មក​ដឹង​លក្ខណៈ​ពិសេស​នឹក​ស្មាន​មិន​ដល់​នៃ​ក្រដាស​ប្រាក់ ៥០០០ និង​១០០​០រៀល​ថ្មី

  • 2017-10-26 03:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ​២០១៧​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់ ៥០០០ រៀល និង ១០០០​រៀល​ថ្មី​ជា​ផ្លូវ​ការ ​ដើម្បី​ចូល​រួម​អបអរសាទរ​ព្រះរាជ​ពិធី បុណ្យ​ខួប​នៃ​ការ​យាង​គ្រង​ព្រះបរម​រាជ​សម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​មក​ស្វែង​យល់​លក្ខណៈ​ពិសេស និង​លក្ខណៈ​សម្គាល់ នៃ​ក្រដាស​ប្រាក់​ថ្មី​ទាំង​ពីរ​នេះ​ ដោយយោងតាមសេចក្ដីរបស់ប្រកាសរបស់ធនាគារជាតិ។

លក្ខណៈ​ពិសេស និង​លក្ខណៈ​សម្គាល់​នៃ​ក្រដាស​ប្រាក់ ៥០០០​រៀល​ថ្មី៖

១. លក្ខណៈ​ទូទៅ

  • ទំហំ​ធនបត្រ៖ បណ្ដោយ​១៤២​មម និង​ទទឹង ៦៨​មម

  • ពណ៌​ចម្បង គឺ​ពណ៌​ស្វាយ និង​ពណ៌​ត្នោត

២. ផ្នែក​ខាង​មុខ​នៃ​ធនបត្រ

  • ផ្នែក​កណ្ដាល ខាង​ស្ដាំ​ត្រូវ​បាន​រំលេច​ឡើង​នូវ​ព្រះឆាយាល័ក្ខណ៍​ នៃ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្ដម​សីហនុ​វរ្ម័ន កាល​ពី​ព្រះអង្គ​កំពុង​បំពេញ​ព្រះរាជ​បូជនីយកិច្ច ដឹក​នាំ​ចលនា​ទាមទារ​ឯករាជ្យ​ជាតិ​ ពី​ពួក​អាណានិគម​និយម​បារាំង​សេស។ ចំណែក​ខាង​ឆ្វេង​មាន​លេខ «៥០០០» នៅ​ពី​លើ​គេ បន្ទាប់​មក​ពី​ជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គបេឡា ព្រម​ទាំង​រូប​តែង​លម្អ យក​តាម​រូប​ក្បាច់​ហោជាង នៃ​អគារ​តុលាការ​កំពូល និង​ខាង​ក្រោម​នោះ​មាន​លេខ-មាលា​បោះពុម្ព​ដោយ​ទឹក​ខ្មៅ​ពណ៌​ខ្មៅ។ កាន់​តែ​ពិសេស​ក្រដាស​ប្រាក់​ ៥០០០​រៀល​ថ្មី​នេះ មាន​រូប​ក្បាល​នាគ​ ៥​នៅ​វិមានឯករាជ្យ និង​អក្សរ​ «ប្រាំ​ពាន់​រៀល» ព្រម​ទាំង​អក្សរ «អ្នក​ក្លែង​ក្រដាស​ប្រាក់​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់» នៅ​គែម​ខាង​ក្រោម​នោះ។

  • ផ្នែក​ខាងស្ដាំ ជ្រុង​លើ​មាន​អក្សរ «ធនាគារ​ជាតិ​នៃ​កម្ពុជា» ព្រម​ទាំង​មាន​លេខ-មាលា​បោះពុម្ព​ដោយ​ទឹក​ខ្មៅ​ពណ៌​ក្រហម និង​នៅ​កណ្ដាល​មាន​រូប​ភាព​អង្គ​ដៅ​ខាង​មុខ ដែល​មើល​ឆ្លុះ​ឃើញ​លេខ "5000” និង​ជ្រុង​ក្រោម​មាន​លេខ «៥០០០» ព្រម​ជាមួយ​លេខ "5000” នៅ​ពី​ក្រោម​នោះ។

  • ផ្នែក​ខាងឆ្វេង មាន​លេខ "5000” ព្រាល​ៗ​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រម​ទាំង​រូបភាព​តែង​លម្អ​ពណ៌​ប្រាក់​យក​លំនាំ​តាម​ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​បន្ទាយ​ស្រី បោះពុម្ព​កាត់​ទទឹង​ក្រដាស​ប្រាក់​ពី​លើ​ដល់​ក្រោម និង​ជ្រុង​ក្រោម​មាន​និមិត្ត​សញ្ញា​សម្គាល់​ប្រភេទ​ប្រាក់​សម្រាប់​ជន​ពិការ​ភ្នែក ព្រម​ទាំង​គំនូស​បន្ទាត់​ខ្លីៗ​ជា​ច្រើន​បង្កើត​ឡើង​ដោយ​លេខ «៥០០០» ដ៏​តូច​ល្អិត។

៣. ផ្នែក​ខាង​ខ្នង​នៃ​ធនបត្រ

  • ផ្នែក​កណ្ដាល ត្រូវ​បាន​រំលេច​ឡើង​នូវរូបភាព​រូប​នាគ​ក្បាល ៩ នៅ​ស្ពាន​បុរាណ​កំពង់ក្ដី និង​រូប​តួ​ស្ពាន មើល​បញ្ឆិត​ពី​ចំហៀង​ខាង​ស្ដាំ នៅ​ពី​លើ​រូប​ស្ពាន​មាន​តែង​លម្អ​ដោយ​ក្បាច់​ចម្លាក់ នៅ​ប្រាសាទ​បន្ទាយ​ស្រី និង​នៅ​ពី​ក្រោម​មាន​អក្សរ «ប្រាំពាន់រៀល»​។

  • ផ្នែក​ខាង​ស្ដាំ ជ្រុង​លើ​មាន​លេខ "5000" បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ នៅ​កណ្ដាល​ជា​រូប​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «៥០០០»។

  • ផ្នែក​ខាង​ឆ្វេង ជ្រុង​លើ​មាន​អក្សរ «ធនាគារ​ជាតិ​នៃ​កម្ពុជា» អក្សរ "NATIONAL BANK OF CAMBODIA” និង​លេខ "2015” និង​នៅ​កណ្ដាល​មាន​រូបភាព​ព្រាលៗ​នៃ​រូប​ចម្លាក់​ព្រះកេស​ទេវតា​នៅ​ឯ​ទ្វារ​ជ័យ​ខាង​ត្បូង​នៅ​ប្រាសាទ​បាយ័ន និង​ក្បាច់​តែង​លម្អ​ពណ៌​ប្រាក់ ផ្ដុំ​ឡើង​ដោយ​លេខ​ «៥០០០» ព្រម​ទាំង​រូបភាព​អង្គ​ដៅ​ចំណាំ​ខាង​ខ្នង​ដែល​មើល​​ឆ្លុះ​ឃើញ​លេខ "5000” ផ្កាប់​ និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «៥០០០»។

លក្ខណៈ​ពិសេស និង​លក្ខណៈ​សម្គាល់​នៃ​ក្រដាស​ប្រាក់ ១០០០​រៀល​ថ្មី៖

​​១. លក្ខណៈ​ទូទៅ

  • ទំហំ​ធនបត្រ៖ បណ្ដោយ​១៤២​មម និង​ទទឹង ៦៨​មម

  • ពណ៌​ចម្បង គឺ​ពណ៌​ផ្ទៃ​មេឃ និង​ពណ៌​ខៀវ និង​ពណ៌​លឿង​ទុំ

​​២. ផ្នែក​ខាង​មុខ​នៃ​ធនបត្រ​​

  • ផ្នែក​កណ្ដាល ខាង​ស្ដាំ​ត្រូវ​បាន​រំលេច​ឡើង​នូវ​ឆាយាល័ក្ខណ៍​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្ដម​សីហនុ​វរ្ម័ន កាល​ពី​ព្រះអង្គ​​គង់​ប្រថាប់​ក្នុង​ព្រះបរម​រាជ​សម្បត្តិ។ ចំណែក​ខាង​ឆ្វេង​មាន​លេខ «១០០០» នៅ​ពី​លើ​គេ បន្ទាប់​មក​ពី​ជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គបេឡា ព្រម​ទាំង​រូប​តែង​លម្អ យក​តាម​រូប​ក្បាច់​ហោជាង នៅ​ប្រាសាទ នៃ​ព្រះបរម​រាជវាំង និង​ខាង​ក្រោម​នោះ​មាន​លេខ-មាលា​បោះពុម្ព​ដោយ​ទឹក​ខ្មៅ​ពណ៌​ខ្មៅ។ កាន់​តែ​ពិសេស​ក្រដាស​ប្រាក់​ ១០០០​រៀល​ថ្មី​នេះ មាន​រូប​ក្បាល​នាគ​ ៥​នៅ​ប្រាសាទ​បឹង​មាលា និង​អក្សរ​ «មួយ​ពាន់​រៀល» ព្រម​ទាំង​អក្សរ «អ្នក​ក្លែង​ក្រដាស​ប្រាក់​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់» នៅ​គែម​ខាង​ក្រោម​នោះ។

