ការពិតទាំង២០ ពីភ្នាក់ងារសម្ងាត់អាមេរិក មនុស្សភាគច្រើនមិនធ្លាប់ដឹង
- 2017-11-06 06:48:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទាំង២០ ពីភ្នាក់ងារសម្ងាត់អាមេរិក មនុស្សភាគច្រើនមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
ភ្នាក់ងារសម្ងាត់អាមេរិក ត្រូវបានគ្របដណ្ដប់នៅក្នុងភាពអាថ៌កំបាំង។ នៅក្នុងខ្សែភាពយន្ត ពួកគេពាក់វ៉ែនតាខ្មៅ និងកាសត្រចៀកសម្រាប់ទាក់ទងគ្នា។ តើពួកគេជានរណា?
នៅក្នុងថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យបានដឹងនូវរឿងរ៉ាវពិតទាំង ២០ របស់ភ្នាក់ងារសម្ងាត់អាមេរិក ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងពីមុនមក។
#២០ ពួកគេមានគ្នាច្រើនជាងយើងគិតទៅទៀត
ជាការពិតណាស់ ភ្នាក់ងារសម្ងាត់អាមេរិក មានរហូតដល់ទៅ ៦ ៥០០នាក់។
#១៩ ពួកគេមិនមែនការពារតែប្រធានាធិបតីប៉ុណ្ណោះទេ
មិនត្រឹមតែប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែគ្រួសាររបស់ប្រធានាធិបតី , អតីតប្រធានាធិបតី និងគ្រួសាររបស់អតីតប្រធានាធិបតី ក៏ស្ថិតនៅក្រោមការការពារផងដែរ។ ភ្នាក់ងារសម្ងាត់ ក៏តាមការពារភ្ញៀវរបស់ប្រធានាធិបតី និងមនុស្សដែលប្រធានាធិបតីចង់ឲ្យការពារទៀតផង។
#១៨ ភ្នាក់ងារសម្ងាត់ត្រូវឆ្លងកាត់ដំណាក់កាលចំនួន៣
ពួកគេមិនត្រូវបានចូលរួមក្នុងការងារខាងក្រៅភ្លាមនោះទេ។ ពួកគេត្រូវធ្វើការនៅការិយាល័យ ៣ឆ្នាំជាមុនសិន ប្រសិនបើពួកគេចង់ប្រឈមមុខនឹងភារកិច្ចលំបាកៗ។ នៅដំណាក់កាលចុងក្រោយ ពួកគេត្រូវបានដំឡើងឋានៈខ្ពស់ ឬវិលត្រលប់ទៅធ្វើការនៅការិយាល័យវិញ។
#១៧ ពួកគេត្រូវហ្វឹកហាត់ នៅមុខគ្រាប់កាំភ្លើង និង នៅក្នុងទឹក
មុនពេលព្រឹត្តិការណ៍សំខាន់ណាមួយ ក្រុមភ្នាក់ងារសម្ងាត់ ត្រូវហាត់សមសេណារីយ៉ូនៃការប៉ុនប៉ងឃាតកម្ម និងការបាញ់ប្រហារគ្នាទាំងអស់ ដែលអាចកើតឡើង។ ពួកគេប្រើប្រាស់គ្រាប់កាំភ្លើង ដែលបានបង្កើតឡើងជាពិសេស សម្រាប់វគ្គបណ្ដុះបណ្ដាលទាំងនេះ។ ភ្នាក់ងារសម្ងាត់ទាំងអស់ ក៏ទទួលបានវគ្គសិក្សាអភិវឌ្ឍន៍ជារៀងរាល់ ៨សប្តាហ៍ផងដែរ។
#១៦ ពួកគេត្រៀមខ្លួនជានិច្ច ដើម្បីផ្ដល់ការសង្គ្រោះបន្ទាន់
ភ្នាក់ងារនិមួយៗមានជំនាញមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ និងត្រៀមខ្លួនជានិច្ចដើម្បីគ្រប់គ្រងស្ថានភាពធ្ងន់ធ្ងរ ដើម្បីសង្គ្រោះជីវិតរបស់នរណាម្នាក់ មុនពេលរថយន្តសង្គ្រោះមកដល់ ឬមុនពេលទៅដល់មន្ទីរពេទ្យ។ ផ្លូវធ្វើដំណើររបស់ប្រធានាធិបតីនិមួយៗ ត្រូវបានស្រាវជ្រាវយ៉ាងហ្មត់ចត់ ដូច្នេះពួកគេតែងតែអាចទៅដល់មន្ទីរពេទ្យ ក្នុងរយៈពេល ១០នាទី។
#១៥ ពួកគេតែងតែមានឈាមប្រធានាធិបតីនៅជាមួយ
