ស្ត្រី​ម្នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ បន្ទាប់​ពី​ឲ្យ​ម្រាម​ដៃ​កណ្ដាល​ទៅ​ក្បួន​ឡាន​ ដូណាល់ ត្រាំ

  • 2017-11-07 13:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ ៥០​ម្នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បង្ហោះ​រូប​ភាព​ខ្លួន​លើក​ម្រាម​ដៃ​កណ្ដាល​ទៅ​ក្បួន​រថយន្ត​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ទៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម។

ស្ត្រី​រូប​នេះ​មាន​ឈ្មោះ Juli Briskman ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តួនាទី​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង ដោយ​ក្រុមហ៊ុន Akima LLC បន្ទាប់​ពី​អ្នក​ស្រី​យក​រូប​អ្នក​ស្រី​លើក​ម្រាម​ដៃ​កណ្ដាល​ធ្វើ​ជា Profile Picture ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook និង Twitter របស់​អ្នក​ស្រី។ ក្រុមហ៊ុន​បាន​លើក​យក​ហេតុ​ផល​នៃ​ការ​បញ្ឈប់​ថា អ្នក​ស្រី​បាន​រំលោភ​ច្បាប់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដែល​ក្រុមហ៊ុន​បាន​ចែង ដោយ​រូប​ភាព​នេះ​មាន​លក្ខណៈ​មិន​សមរម្យ។ បន្ថែម​ពី​លើ​នេះ ក្រុមហ៊ុន​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ Virginiaមួយ​នេះ ក៏​បាន​ប្រាប់​ទៅ​អ្នក​ស្រី​ទៀត​ថា ក្រុមហ៊ុន​ជា​ដៃ​គូ​រក​ស៊ី​ជាមួយ​រដ្ឋាភិបាល រូប​ភាព​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​ជំនួញ​របស់​ក្រុមហ៊ុន។

តាម​ពិត​ រូប​ភាព​នេះ​ត្រូវ​បាន​ថត​ដោយ​ ជាង​ថត​រូប ធ្វើ​ការ​នៅ​ក្នុង​សេតវិមាន​ម្នាក់ ហើយ​បាន​បង្ហោះ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម។ បន្ទាប់​មក​អ្នក​ស្រី Briskman ក៏​យក​រូប​នេះ​ធ្វើ​ជា​ Profile Picture ក្នុង​បណ្ដាញ​សង្គម​របស់​អ្នក​ស្រី រួច​ក៏​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​តែ​ម្ដង។

មូល​ហេតុ​ដែល​អ្នក​ស្រី​ Briskman លើក​ម្រាម​ដៃ​កណ្ដាល​ទៅ​ក្បួន​ឡាន​លោក​ ត្រាំ បែប​នេះ គឺ​ដោយ​សារ​អ្នក​ស្រី​មិន​ពេញ​ចិត្ត​នឹង​គោល​នយោបាយ​របស់​ប្រធានាធិបតី​ទាក់​ទង​នឹង Obamacare, ជន​អន្តោប្រវេសន៍ និង​ Puerto Rico។ ម្យ៉ាង​ទៀត​ អ្នក​ស្រី​ក៏​បាន​អះអាង​ខ្លួន​ថា ជា​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ផង​ដែរ ខណៈ​លោក​ ត្រាំ ជា​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ។

បើ​ទោះ​ជា​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក៏​ដោយ អ្នក​ស្រី Briskman បាន​និយាយ​ថា​អ្នក​ស្រី​មិន​ភាព​ស្ដាយ​ក្រោយ​ឡើយ ក្នុង​ការ​បង្ហោះ​រូប​មួយ​នេះ ដោយ​អ្នក​ស្រី​បញ្ជាក់​ថា នេះ​ជា​ឱកាស​សម្រាប់​អ្នក​ស្រី​ក្នុង​បញ្ចេញ​នូវ​ការ​យល់​ឃើញ​របស់​អ្នក​ស្រី ទៅ​លើ​ស្ថានភាព​របស់​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ហ៊ីម រស្មី