នៅ​ថ្ងៃ​ការ ភ្ញៀវ​នឹង​មិន​ស៊ី​ត្រាវ​​រអ៊ូ​រឿង​ភេសជ្ជៈទេ បើ​ធ្វើ​តាម​នេះ

  • 2017-11-06 09:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​វល់ៗ​រឿង​រក​ចុងភៅ សម្អាង​ការ ហាង និង​ធៀប​ការ ការងារ​បន្ទាប់​គឺ​ត្រូវ​ពិភាក្សា​គ្នា​ថា​គួរ​ដាក់​ប្រភេទ​ភេសជ្ជៈ​អី​សម្រាប់​ទទួល​ភ្ញៀវ ជា​ពិសេស​កម្មវិធី​ញ៉ាំ​ការ​ពេល​ល្ងាច​តែ​ម្ដង។

ការ​កំណត់​បរិមាណ និង​ប្រភេទ​ភេសជ្ជៈ គឺ​ផ្អែក​លើ​ចំនួន និង​ប្រភេទ​ភ្ញៀវ​ដែល​ចូល​រួម។ ការ​កំណត់​បរិមាណ​ភេសជ្ជៈ​ជា​រឿង​ងាយ​ស្រួល​ទេ ព្រោះ​បើ​យើង​ទៅ​រក​ដេប៉ូ​ចែក​ចាយ គេ​នឹង​សួរ​ថា​ភ្ញៀវ​យើង​មាន​ប៉ុន្មាន​តុ ហើយ​ខាង​ដេប៉ូ​នឹង​ចាត់​ចែង​គណនា​រួច​ជា​ស្រេច​ថា​ភេសជ្ជៈ​ប៉ុន្មាន​កេស​ត្រូវ​សម្រាប់​កម្មវិធី។ បើ​សល់ ដេប៉ូ​នឹង​យក​វិញ។

សំណួរ​សួរ​ថា ម្ចាស់​ដើម​ការ​គួរ​ដាក់​ភេសជ្ជៈ​ប្រភេទ​ណា​ខ្លះ? ភេសជ្ជៈ​ត្រង់​នេះ សំដៅ​ប្រភេទ​ទឹក​ក្រូច និង​ទឹក​ផ្លែ​ឈើ។

ការ​ជ្រើសរើស​ប្រភេទ​ភេសជ្ជៈ គឺ​ត្រូវ​គិត​ពី​ប្រភេទ​ភ្ញៀវ​ចូលរួម ថា​តើ ប៉ុន្មាន​ភាគ​រយ​ចាស់ ប៉ុន្មាន​ភាគ​រយ​ក្មេង? នេះ​ការ​លើក​ឡើង​របស់​លោក ហេង ទី អាជីវករ​ផ្សារ​ថ្មី​ដែល​ទើប​តែ​ការ​រួច​កាល​ពី​ចុង​ឆ្នាំ​មុន។

"អង្កាល់​ការ​ខ្ញុំ អត់​បាន​គិត​ដល់ ឲ្យ​តែ​គេ​ដាក់​តែ ប៊ីយែរ និង​ទឹក​ក្រូច [មាន​ហ្គាស]។ ភ្លេច​គិត​រឿង​ទឹក​ក្រូច​ប្រភេទ​អី​ខ្លះ និង​ទឹក​ផ្លែ​ឈើ​សម្រាប់​មនុស្ស​ចាស់ ព្រោះ​ចាស់ៗ​អត់​ចូល​ចិត្ត​ញ៉ាំ​របស់​មាន​ហ្គាស។ ដឹង​អី ថ្ងៃ​ញ៉ាំ​ការ ពួកម៉ាក​ខ្ញុំ​ដែល​អង្គុយ​តុ​ជាមួយ​ចាស់ៗ ប្រាប់​ថា ពួកគាត់​រអ៊ូ ព្រោះ​អត់​មាន​ទឹក​ក្រូច និង​ទឹក​ផ្លែឈើ​​ដែល​ញ៉ាំ​បាន"។

