Mourinho មិនបញ្ចប់អាជីពនៅ Man Utd ដោយសារមូលហេតុនេះ

  • 2017-10-18 12:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសន្និសីទសារព័ត៌មាន Champions League លោក Jose Mourinho បានបកស្រាយពីហេតុផលដែលនាំឲ្យលោកនិយាយកាលពីកន្លងថា នឹងមិនបញ្ចប់អាជីពនៅក្លឹបបិសាចក្រហម ដោយលោកថា មូលហេតុនៃសម្ពាធបាល់ទាត់សម័យថ្មី។

Jose Mourinho

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានថ្លែងថា៖ "តាមពិតទៅខ្ញុំត្រូវបានគេសួរថា ក្នុងបាល់ទាត់សម័យថ្មីនេះ តើវាអាចទៅរួចទេ ដែលអ្នកចាត់ការក្លឹបបាល់ទាត់ អាចកាន់តំណែងរហូតពី ១៥ ទៅ២០ ឆ្នាំនៅក្នុងក្លឹបតែមួយ ហើយខ្ញុំក៏ឆ្លើយទៅវិញថា វាមិនអាចទៅរួចទេ ដោយសារតែសម្ពាធជុំវិញការងារ។ ខ្ញុំគិតថា លោក Arsene Wenger ជាអ្នកចាត់ការចុងក្រោយហើយដែលអាចគ្រប់គ្រងក្លឹបបានយូរអ៊ីចឹង"។

លោក Mourinho បានបន្តទៀតថា៖ "បើសិនជាខ្ញុំចូលនិវត្តន៍នៅរយៈពេលខ្លីខាងមុខ ច្បាស់ណាស់ថាខ្ញុំនឹងបញ្ចប់អាជីពនៅក្លឹប Manchester United ប៉ុន្តែខ្ញុំមានបំណងចង់ដឹកនាំក្លឹបបាល់ទាត់យ៉ាងតិច ១៥ឆ្នាំទៅមុខទៀត។ ដូច្នេះហើយទើបខ្ញុំគិតថាមិនបញ្ចប់អាជីពនៅក្លឹប Manchester United"។

បើទោះជាថ្លែងបែបនេះក្ដី Mourinho នៅតែសង្កត់ធ្ងន់ថា គ្មានអ្វីប្រែប្រួលទេ នៅពេលនេះ ដោយលោកនៅជាប់កុងត្រាជាមួយក្លឹបបិសាចក្រហម ហើយបើទោះជាមិនទាន់ចុះកុងត្រាថ្មី លោកក៏មិនមានបំណងចាកចេញឥឡូវដែរ។ បុរសសញ្ជាតិព័រទុយហ្គាល់ក្លាយជាអ្នកចាត់ការក្លឹប Manchester United កាលពីពាក់កណ្ដាលឆ្នាំ ២០១៦ ហើយជួយក្លឹបឲ្យឈ្នះពាន៣ក្នុងរដូវកាលដំបូង៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ ហ៊ីម រស្មី