មកដឹងទម្លាប់ពេលព្រឹក គួរឲ្យភ្ញាក់ផ្អើលរបស់ព្រះអនុជស្រី ព្រះមហាក្សត្រិយានី Elizabeth II

  • 2017-10-24 03:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ប្រហែល​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំពោះ​ទម្លាប់​ដែល​ព្រះអនុជ​ស្រី របស់​ព្រះមហាក្សត្រិយានី Elizabeth II គឺ ម្ចាស់ក្សត្រី Margaret តែងតែ​ធ្វើ​ជា​រៀងរាល់​ពេល​ព្រឹក។

ព្រះមហាក្សត្រិយានី Elizabeth II (ឆ្វេង) និង ម្ចាស់ក្សត្រី Margaret (ស្តាំ)

នៅ​ក្នុង​ព្រះជន្ម​ខ្ទង់ ២០​ព្រះវស្សា ម្ចាស់ក្សត្រី Margaret ត្រូវ​បាន​គេ​ដឹង​ថា តែង​សោយ​អាហារ​ពេល​ព្រឹក​យ៉ាង​រីករាយ​នៅ​លើ​គ្រែ , ស្រង់​សុគន្ធ​វារី (ងូត​ទឹក) និង​រៀបចំ​ព្រះ​កាយ​រយៈពេល​មួយ​ម៉ោង និង​សោយ​ស្រា Vodka មុន​ម៉ោង ១រសៀល។

ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ពេល​ព្រឹក ដែល​ម្ចាស់ក្សត្រី Margaret តែង​ធ្វើ មុន​ម៉ោង ១រសៀល៖

  • ម៉ោង ៩ព្រឹក៖ ទ្រង់​សោយ​អាហារ​ពេល​ព្រឹក , ស្ដាប់​តន្ត្រី , អាន​កាសែត និង​ជក់​បារី រយៈពេល ២ម៉ោង​នៅ​លើ​គ្រែ
  • ម៉ោង ១១ព្រឹក៖ ទ្រង់​ងូត​ទឹក ដែល​រៀបចំ​ដោយ​អ្នក​បម្រើ​ស្រី​របស់​ទ្រង់
  • ថ្ងៃត្រង់៖ បន្ទាប់​ពី​ស្រង់​សុគន្ធ​វារី (ងូត​ទឹក) និង​សម្អាត​ព្រះ​កាយ​អស់​រយៈ​ពេល ១ម៉ោង ដល់​វេលា​ត្រូវ​តុបតែង​សក់ និង​ព្រះភ័ក្ត្រ រួច​គ្រង​សំលៀកបំពាក់ ដែល​បាន​បោក​គក់​ស្អាត (ទ្រង់​មិន​ដែល​គ្រង​សំលៀកបំពាក់​លើស​ពី​ម្ដង ដោយ​មិន​បោក​គក់​សម្អាត​ជា​មុន​ឡើយ)
  • ម៉ោង ១២:៣០នាទី​រសៀល ទ្រង់​បង្ហាញ​ខ្លួន​នៅ​ជាន់​ក្រោម ដើម្បី​សោយ​ស្រា Vodka
  • ម៉ោង ១រសៀល ទ្រង់​ចូល​រួម​ជាមួយ​ព្រះមាតា ដើម្បី​សោយ​អាហារ​ថ្ងៃត្រង់ ដែល​រួម​មាន​ទាំង ស្រា និង​ផ្លែឈើ​ស្រស់​ជា​ច្រើន​មុខ
ម្ចាស់ក្សត្រី Margaret

គួរ​បញ្ជាក់​ថា ការ​បង្ហាញ​ពី​ទម្លាប់​របស់​ម្ចាស់ក្សត្រី Margaret ខាង​លើ​នេះ ត្រូវ​បាន​សរសេរ​ឡើង​នៅ​ក្នុង​សៀវភៅ Ma'am Darling: 99 Glimpses of Princess Margaret ដោយ​លោក Craig Brown រៀបរាប់​អំពី​ប្រវត្តិ​រូប​ថ្មី​នៃ​រាជវង្ស។

ជាមួយ​គ្នា​នេះ​ដែរ សៀវភៅ​នេះ​បាន​ពន្យល់​ពី​របៀប​ដែល ម្ចាស់ក្សត្រី Margaret កាល​ទ្រង់​មាន​ព្រះជន្ម ២៥ព្រះវស្សា មាន​ទម្លាប់​ដ៏​ប្រណីត ដែល​ឆ្លុះ​បញ្ចាំង​ពី​រសជាតិ​ល្អៗ​នៃ​ជីវិត​របស់​ទ្រង់​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង