មាស ចាន់ណា ​សប្បាយ​ចិត្ត​ឈ្នះ​ស្វាយ​រៀង តែ​មិន​សប្បាយ​ចិត្ត​រឿង​មួយ

  • 2017-10-24 06:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ណាហ្គាវើល​របស់​លោកគ្រូ មាស ចាន់ណា ​បាន​យក​ឈ្នះ​លើ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ក្នុង​លទ្ធផល​ ២-១ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៨​នៃ​លីគ​កំពូល​កម្ពុជា។

ក្នុង​ការ​ប្រកួត​នោះ​ដែរ គេ​ឃើញ​មាន​បញ្ហា​ច្រើន​ទាក់ទង​ទៅ​នឹង​កីឡាករ​ក្រុម​ទាំង​សង​ខាង រហូត​ដល់​មាន​អ្នកចាំ​ទី​របស់​ណាហ្គាវើល​ម្នាក់​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ប្រកួត ដោយសារ​តែ​បង្ក​កំហុស​ទៅ​លើ​កីឡាករ​ស្វាយ​រៀង​នៅ​តំបន់​គ្រោះថ្នាក់។ មិន​ត្រឹម​តែ​មាន​កីឡាករ​ត្រូវ​បណ្ដេញ​ចេញ​ទេ សូម្បី​តែ​លោក​គ្រូ មាស ចាន់ណា ​ក៏​ត្រូវ​បាន​អាជ្ញាកណ្ដាល​ឱ្យ​អង្គុយ​មើល​ខាង​ក្រៅ​ផង​ដែរ ព្រោះ​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល។

ក្រោយ​ពី​ចប់​ការ​ប្រកួត​ខាង​លើ​ទៅ គ្រូ​បង្វឹក​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “លទ្ធផល​យើង​ឈ្នះ ខ្ញុំ​សប្បាយ​ចិត្ត​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល។ អ្នក​ចាំ​ទី​ខ្ញុំ​ចេញ​ទៅ​ចាប់​បាល់ ដោយ​ដៃ​ប៉ះ​ពាល់​មុន​ទៅ​ប៉ះ​កីឡាករ​ស្វាយ​រៀង ដូច្នេះ​មិន​សម​ឱ្យ​គាត់​កាត់​ក្រហម​នោះ​ទេ។ ត្រឹម​ពិន័យ​ធម្មតា​គឺ​សមស្រប​ទៅ​ហើយ។ អាជ្ញាកណ្ដាល​កាត់​ក្ដី​ប្រកួត​នេះ ចាប់​ខុស​ច្រើន​ដង​ពេក ខ្ញុំ​មិន​នឹក​ស្មាន​គាត់​នៅ​មាន​កម្រិត​អីចឹង​សោះ”។

ក្រោយ​ពី​បាន​៣​ពិន្ទុ​ពី​ខាង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ហើយ ​ក្រុម​ណាហ្គាវើល​បាន​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ហើយ ​ដោយ​ចាញ់​ក្រុម​កំពូល​តារាង​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ ​និង​ស្មើ​ពិន្ទុ​ក្រុម​លេខ​២ ​បឹង​កេត ​ដោយ​ចាញ់​តែ​គ្រាប់​ស៊ុត​ទេ៕

អត្ថបទ៖ មុន្នីរម្យ