iPhone X ស្រួយ​ជាង​ iPhone 8 ចង់ជួសជុលចាយលុយច្រើន

  • 2017-11-07 02:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ធ្លាប់​បាន​អះអាង​ថា​​​ផ្ទាំង​កញ្ចក់​ដែល​ប្រើ​លើ​ iPhone 8/8 Plus និង iPhone X ជា​​ផ្ទាំង​កញ្ចក់​ដែល​រឹងមាំ​ជាង​គេ​​បំផុត។ ប៉ុន្តែ​តាម​ការ​ធ្វើ​តេស្ត​របស់​ក្រុម​ការងារ​ Square Trade បញ្ជាក់​ឲ្យ​ឃើញ​ថា​ផ្ទាំង​​កញ្ចក់​នេះ​មិន​រឹង​មាំ​ប៉ុន្មាន​ឡើយ។

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​ iPhone 8 ទទួល​បាន​ពិន្ទុ​ ៦៧ ​លើ​កម្រិត​ដែល​អាច​​ខូច​ខាត​ និង iPhone 8 Plus ទទួល​បាន​ពិន្ទុ​ ៧៤។ ចំពោះ​ Galaxy Note 8 ទទួល​បាន​ពិន្ទុ​ ៨០។ ចំណែក​ឯ​ iPhone X ទទួល​បាន​ពិន្ទុ​ដល់​ ៩០ ឯណោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម​នឹង​ដឹង​ថា​ហេតុអ្វី​ iPhone X ទទួល​បាន​ពិន្ទុ​ខ្ពស់​បែប​នេះ។ គ្រាន់​តែ​​តេស្ត​ទម្លាក់​​​ពី​ផ្នែក​ចំហៀង​​ម្ដង​ធ្វើ​ឲ្យ​អេក្រង់​​មាន​បញ្ហា​ប្រើ​ការ​លែង​កើត។ ទម្លាក់​​ដោយ​បែរ​អេក្រង់​ចុះ​ក្រោម​ផ្ទាំង​អេក្រង់​ក៏​បែក​ខ្ទេច ធ្វើ​ឲ្យ​ Face ID លែង​ដំណើរ​ការ។ សាក​ទម្លាក់​ពី​ក្រោយ​វិញ​ កញ្ចក់​ផ្នែក​ខាង​ក្រោយ​ប្រេះស្រាំ​មើល​លែង​យល់។

​​​ចុង​ក្រោយ​ Square Trade បាន​វាយ​តម្លៃ​ថា​ iPhone X ជា iPhone ​មាន​តម្លៃ​ថ្លៃ​​បំផុត, ងាយ​នឹង​ខូច​ខាត ហើយ​ពេល​ជួសជុល​ត្រូវ​ចំណាយ​ច្រើន​ទៀត​ផង។ តាម​ការ​បញ្ជាក់​របស់​ Apple ដើម្បី​ជួសជុល​អេក្រង់​ iPhone X ត្រូវ​ចំណាយ​ ២៧៩ ដុល្លារ ​ហើយ​ចំពោះ​ការ​ជួសជុល​ផ្សេងៗ​ដូច​ជា​ផ្ទាំង​កញ្ចក់​ខាង​ក្រោយ​ជា​ដើម​ត្រូវ​ចំណាយ​ ៥៤៩ ដុល្លារ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង