មិនធម្មតាទេរឿងហូលីវូដទាំង១០នេះ ផលិតដោយផលិតករអាយុក្រោម២៥ឆ្នាំទាំងអស់
- 2017-10-25 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេរឿងហូលីវូដទាំង១០នេះ ផលិតដោយផលិតករអាយុក្រោម២៥ឆ្នាំទាំងអស់
ចន្លោះមិនឃើញ
មកដល់ពេលនេះសន្ទុះនៃការរីកចំរើនខាងផលិតភាពយន្តគឺមានការផ្លាស់ប្ដូរយ៉ាងវិជ្ជមាន គួរឲ្យកត់សម្គាល់។ មិនថាជានៅក្នុងប្រទេសកម្ពុជាឫប្រទេសនានាទូទាំងពិភពលោកនោះទេ បណ្ដាអ្នកផលិតរឿងវ័យក្មេងគឺមានកាន់តែច្រើនឡើងៗ៕
ហើយទាំងនេះជាបណ្ដាភាពយន្តហូលីវូដទាំង១០ផលិតដោយផលិតករអាយុក្រោម ២៥ឆ្នាំ៖
១. Evil Dead 1981
ផលិតកររឿងនេះលោក Sam Raimi គឺទើបតែមានអាយុ ២២ ឆ្នាំតែប៉ុណ្ណោះ ពេលលោកបញ្ចប់ដំណើរការផលិតរឿងនេះ។ ដំបូងឡើងលោកបានផលិតរឿងខ្លី (Short Film) ដោយចំណាយតែ ២ ០០០ដុល្លារតែប៉ុណ្ណោះគឺមានចំណងជើងថា "Within the Woods” ដើម្បីអាចជាចំណុចចាប់ផ្ដើមចូលហូលីវូដ ពោលគឺដើម្បីផលិតរឿង "Evil Dead”។ ផលិតកររូបនេះបាននិយាយថាលោកបាន អង្វរអ្នកបណ្ដាក់ទុននៅហូលីវូដដើម្បីយកទឹកប្រាក់តែ ១០០ ០០០ដុល្លារក្នុងគោលបំណងថតរឿងចំណាយដើមទុនតិច ប៉ុន្តែលោកទទួលបានតែ ៩០ ០០០ដុល្លារតែប៉ុណ្ណោះ។ ក្រោយពីនោះមក អ្វីៗទាំងអស់បានក្លាយជាប្រវត្តិសាស្ត្រជាពិសេសគឺផ្នែករឿងបែបរន្ធត់នេះតែម្ដង ដោយរឿង "Evil Dead” ទទួលបានជោគជ័យយ៉ាងខ្លាំង។ ផលិតកររូបនេះក៏បានក្លាយជាផលិតភាពយន្តដ៏ល្បីម្នាក់ ដែលជាអ្នកធ្វើឲ្យរឿង Spider-Man វគ្គដំបូងចាប់ផ្ដើមផងដែរ។
២. El Mariachi 1994
លោក Robert Rodriguez បានក្លាយជាជនល្បីឈ្មោះម្នាក់នៅហូលីវូដចាប់ផ្ដើមពីការថតរឿងខ្លីមួយចំណាយអស់តែ ៧ ០០០ដុល្លារនៅពេលលោកមានអាយុតែ ២៣ឆ្នាំ។ ភាពយន្តនេះគឺប្រមូលផ្ដុំសុទ្ធតែតួអង្គមិនសូវល្បី ព្រមទាំងមិនមានសំឡេងទៀតផងដោយសារតែថវិកាតិចពេក ដោយយកមកបញ្ចូលសំឡេងតាមក្រោយ។ គោលបំណងផលិតរឿងនេះ គឺគ្រាន់តែវីដេអូមើលលេងកម្សាន្តនៅផ្ទះតែប៉ុណ្ណោះ ប៉ុន្តែផលិតកម្ម Columbia Pictures ស្រលាញ់រឿងនេះជាខ្លាំងរហូតទិញសិទ្ធនៅឆ្នាំ ១៩៩៤ ពេលលោក Rodriguez មានអាយុទើបតែ២៤ឆ្នាំ។ ផលិតកររូបនេះគឺជាអ្នកដឹកនាំរឿងល្បីៗ ដូចជា "Sin City” និង "Grindhouse” ជាដើម។
៣. Boyz 'n the Hood 1991
John Singleton បានក្លាយជាអ្នកដឹកនាំរឿងក្មេងបំផុតដែលជាប់ឈ្មោះដណ្ដើមពានរង្វាន់អូស្ការ ដោយមានអាយុត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ។ ក្នុងរឿង "Boyz 'n the Hood” លោកបានផ្ដោតសំខាន់ទៅលើ នយោបាយ និង រឿងហេតុទាក់ទងចំពោះជនជាតិស្បែកខ្មៅនៅសហរដ្ឋអាមេរិក។ អ្នកដឹកនាំនិងផលិតកររូបនេះមានស្នាដៃជាច្រើនដូចជារឿង "2 Fast 2 Furious” និង "Shaft” ជាដើម។
៤. Clerks 1994
លោក Kevin Smith ទើបតែមានអាយុ ២៤ ឆ្នាំតែប៉ុណ្ណោះពេលលោកផលិតរឿងនេះ។ មនុស្សភាគច្រើនយល់លោក Smith គ្រាន់តែមានសំណាងប៉ុណ្ណោះដោយផលិតរឿងនេះ ចំពេលដែលគេត្រូវគេ ប៉ុន្តែលោកបានធ្វើឲ្យគ្រប់គ្នាយល់ខុសដោយផលិតរឿងល្អៗជាច្រើនទៀតដូចជា "Chasing Amy” និង "Dogma” ជាដើម។ គូសបញ្ជាក់ថារឿង "Clerk” ចំណាយដើមទុនអស់តែ ២៧ ៥៧៥ដុល្លារតែប៉ុណ្ណោះ ប៉ុន្ដែអាចរកចំណូលបានដល់ទៅ ៣លានដុល្លារឯណោះ។
៥. George Washington 2000
ភាពយន្តនេះគឺស្ថិតក្នុងចំណោមភាពយន្តសំខាន់ៗដែលបានបញ្ចេញក្នុងទសវត្សឆ្នាំ ២០០០ ខណៈលោក David Gordon Green ទើបតែមានអាយុ ២៤ឆ្នាំតែប៉ុណ្ណោះ។ ដោយចំណាយដើមទុនអស់តែ ៤២ ០០០ដុល្លារ លោក Green បានផលិតរឿងនិយាយពីក្មេងរស់នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងហេតុការណ៍ដ៏អាក្រក់មួយ។ ពេលនេះលោកបានក្លាយជាមនុស្សពីក្រោយរឿងល្បីៗដូចជា "Pineapple Express” និង "All The Real Girls” ជាដើម។
៦. Jeanne Dielman, 23 quai du Commerce 1090 Bruxelles 1975
Chantal Ackerman បានក្លាយជាអ្នកដឹកនាំរឿងភេទស្រី ដំបូងគេដែលបានបញ្ចេញរឿងនៅឆ្នាំ ១៩៧៥ ខណៈខ្លួនទើបតែមានអាយុ ២៤ឆ្នាំតែប៉ុណ្ណោះ។ នាងបានក្លាយជាស្ត្រីម្នាក់ដែលបាន ផលិតរឿងគាំទ្រសិទ្ធស្ត្រី (Feminist films) ក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ។ ភាពយន្តនេះនិយាយអំពីស្រ្ដីមេម៉ាយម្នាក់ បានបម្រើសេវាកម្មពេស្យាចារដល់មនុស្សមានទ្រព្យសម្បត្តិនៅទីក្រុង Brussels ប្រទេសបែលហ្សិក តែជីវិតនាងក៏បានផ្លាស់ប្ដូរពេលនាងបានជួបបុរសម្នាក់។ ភាពយន្តនេះមិនបានបញ្ចាំងនៅអាមេរិករហូតដល់ឆ្នាំ ១៩៨៣ ប៉ុន្តែសារនិងឥទ្ធិពលរឿងនេះបានសាយភាយទូទាំងពិភពលោករួចទៅហើយ។
៧. Tiny Furniture 2010
Lena Dunham ជាស្រ្ដីដែលមានឈ្មោះល្បីនៅហូលីវូដបានផលិតរឿងនេះពេលនាងទើបតែមានអាយុ ២៤ឆ្នាំប៉ុណ្ណោះ។ នាងចំណាយដើមទុនអស់តែ ៦៥ ០០០ដុល្លារ និងប្រើប្រាស់ប្រភេទកាមេរ៉ា Canon EOS 7D ជាមួយនឹងតួអង្គដែលមិនមានអ្នកណាធ្លាប់ស្គាល់។ ប៉ុន្តែពេលនេះតួអង្គខ្លះៗក្នុងរឿងនេះបានបង្ហាញខ្លួននៅក្នុងរឿងភាគដ៏ល្បី "Girls” របស់ប៉ុស្តិ៍ទូរទស្សន៍ HBO។
៨. Mommy 2014
លោក Xavier Dolan មានអាយុ ២៤ឆ្នាំពេលលោកបញ្ចេញរឿង "Mommy” ដែលបានបំបែក Box Office នៅទីក្រុងកំណើតរបស់លោកគឺ កេប៊ិច ប្រទេសកាណាដា ព្រមទាំងទទួលបានពានរង្វាន់ Jury Prize នៅមហោស្រពភាពយន្ត Cannes ទៀតផង។ ពេលនេះលោក Dolan បានក្លាយជាអ្នកដឹកនាំ ព្រមទាំងជាតារាសម្ដែងបោះសំឡេងម្នាក់នៅហូលីវូដ។
៩. Citizen Kane 1941
លោក Orson Welles បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដោយស្នាដៃរបស់លោក ពេលអាយុត្រឹមតែ ២៥ឆ្នាំតែប៉ុណ្ណោះ។ "Citizen Kane” ត្រូវបានគេចាត់ទុកថាគឺជារឿងមួយដែល បង្ហាញពីបដិវត្តន៍នៃភាពយន្ត និងមានអស្ចារ្យខ្លាំង ដោយសារតែអត្ថន័យសាច់រឿង និងបច្ចេកទេសផលិតគឺមានលក្ខណៈពិសេសខ្លាំងទោះបីជាផលិតអស់រយៈពេលជាង ៧០ឆ្នាំមុនក៏ដោយ។
១០. Duel 1971
លោក Steven Spielberg គឺជាផលិតករដ៏ល្បីផុតលេខម្នាក់ នៅពីក្រោយស្នាដៃដ៏ល្បីៗដូចជា "E.T.” និង "Jaw” ជាដើម។ អ្វីៗទាំងអស់ចាប់ផ្ដើមពេលលោកសម្រេចចិត្តដឹកនាំរឿង "Duel” ខណៈលោកមានអាយុត្រឹមតែ ២៤ឆ្នាំតែប៉ុណ្ណោះ៕