សរុប​រឿង​បរទេស ត្រូវ​ហាម​បញ្ចាំង និង​ដក​ខ្លួនលែង​​ថត​នៅ​ស្រុក​ខ្មែរ

  • 2017-10-24 02:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បរទេស​រឿង “Kingsman 2”​ ទើប​ត្រូវ​នាយកដ្ឋានភាព​យន្ត​របស់​កម្ពុជា ហាម​ឃាត់​ចាក់​បញ្ចាំង​នៅ​កម្ពុជាថ្មី​ៗនេះ ដោយ​ហេតុ​ថា រឿង​នេះ​បាន​យកក​ម្ពុជា​ធ្វើ​ជា​សំបុក​ភេរវករ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ទី​១​ទេ ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យបញ្ចាំង​នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា គឺ​នៅ​មាន​រឿង​ច្រើន​ទៀត បូក​ថែម​ទាំង​រឿងខ្លះ ប្រកាស​ដក​ខ្លួន​លែង​ថត ​នៅ​កម្ពុជា​ដោយ​ខ្លួន​ឯង​ទៀតផង។ រឿង​ទាំង​នោះ​មាន​ដូច​ជា៖

១. “No Escape” ៖ និយាយ​ពី​គ្រួសារ​ជនជាតិ​អាមេរិក​មួយ​គ្រួសារ​ដែល​ជាប់​គាំង​ក្នុង​រដ្ឋ​ប្រហារ​មួយ ដោយ​រឿង​នេះ​ថត​នៅ​ប្រទេស​ថៃ។ ក្រោយ​​​ចេញ Trailer រឿង​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ប្រតិកម្ម​ថា មាន​ចេតនា​មើល​ងាយ​អក្សរ​សាស្ត្រ​ខ្មែរ ដោយ​សារ​តែ​ក្នុង​ភាពយន្ត​មួយ​នេះ បាន​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​បញ្ច្រាស​ជើង ដូច​ជា "យ ឈ " ជា​ដើម។ ជា​លទ្ធផល រឿង​នេះ​ត្រូវ​ហាម​ឃាត់​នៅ​ឆ្នាំ ២០១៥។

២."Fifty Shades of Grey”៖ រឿង​នេះ ក៏​ត្រូវ​ក្រសួង​ហាម​ឃាត់កាល​ពី​ឆ្នាំ ២០១៥ ដែរ ដោយ​សារ​តែ​សាច់​រឿង​មាន​ឈុត​ស្រើប​ស្រាលខ្លាំង​។ ហេតុ​ផល​ដូច​គ្នា​នេះ “Fifty Shades of Grey”ក៏​ត្រូវ​បាន​ហាម​ឃាត់​បញ្ចាំង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ​ដូច​ជា៖ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កេនយ៉ា និង​អារ៉ាប់រួម​ជា​ដើម។

៣.ភាពយន្ត​ហុងកុង​រឿង "បេសកកម្ម​ទន្លេ​មេគង្គ"៖ ភាពយន្ត​ខ្នាត​ធំ​របស់​ហុងកុង​នេះ ដំបូង​ឡើយ​បាន​ដាក់​ផែន​ការ​មក​ថត​នៅ​កម្ពុជា ដោយ​ថែម​ទាំងបាន​​ជ្រើស​រើស​តួ​សម្ដែង​ខ្មែរ​ខ្លះ​ចូល​រួម​ផង។ ប៉ុន្តែ​ក្រោយ​មក ផលិតកម្ម “Firework” ម្ចាស់​ផលិត​រឿង​នេះ បាន​ប្រកាស​ដក​ខ្លួន​វិញ ជាមួយ​ហេតុផល​ស្រពិចស្រពិល។ បញ្ហា​នេះ កាលណោះ​លោក ស៊ិន ចន្ទសាយ៉ា អតីត​ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​ឲ្យ​ដឹង​ថា មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​ពេលវេលា ទីកន្លែង និង​អាកាស​ធាតុ។ ប៉ុន្តែ​ការ​ដែល​ក្រុម​ផលិត​បរទេស​នោះ យក​កម្ពុជា​ជា​ជម្រើស​ទី​២ ជាមួយ​ប្រទេសជិត​ខាង​ក៏​ជា​ហេតុផល​មួយ​ដែរ។ លោក​លើក​ឡើង​ថា “តាម​ខ្ញុំ​ដឹង​គេ​បារម្ភ​ថា Scene ខ្លះ​ថៃ​គេ​អត់​អនុញ្ញាត អីចឹង​គេ​មក​ស្រុក​យើង តែ​ឥឡូវ​ថៃ​គេ​អនុញ្ញាត​ហើយ គេ(ផលិតកម្ម)ក៏ Move ទៅ​វិញ។ អីចឹង​ខ្ញុំ​ថា ​គេ​ទុក​យើង​ជា​ជម្រើស​ទី​២​ទេ"។

៤.រឿង “មហាអធិរាជាណាចក្រខ្មែរ”៖ រឿង​នេះ គឺ​ជា​រឿង​ដ៏​ធំដែល​ហូលីវូដ​បាន​ប្រកាស​មក​ផលិត​ឲ្យ​កម្ពុជាជាមួយ​ទុន​ជាង ៧០លាន​ដុល្លារ ដោយ​បាន​ទាំង​បាន​ជ្រើស​រើសតួ​សម្ដែង​លំដាប់​ពិភព​លោក​មាន​ដូច​ជា  Angelina Jolie តារា​ចិន លី លានជា កីឡាកាស​ល្បី​ឈ្មោះ ចន ស៊ីណា និង​តារា​ស្រី​កូរ៉េ ហាន់ជីអ៊ុន ជា​ដើម​ផង មក​ថត។ ប៉ុន្តែ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មោទនភាព​នឹង​ដំណឹង​នេះ រឿង “មហាវីរបុរសខ្មែរ” ស្ងាត់​ឈឹង មិន​ឃើញ​មាន​សកម្មភាព​អ្វី​ឡើយ។ ក្រោយ​មក​ទើប​មាន​ដំណឹង​ថា ក្រុម​ផលិត​បាន​សម្រេច​ផ្អាក​វិញ​ហើយ ជាមួយ​ហេតុផល​មិន​ច្បាស់​លាស់៕

 

អត្ថបទៈ ទារិកា

អត្ថបទថ្មី