ដដែល​ទេ»។

បើ​តាម​គម្រោង​ ការកសាង​ដំណាក់កាលទីពីរនេះ ស្ពានអាកាស​ក្បាល​ថ្នល់​នឹង​មាន​ផ្លូវ​អាកាសចំនួន​ពីរ និង​ផ្លូវបត់​ក្រោម​ដី​ចំនួន​ពីរ​ទៀត ដោយថា​ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍៕​​​​​ ​ 

អត្ថបទ​ដោយ៖ សុផល