  • ផ្នែក​ស្ដាំ ជ្រង​លើ​មាន​អក្សរ «ធនាគារ​ជាតិ​នៃ​កម្ពុជា» ព្រម​ទាំង​មាន​លេខ-មាលា​បោះពុម្ព​ដោយ​ទឹក​ខ្មៅ​ពណ៌​ក្រហម និង​នៅ​កណ្ដាល​មាន​រូប​ភាព​អង្គ​ដៅ​ខាង​មុខ ដែល​មើល​ឆ្លុះ​ឃើញ​លេខ "1000” និង​ជ្រុង​ក្រោម​មាន​លេខ «១០០០» ព្រម​ជាមួយ​លេខ "1000” នៅ​ពី​ក្រោម​នោះ។

  • ផ្នែក​ឆ្វេង មាន​លេខ "1000” ព្រាល​ៗ​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រម​ទាំង​រូបភាព​តែង​លម្អ​ពណ៌​ប្រាក់​យក​លំនាំ​តាម​ក្បាច់​ចម្លាក់​នៅ​ប្រាសាទ​បន្ទាយ​ស្រី បោះពុម្ព​កាត់​ទទឹង​ក្រដាស​ប្រាក់​ពី​លើ​ដល់​ក្រោម និង​ជ្រុង​ក្រោម​មាន​និមិត្ត​សញ្ញា​សម្គាល់​ប្រភេទ​ប្រាក់​សម្រាប់​ជន​ពិការ​ភ្នែក ព្រម​ទាំង​គំនូស​បន្ទាត់​ខ្លីៗ​ជា​ច្រើន​បង្កើត​ឡើង​ដោយ​លេខ «១០០០» ដ៏​តូច​ល្អិត។

៣. ផ្នែក​ខាង​ខ្នង​នៃ​ធនបត្រ

  • ផ្នែក​កណ្ដាល ត្រូវ​បាន​រំលេច​ឡើង​នូវ​រូបភាព​ព្រះទីនាំង​ទេវា​វិនិច្ឆ័យ​មើល​បញ្ឆិត​ពី​ចំហៀង​ពី​ជ្រុង​មុខ​ខាង​​​ឆ្វេង និង​នៅ​ពី​ក្រោម​​នោះ​មាន​អក្សរ «១​ពាន់រៀល»​។

  • ផ្នែក​ខាង​ស្ដាំ ជ្រុង​លើ​មាន​លេខ "1000" បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ នៅ​កណ្ដាល​ជា​រូប​ចម្លាក់​គ្រុឌ​ឈរ​ទ្រ​ចែង​ប្រាសាទ​ព្រះរាជ​ដំណាក់​ច័ន្ទ និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «១០០០»។

  • ផ្នែក​ខាង​ឆ្វេង ជ្រុង​លើ​មាន​អក្សរ «ធនាគារ​ជាតិ​នៃ​កម្ពុជា» អក្សរ "NATIONAL BANK OF CAMBODIA” និង​លេខ "2016” និង​នៅ​កណ្ដាល​មាន​រូបភាព​ព្រាលៗ​នៃ​រូប​ចម្លាក់​ដាក់​តាំង​នៅ​ព្រះ​បរម​រាជវាំង នៃ​អតីត​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្ដម ទ្រង់​ឈរ​ប្រថាប់​លើ​ព្រះទីនាំង​ពាលី ព្រម​ជាមួយ​ក្បាច់​តែង​លម្អ​ពណ៌​ប្រាក់ ផ្ដុំ​ឡើង​ដោយ​លេខ​ «១០០០» ផ្ទុយ​គ្នា និង​នៅ​ជ្រុង​ក្រោម​មាន​លេខ «១០០០»។

តាម​សេចក្ដី​ប្រកាស​របស់​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​ត​ទៅ ធនបត្រ​ប្រភេទ​ ៥០០០​រៀល និង ១០០០​រៀល​គំរូ​ថ្មី ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចរាចរ​ទន្ទឹម​គ្នា​ជាមួយ​ធនបត្រ​ជាតិ​ប្រភេទ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​រួច​មក​ហើយ។ ដូច្នេះ​សាធារណជន​ត្រូវ​ពិនិត្យ​-សម្គាល់​ធនបត្រ​គំរូ​ថ្មី​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជៀសវាង​ការ​ភ័ន្ត​ច្រឡំ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