ភ្នាក់ងារសម្ងាត់ តែងតែត្រៀមខ្លួនជានិច្ច ក្នុងការប្រើជំនាញវេជ្ជសាស្ត្រ និងធ្វើការចាក់បញ្ចូលឈាម ប្រសិនបើចាំបាច់។ ពួកគេតែយកឈាមបន្ថែមសម្រាប់ប្រធានាធិបតីជានិច្ច។
#១៤ មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ Mount Weather គឺមានពិតមែន
វាពិតជាមានលានដ្ឋានក្រោមដីមួយ ដែលគេហៅថា Mount Weather ហើយត្រូវបានប្រើដើម្បីលាក់អ្នកតំណាងរដ្ឋាភិបាលម្នាក់ ក្នុងអំឡុងពេលព្រឹត្តិការណ៍ណាមួយ ហើយមន្ត្រីរដ្ឋទាំងអស់ផ្សេងទៀត ក៏ត្រូវប្រមូលផ្ដុំគ្នានៅទីនោះផងដែរ។ ប្រសិនបើភេរវជន ចង់សម្លាប់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ច្បាស់ជាបរាជ័យ។
#១៣ ប្រធានាធិបតីសុទ្ធតែមានឈ្មោះពិសេស
ភ្នាក់ងារសម្ងាត់ពិតជាបានប្រើឈ្មោះពិសេសសម្រាប់ប្រធានាធិបតីមែន ហើយវាមិនមែនជារឿងប្រឌិតនៅក្នុងខ្សែភាពយន្តហូលីវូដនោះទេ។ ជារឿយៗ ពួកគេប្រើឈ្មោះដោយចាប់ផ្ដើមជាមួយអក្សរដូចគ្នា សម្រាប់គ្រួសារមួយ។ ជាក់ស្ដែង លោក បារ៉ាក់ អូបាម៉ា គឺ Renegade ខណៈភរិយារបស់លោក គឺ Renaissance ហើយកូនស្រីរបស់ពួកគេ គឺ Radiance និង Rosebud។
#១២ មានឧបករណ៍ចាប់ចលនា នៅលើផ្ទៃនៃការិយាល័យ Oval Office
ច្បាប់មួយរបស់ភ្នាក់ងារសម្ងាត់ គឺ មិនគួរទុកប្រធានាធិបតីចោលតែម្នាក់ឯងនោះទេ។ ប្រសិនបើប្រធានាធិបតីចង់នៅតែម្នាក់ឯង នៅក្នុងការិយាល័យ Oval Office ពួកគេក៏អាចតាមដានចលនា និងការគំរាមកំហែងណាមួយ ដោយមានជំនួយពីឧបករណ៍ចាប់ចលនានោះ។
#១១ ពួកគេចូលរួមជាមួយទម្លាប់របស់ប្រធានាធិបតី
ដោយសារតែប្រធានាធិបតីមិនអាចនៅតែម្នាក់ឯង ដូច្នេះភ្នាក់ងារសម្ងាត់ត្រូវតែចូលរួមជាមួយអ្វីៗគ្រប់យ៉ាង នៅក្នុងជីវិតរបស់ប្រធានាធិបតី។ ជាក់ស្ដែងដូចជា ការរត់ហាត់ប្រាណ , ឡើងភ្នំ ឬ ជិះស្គី ជាដើម។
#១០ ពួកគេទៅជួបវេជ្ជបណ្ឌិតជាមួយប្រធានាធិបតី
ប្រធានាធិបតីក៏មិនអាចនៅម្នាក់ឯងជាមួយគ្រូពេទ្យ ដោយគ្មានភ្នាក់ងារតាមការពារដែរ មិនថាបញ្ហារបស់ប្រធានាធិបតីជាអ្វីក៏ដោយ។
#៩ ពួកគេតាមដានរាល់សារគំរាមកំហែងទាំងអស់
វាមិនមែនជារឿងប្រឌិតនោះទេ។ ភ្នាក់ងារសម្ងាត់ត្រួតពិនិត្យមើលរាល់សារអេឡិចត្រូនិក និងក្រដាសទាំងអស់ ដែលមានការគំរាមកំហែងណាមួយ។
#៨ ពួកគេតែងតែឃ្លាំមើល និងកត់ត្រាអ្វីគ្រប់យ៉ាង
ភ្នាក់ងារសម្ងាត់តែងតែប្រើកាមេរ៉ាច្រើនគ្រឿង តាមដែលពួកគេអាចធ្វើបាន។ វាពិតជាជួយច្រើន នៅពេលដែលដោះស្រាយឧបទ្ទវហេតុ និងស្វែងរកជនល្មើស។
#៧ ពួកគេមិនស្បថថានឹងស្លាប់ដើម្បីប្រធានាធិបតីឡើយ
វាគ្រាន់តែជាការប្រឌិតនៅក្នុងខ្សែភាពយន្តហូលីវូដប៉ុណ្ណោះ ពោលគឺគ្មានការស្បថបែបនេះ នៅក្នុងជីវិតពិតនោះទេ។