កុំ​ឲ្យ​ខុស​ដូច​លោក បុរស​ត្រៀម​ធ្វើ​ជា​ឪពុក​គេ​ឆាប់ៗ​នេះ បាន​លើក​ឧទាហរណ៍​ថា បើ​គង់​តែ​យើង​យក​ទឹក​ក្រូច​សម្រាប់​កម្មវិធី ២០ កេស​ដដែល ក្នុង​នោះ​យើង​គួរ​បែង​ចែក​ប៉ុន្មាន​កេស​សម្រាប់​ទឹក​ក្រូច​មាន​ហ្គាស ដូច Pepsi អី​ទៅ ប៉ុន្មាន​កេស​សម្រាប់​ទឹក​ក្រូច​ផ្អែម​អត់​សូវ​មាន​ហ្គាស ដូច​ជា 7Up, Mirinda និង​ប៉ុន្មាន​កេស​សម្រាប់​ទឹក​ផ្លែ​ឈើ​អី​ទៅ។ ក្រៅ​ពី​ទឹក​សុទ្ធ ចាស់ៗ​ក៏​អាច​ញ៉ាំ​ភេស្ជៈ​ផ្សេងៗ​បាន កុំ​ឲ្យ​ដូច​ពិធី​ការ​លោក មាន​តែ​ភេសជ្ជៈ​សម្បូរ​ហ្គាស ពិបាក​ដល់​ចាស់​ៗដែល​មាន​បញ្ហា​ក្រពះ។

អត្ថបទ​ពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

រី​ឯ​ស្រី​ស្អាត ម៉ី ម៉ី ម្ចាស់​ហាង​ផ្កា​មួយ​កន្លែង​នៅ​ម្ដុំ​បឹង​កេងកង ប្រាប់​តាម​ហ្វេសប៊ុក​ថា ម្ចាស់​ការ​ភាគ​ច្រើន​រវល់​វក់វី​រឿង​ច្រើន ចឹង​អត់​បាន​គិត​ល្អិត​រឿង​ប្រភេទ​ទឹក​ក្រូច ទឹក​ផ្លែ​ឈើ​អី​ទេ។ បើ​គិត គិត​ត្រឹម​ប្រភេទ​ស្រា ប៊ីយែរ​ប៉ុណ្ណោះ។

"កុំ​តែ​បាន​បង​សួរ កុំ​អី​ភ្លេច​ត្រង់​ហ្នឹង​បាត់! អូន​ជិត​ការ​ដែរ តែ​អត់​បាន​លម្អិត​រឿង​ហ្នឹង​សោះ ប្រុង​នឹង​ឲ្យ​ខាង​ដេប៉ូ​រៀប​ចំ​ម៉ា​កំផ្លេ​ហើយ​តើ”! ស្រី​ស្អាត​វ័យ​ជិត ២០ ឆ្នាំ​ដែល​គ្រោង​នឹង​រៀបការ​ដើម​ឆ្នាំ​ក្រោយ​នេះ ភ្ញាក់​ខ្លួន ពេល Sabay សម្ភាស។

សាច់​ញាតិ​បង​ប្អូន និង​ភ្ញៀវ​ មាន​ច្រើន​ប្រភេទ និង​ចំណូល​ចិត្ត​ខុសៗគ្នា ចឹង​ម្ចាស់​ដើម​ការ​គួរ​មាន​ជម្រើស​ភេសជ្ជៈ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​អី​ខាង​ដេប៉ូ​នឹង​យក​វិញ បើ​នៅ​សល់។ សំខាន់ គឺ​ចេះ​គ្រប់គ្រង​ការ​ចាត់ចែង​ភេសជ្ជៈ​ទាំង​នោះ កុំ​ឲ្យ​បាត់​មិន​ដឹង​មុខ​ទៅ ជា​ការ​ស្រេច​ហើយ៕

អត្ថបទ៖ សុផាត