តារាសម្ដែង ស៊ុំ សុម៉ាលី រៀបការជាមួយអ្នកលក់មីឆា
- 2014-11-11 17:19:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែង ស៊ុំ សុម៉ាលី រៀបការជាមួយអ្នកលក់មីឆា
ចន្លោះមិនឃើញ
ក្រោយបាត់មុខប្រមាណ១ឆ្នាំ តារាសម្ដែង ស៊ុំ សុម៉ាលី បានចេញមុខយប់មិញវិញ និងបានរៀបអាពាហ៍ពិពាហ៍ក្លាយជាគូស្វាមីភរិយាស្របច្បាប់ជាមួយលោក មាស ទី ជាអាជីវករលក់មីឆាធំដុំមួយនៅម្ដុំរោងកុនអង្គរជិតផ្សារអូរឫស្សី។ នេះបើតាមសាមីខ្លួន។
សុម៉ាលី បញ្ជាក់បន្ថែមថា នាងនៅតែប្រកាន់ជំហរមិនទាន់ត្រឡប់ចូលសិល្បៈវិញទេក្រោយពីបានប្រកាសឈប់កាលពីប្រមាណ១ឆ្នាំមុន។ មូលហេតុ ដោយសារនាងត្រូវជំរុញអាជីវកម្មគ្រួសាររបស់ស្វាមីនាង ដែលពេលនេះបានក្លាយជាចំណែកមួយរបស់នាងដែរ។ "ខ្ញុំអត់ទាន់ចូលទេ សម្រាកសិន(សើច)...ព្រោះខ្ញុំនឹងបើកហាងមួយទៀត លក់ដូចគាត់ដែរ ហើយឥឡូវកំពុងរកទីតាំង!”។
ប្រការគួរកត់សម្គាល់ មានសិល្បករ សិល្បការិនីមួយចំនួន ច្រើនជ្រើសរើសគូស្រករជាអ្នកមានមុខមាត់ យសស័ក្ដិ និងជាអាណិកជនខ្មែរជាដើម ឯអ្នកនាង សុម៉ាលី ជ្រើសស្វាមីជាអាជីវករលក់មីឆា។ ចំណុចនេះ អតីតកញ្ញាឯកលេខ៣របស់ទស្សនាវដី្តធម្មជាតិរូបនេះ ប្រាប់ថា ការដែលនាងសម្រេចចិត្តជ្រើសលោក មាស ទី ធ្វើជាស្វាមី គឺដោយសារអំណាចនៃទឹកចិត្តរបស់លោក។
“កាលពី២ឆ្នាំមុន ខ្ញុំមានគ្រោះថ្នាក់ ហើយវេលានោះ អត់មានអ្នកណានៅជាមួយខ្ញុំទេ ប៉ុន្តែគាត់នៅមើលថែខ្ញុំរហូត គាត់អត់បោះបង់ខ្ញុំទេ អីចឹងទើបខ្ញុំជ្រើសរើសគាត់!”។ វិលមកការដុះដាលពន្លកស្នេហ៍វិញ សុម៉ាលី ប្រាប់ថា អ្នកនាង និងស្វាមីបានជួបគ្នាកាលពី៣ឆ្នាំមុន នៅកន្លែងស្រស់ស្រូបអាហារមួយកន្លែង។ តាមការណែនាំរបស់កញ្ញា ញឹម ចាន់ថន ផង នាង និងស្វាមីក៏បានស្គាល់គ្នា និងឈានទៅបង្កើតទំនាក់ទំនងជិតស្និទ្ធរហូតក្លាយជាគូស្នេហ៍ជាមួយគ្នាជារៀងរហូតមក។
មុនពេលប្រកាសចាកចេញពីសិល្បៈកាលពីប្រមាណ១ឆ្នាំមុន អ្នកនាង ស៊ុំ សុម៉ាលី ដែលមានវ័យ ២៤ឆ្នាំ ត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នុងរឿងមួយចំនួនមានដូចជា “នាយឡប់ជំពប់ស្នេហ៍" “រលកបោកខ្សាច់" “កូនឥតខាន់ស្លា" និងរឿង "សេដ្ឋីវ័យក្មេង" ជាដើម។
ពិធីពិសាភោជនីយអាហាររបស់ ស៊ុំ សុម៉ាលី យប់មិញនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់អគារ L ក្នុងនោះនាងបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណជា ៧០តុ និងមានមិត្តភ័ក្ដិរួមអាជីពប្រមាណជាជិត១០តុ៕
អត្ថបទផ្សេងទៀតពាក់ព័ន្ធនឹង ស្នេហាតារាជាតិ!!!