ឆ្លៀត​ទំនេរពីការ​សិក្សា​ជួយ​លក់​លៀស​ម្តាយ​យក​ប្រាក់​ទុក​រៀន

  • 2017-10-20 03:38:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​មិន​សូវ​ធូរធា​រ បាន​ជំរុញ​ឲ្យ​យុវជន​ម្នាក់​ឆ្លៀត​ពេល​រៀន​​ផង​ជួយ​ម្តាយ​លក់​លៀស​ហាល​តាម​ចិញ្ចើម​ផ្លូវ​ផង​ ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​បន្ទុក​គ្រួសារ​ព្រម​ទាំង​ឧបត្ថម្ភ​ដល់​ការ​សិក្សា​របស់​ខ្លួន​។

គយ ណា​រ័ត្ន បច្ចុប្បន្នជា​សិស្ស​ថ្នាក់ទី​១២ នៃ​វិទ្យា​ល័យ​ជា​ស៊ីម​តាកែវ ត្បិត​ឆ្នាំ​នេះ​ត្រូវ​ជា​ឆ្នាំ​ប្រឡង​ក្តី ក៏​ណារ័ត្ន មិន​អាច​​ចំណាយ​ពេល​តែ​ទៅលើ​ការ​សិក្សា​មួយ​មុខ​នោះទេ តែ​ណារ័ត្ន​ត្រូវឆ្លៀត​ពេល​ទំនេរ​ពីការ​សិក្សា​បន្តិច​បន្តួច​ដើម្បីជួយ​លក់​លៀស​ហាល​ម្តាយ​នៅ​ទីតាំង​មួយ​ជាប់​មាត់​បឹង​តាកែវ។​

(គយ ណា​រ័ត្ន កំពុង​លក់​លៀស​ឲ្យ​អតិថិជន)

យុវជនមាន​ស្រុក​កំណើត​ក្នុង​ក្រុង​ដូន​កែវ រូបនេះ​ មាន​ឪពុក​ជាមន្ត្រី​រាជការចូល​និវត្តន៍ ហើយ​គ្រួសារ​ពឹង​មួយ​ផ្នែកធំ​លើ​របបរ​លក់​លៀស​ហាលនេះ ដែល​ណារ័ត្ន ថា​ខ្លួន​ត្រូវជួយ​ម្តាយ​ធ្វើ​ការ​ងារ​នេះ​ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​រៀន និង​ផ្គត់​ផ្គង់​គ្រួសារ។ ណារ័ត្ន ថា​ខ្លួន​ត្រូវ​ក្រោក​ពីព្រលឹម​​ដើម្បី​ជួយ​លាង​សម្អាត​លៀស​ ទុក​​ឲ្យ​ម្តាយ​​ផ្សំគ្រឿង​សម្រាប់​ហាល​លក់​ឲ្យ​បាន​រួច​រាល់​មុន​នឹង​ទៅ​សាលា និង​ពេល​ចេញ​ពី​រៀន ​ណារ័ត្ន​ថា​ខ្លួន​ក៏មក​ជួយ​លក់​ម្តាយ​បន្ត​ទៀត។

ណា​រ័ត្ន​ បន្ថែម​ថាៈ «ខ្ញុំ​គ្មាន​អាម្មណ៍ខ្មាស​អៀន​ជា​មួយ​មិត្តភក្តិ​អី​ទេ​ក្នុង​ការ​លក់​លៀស​តាម​ចិញ្ចើម​ផ្លូវ​បែប​នេះ... របរ​លក់​លៀស​ហាល​ជា​មួយ​ម្តាយ​ពិត​ជា​ចាំ​បាច់​ណាស់​ស​ម្រាប់​ទ្រទ្រង់​ជីវ​ភាព​គ្រួសារ​»។ ​ បើ​និយាយពី​ចំណូល​ពីការ​លក់​លៀស​ហាល​នេះ​វិញ ណារ័ត្ន ថា​មួយ​ថ្ងៃ​អាច​រកប្រាក់​បាន​ប្រហែល​ជា​ពីរទៅ​បី​ម៉ឺន​រៀន​ប៉ុណ្ណោះ។

(គយ ណារ័ត្ន នៅ​កន្លែង​លក់​លៀស​ហាល​​នៅ​ម្តុំ​មាត់​បឹង​តាកែវ)

សម្រាប់​ម្តាយ​របស់ណារ័ត្ន​វិញ គឺ​អ្នកស្រី ខ្មៅ ផល្លា មាន​ប្រ​សាសន៍ថា​អ្នកស្រី​មិន​ចង់​ឲ្យ​កូន​ជួយ​ដូច​នេះទេ ដោយ​បារម្ភថា​អាច​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កូន។ អ្នកស្រី​បន្ថែមថាៈ « ណារត្ន័​តែង​និយាយ​ថា​មិន​ឲ្យ​ឪពុក​ម្តាយ​បារម្ភពីការ​សិក្សា​របស់​គេទេ​តែ​ទោះបីយ៉ាង​ណាក៏​ខ្ញុំ​ចេះ​តែ​បារម្ភ​ខ្លាច​មុខ​របរនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កូន​​ព្រោះ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ប្រលង​បាក់​ឌុប​ផង»។

សម្រាប់​ ណារ័ត្ន​ របរលក់​លៀសហាល​មិន​ធ្វើ​ឲ្យ​ណារ័ត្នខ្មាស​មិត្ត​ភក្តិ​នៅទេ តែបានញ៉ាំង​ឲ្យ ណារ័ត្ន មាន​គំនិត​ចង់​ធ្វើជា​អ្នក​ជំនួញ ហើយ​រំពឹង​ថា​អាច​បន្ត​ការ​សិក្សា​លើ​ផ្នែក​ពាណិជ្ជកម្ម​ក្រោយ​បញ្ចប់​ថ្នាកទី​១២៕ ​​ ​

អត្ថបទដោយ៖​ ជិន វេន