#៦ មានភ្នាក់ងារតែម្នាក់គត់ ដែលត្រូវបានសម្លាប់ នៅក្នុងពេលបំពេញកាតព្វកិច្ច
ប្រសិនបើភ្នាក់ងារម្នាក់ បានបូជាជីវិតដើម្បីប្រធានាធិបតី គឺគេធ្វើវាដោយស្ម័គ្រចិត្ត។ ជាការពិតណាស់ មានករណីតែមួយគត់ នៅក្នុងប្រវត្តិសាស្ត្រ នៅពេលភ្នាក់ងារសម្ងាត់ម្នាក់ មានឈ្មោះថា Leslie Coffelt ត្រូវបានសម្លាប់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥០ ខណៈពេលកំពុងការពារ អតីតប្រធានាធិបតីអាមេរិកទី៣៣ លោក Harry Truman។
#៥ ពួកគេរក្សាទីតាំងនៃទីស្នាក់ការកណ្ដាលរបស់ខ្លួនជាសម្ងាត់
ទីស្នាក់ការកណ្ដាលរបស់ទីភ្នាក់ងារសម្ងាត់អាមេរិក ស្ថិតនៅក្នុងអគារមួយខ្នង ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលគ្មានស្លាកសម្គាល់អ្វីទាំងអស់។ មិនតែប៉ុណ្ណោះ នៅក្បែរនោះគ្មានធុងសំរាមឡើយ ដូច្នេះមិនមានកន្លែងសម្រាប់ដាក់បង្កប់គ្រាប់បែកទេ។ អគារនោះស្ថិតនៅលើផ្លូវមួយ ដែលមានឈ្មោះខ្លីខ្លាំងណាស់។
#៤ ភ្នាក់ងារសម្ងាត់អាមេរិក ត្រូវបានបង្កើតឡើង នៅថ្ងៃដែល លោក Abraham Lincoln ត្រូវបានគេសម្លាប់
អតីតលេខាធិការរតនាគារអាមេរិក លោក Hugh McCulloch គឺជាអ្នកស្នើសុំបង្កើតភ្នាក់ងារសម្ងាត់នេះឡើង។ លោកបានបង្ហាញពីគំនិតនេះទៅកាន់ អតីតប្រធានាធិបតីអាមេរិកទី១៦ លោក Abraham Lincoln នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៨៦៥។ ក្រោយមក នៅយប់នោះ ប្រធានាធិបតី Lincoln បានទៅរោងកុនមួយកន្លែង ហើយក៏ត្រូវគេបាញ់សម្លាប់ចំក្បាលតែម្ដង។
#៣ ពួកគេមិនពាក់វ៉ែនតាខ្មៅនៅខាងក្រៅឡើយ
នៅក្នុងខ្សែភាពយន្ត ភ្នាក់ងារសម្ងាត់ តែងតែពាក់វ៉ែនតា និងខោអាវពណ៌ខ្មៅ។ ផ្ទុយទៅវិញ ភ្នាក់ងារសម្ងាត់ពិតប្រាកដ មិនប្រើប្រាស់វ៉ែនតាខ្មៅ ក្នុងអំឡុងពេលបំពេញបេសកកម្មឡើយ ព្រោះពួកគេអាចនឹងមើលរំលងអ្វីមួយ ដោយសារតែពន្លឺ ឬ កង្វះពន្លឺ។
#២ ជួនកាលពួកគេក៏បរាជ័យដែរ
បច្ចុប្បន្នវាពិតជាលំបាកណាស់ ក្នុងការលាក់បាំងរឿងគ្រប់យ៉ាង ហើយកំហុសរបស់ភ្នាក់ងារសម្ងាត់ តែងតែកើតមាន។ ជាក់ស្ដែង ដូចជាករណី បុរសម្នាក់កាន់កាំបិត ផ្លោះចូលបរិវេណសេតវិមាន ដោយលោតចូលតាមរបង ខណៈអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កំពុងជិះជណ្ដើរយន្ត ជាមួយមន្ត្រីប្រដាប់អាវុធម្នាក់។
#១ ដៃរបស់ពួកគេតែងតែប្រុងប្រៀបជានិច្ច
ប្រសិនបើអ្នកមើលរូបភ្នាក់ងារទាំងនោះឲ្យច្បាស់ នោះអ្នកនឹងសម្គាល់ឃើញថា ដៃរបស់ពួកគេតែងតែដាក់នៅត្រឹមចង្កេះ។ ទីតាំងម្រាមដៃរបស់ពួកគេអាចខុសគ្នា ប៉ុន្តែអត្ថន័យគឺតែមួយ ព្រោះពួកគេអាចប្រតិកម្ម និងលើកអាវុធបានភ្លាមៗ៕
ចុចអាន៖
-នេះជាមូលហេតុ ប្រធានាធិបតីអាមេរិកទៅណាម្ដងៗ ត្រូវចំណាយជិត៣ពាន់ដុល្លារក្នុងមួយនាទី