ឡាន​ក្រុង​ Toyota ជំនាន់​ថ្មី ដើរ​ដោយ​បច្ចេកវិទ្យា Fuel Cell

  • 2017-10-25 02:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Tokyo Motor Show ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ Toyota បាន​ដាក់​បង្ហាញ​នូវ​រថយន្ត​ស៊េរី​ថ្មីៗ​ជា​ច្រើន​ រួម​មាន​រថយន្ត​ក្រុង​ដែល​ជា​ប្រភេទ​រថយន្ត​ Concept ផង​ដែរ។

វា​មាន​ឈ្មោះ​ថា​ Sora ​(តំណាង​ឲ្យ​ពាក្យ​ Sky, Ocean, River និង Air) ជា​រថយន្ត​ក្រុង​ដើរ​ដោយ​បច្ចេកវិទ្យា Fuel Cell​ ដូច​គ្នា​ទៅ​នឹង​ Toyota Mirai ដែរ ដែលបច្ចេកវិទ្យានេះបង្កើតថាមពលបានដោយប្រើសារធាតុអ៊ីដ្រូសែន និងអុកស៊ីសែន។ រថយន្ត​ក្រុង​នេះ​អាច​ផ្ទុក​មនុស្ស​បាន​​ដល់​ ៧៩ នាក់ (កៅអី​អង្គុយ​ ២២, អាច​ឈរ​បាន​ ៥៦ នាក់​ រួម​ទាំង​តៃកុង​ម្នាក់)។

ការ​បំពាក់​ចង្កៀង​ LED ទាំង​មុខ​ ក្រោយ​ ធ្វើ​ឲ្យ​រថយន្ត​នេះ​លេច​ធ្លោ​បំផុត ប៉ុន្តែ​ចំណុច​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​លេច​ធ្លោ​ជាង​រថយន្ត​ក្រុង​ដទៃ​ទៀត​គឺ​ផ្នែក​ខាង​ក្នុង។ Sora ក៏​ជា​រថយន្ត​ក្រុង​ដំបូង​ក្នុង​ប្រទេស​ជប៉ុន​ដែល​មាន​បំពាក់​កាមេរ៉ា​ HD ចំនួន​ ៨ គ្រាប់​ មាន​ទាំង​ក្នុង​និង​ក្រៅ ដែល​អាច​ត្រួត​ពិនិត្យ​ស្ថានការណ៍​ជុំវិញ​ និង​នៅ​ក្នុង​រថយន្ត​បាន។ មិន​តែ​ប៉ុណ្ណោះ​​ក៏​មាន​ប្រព័ន្ធ​ឲ្យ​សញ្ញា​នៅ​ពេល​មាន​កង់​​ ឬ​អ្នក​ដំណើរ​ស្ថិត​នៅ​​ពី​មុខ​រថយន្ត​ផង​ដែរ។

​Toyota មាន​គម្រោង​ថា​នឹង​ផលិត​វា​ចេញ​ជា​​​រថយន្ត​ដោយ​ផ្អែក​តាម​ Concept នេះ​នៅ​ឆ្នាំ​ ២០១៨ ឲ្យ​បាន​ ១០០ គ្រឿង​សម្រាប់​ដាក់​ប្រើ​នៅ​ទីក្រុង​ Tokyo ​មុន​ព្រឹត្តិការណ៍​អូឡាំពិក​​ឆ្នាំ​ ២០២០ នៅ​ជប៉ុន​ ចូល​មក​ដល់៕​

អត្ថបទ៖ សុខហេង