ផលិត​​ផ្ទះម្រេញគង្វាល ជាមុខរបរពេញនិយមនៃអ្នកភូមិសីមា ខេត្តតាកែវ

  • 2017-10-26 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​មួយ​នៅ​ខេត្ត​តាកែវ​មិន​តិចជាង​២០​គ្រួសារ​ទេ​កំពុង​ប្រ​ញឹក​ដៃ​ធ្វើ​ផ្ទះ​ម្រេញគង្វាល​សម្រាប់​បោះ​ដុំ​លក់​ឲ្យ​អ្នក​នៅ​ភ្នំពេញ និង​តាម​បណ្តាខេត្ត​មួយ​ចំនួន។ ផ្ទះ​សម្រាប់​ម្រេញ​គង្វាល​នេះ​ត្រូវគេ​ទិញ​យក​ទៅ​ដាក់​នៅ​ផ្ទះ​ដោយ​ជឿថា​បាន​សេចក្តី​សុខ​ និង​រក​ទទួល​ទាន​មាន​បាន។​

កំពុង​អង្គុយធ្វើ​ផ្ទះ​ម្រេញ​គង្វាល​​នៅ​ក្រោម​ផ្ទះ អ្នកស្រី​ ញ៉ែម ម៉ារីមា ឲ្យ​Sabay ដឹងថា​អ្នក​ស្រី និង​ស្វាមី​ចេះ​ធ្វើ​ផ្ទះ​ម្រេញ​គង្វាល​នេះ​តាំង​ពី​នៅជា​មួយ​ឳពុក​ម្តាយ​ម្លេះ ដោយ​ថា​រៀនចំនាញ​នេះ​តពី​ឪពុក​ម្តាយ។ អ្នកស្រី​ឲ្យ​ដឹងថា​អ្នក​ភូមិ​ប្រហែលជា​២០​គ្រួសារកំពុង​ប្រ​កប​របរ​នេះ។

(អ្នកស្រី​ ញ៉ែម ម៉ារីមា កំពុង​អង្គុយ​បិទ​ផ្ទះម្រេញ​គង្វាល)

រស់​នៅ​ក្នុង​ភូមិសីមា ឃុំលាយបូរ​ ស្រុកត្រាំ​កក់ ខេត្តតាកែវ អ្នកស្រី​ឲ្យ​ដឹងថា​ផ្ទះ​ម្រេញ​គង្វាល​នេះ​ធ្វើ​ឡើង​ពី​ឫស្សីបិត​ឲ្យ​ស្តើង និង​កាត់​បិទ​ជាទ្រង់ទ្រាយ​ផ្ទះ​ដោយ​កាវ​ស្អិត។

ចំណែក​តម្លៃ​វិញ​ក៏​មិន​ធម្មតា​ដែរ អ្នកស្រី​ថា​អ្នកទិញ​ខ្លះ​​បញ្ជា​ទិញ​ផ្ទះ​មួយ​ក្នុង​តម្លៃ​១០០​ដុល្លារ​ដោយ​ផ្ទះ​នោះ​ត្រូវ​មាន​ក្បាច់​រចនា​ច្រើន និង​មាន​ទំហំ​ធំ​ជាង​ផ្ទះ​លក់​ធម្មតា។ អ្នកស្រី​បញ្ជាក់ថាៈ « ដោយ​ហេតុ​ថាវា​ថ្លៃ​ព្រោះ​មាន​ខ្យូស​អង្គុយ​លេង​ អាងហែលទឹក និង ម៉ូតក្បូរក្បាច់​រចនា​តុបតែង​ច្រើន​ទៀត»។

តម្លៃ​ជា​ធម្មតា​អ្នកស្រីថា​ចន្លោះពី​៧០០០​រៀល ទៅ​៦ម៉ឺន​រៀន​ទៅ​តាម​ប្រ​ភេទ​ និង​ទំហំនៃ ផ្ទះ​នេះ។ អ្នកស្រី​បន្ត​ថាៈ «សព្វ​ថ្ងៃ​មាន​អតិ​ថិជន​គាំទ្រ​កាន់​តែ​ច្រើន​ព្រោះ​គេ​មាន​ជំនឿ​ថា​ដាក់​របស់​នេះ​នៅ​មុខ​ផ្ទះ​ជួយ​ឲ្យ​រក​ស៊ី​ធូរធារ​ហើយ​សព្វ​ថ្ងៃ​នេះ​យក​ទៅ​លក់​បោះ​ដុំ​រហូត​ដល់​ភ្នំពេញ​»។

(ផ្ទះ​មួយ​ប្រ​ភេទ​ក្នុង​ចំណោម​ប្រ​ភេទ​ផ្សេង​ទៀត​របស់​ផ្ទះ​ម្រេញ​គង្វាល)

​ចំណែក​អ្នក​ផលិត​ផ្ទះ​ម្រេញ​គង្វាល​ម្នាក់​ទៀតគឺ​លោក ជាង ណាន ឲ្យ​ដឹងដែរថា​ផ្ទះ​នេះ​មាន​អតិថិជន​ពេញ​និយម​ទិញ​យក​ទៅ​ដាក់​តាម​ផ្ទះ​ច្រើន ដោយ​ជឿង​ថា​ម្រេញ​គង្វាល​ជាអ្នក​ជួយ​ការ​ពារផ្ទះ​សម្បែង។

លោក​បញ្ជាក់ថាៈ « ដោយ​គេ​មាន​ជំនឿ​ថា​ម្រេញ​គង្វាល​ដែល​មាន​កូន​ក្មេង​តូចៗ៤​នាក់​នោះ​ជា​អ្នក​ជួយ​ចាំ​ថែ​រក្សាផ្ទះ​សម្បែង​ទប់ស្កាត់​ខ្មោច​ព្រាយ​បិសាច​មិន​ឲ្យ​យាយីម្ចាស់​ផ្ទះ​ហើយ​រកស៊ី​មាន​បាន​»។

​អ្នក​ផលិត​ផ្ទះ​ម្រេញ​គង្វាល​អះអាង​ថា​មុខរបរនេះ​អាចធ្វើឲ្យពួកគាត់បាន​ចំណូល​គួរសម​សម្រាប់​ផ្គត់​ផ្គង់​ជិវភាពប្រ​ចាំថ្ងៃ និង​ថា​មិន​ចាំ​បាច់​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ទីក្រុង​ ឬ ក្រៅ​ប្រ​ទេស៕

អត្ថបទដោយ៖​ ជិន វេន

អត្ថបទពេញនិយម