ឱកាស​ល្អ​សម្រាប់​ផលិតករ​ខ្មែរ​ស្វែង​យល់​បទ​ពិសោធន៍​ពី​ផលិតករ​ភាពយន្ត​បរទេសល្បីៗ

  • 2017-11-08 07:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាពយន្ត​ជប៉ុន ដែល​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ទី១២​ខាង​មុខ​នេះ បាន​សម្រិត​សម្រាំង​ភាពយន្ត​ជប៉ុន ចំនួន​១២រឿង​មក​ចាក់​បញ្ចាំង​ជូន​ពល​រដ្ឋ​ខ្មែរ​បាន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ។ ក្នុង​ឱកាស​នោះ​ដែរ នៅ​ថ្ងៃ​សុក្រ​ទី១០ ក៏​មាន​សិក្ខាសាលា​ចែក​រំលែក​បទ​ពិសោធន៍​ពី​ផលិតករ​ដ៏​ល្បី​របស់​ជប៉ុន ក្នុង​ការ​ផលិត​កុន​ផង​ដែរ។

តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​លោក ហ៊ុយ សុជាតិ បាន​ប្រាប់ Sabay ថា សិក្ខាសាលា ស្ដី​អំពី​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ផលិតករ​ដ៏​ល្បី​របស់​ជប៉ុន និង​ធ្វើ​ឡើង​នៅ​ទី​ស្ដី​ការ​ក្រសួង​វប្បធម៌​តែម្ដង។ សម្រាប់​ផលិតករ​ខ្មែរ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ប្រមាណ​ជា​១០០នាក់់ ហើយ​ចំពោះ​អ្នក​ដែល​មិន​បាន​ចូល​រួម​អាច​ស្វែង​រក​ព័ត៌មាន​តាម គេហទំព័រ​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​បាន។ លោក​បញ្ជាក់​ថា ផលិតករ​មក​ពី​ជប៉ុន នឹង​ចែក​រំលែក​បទ​ពិសោធន៍​អំពី ការ​ស្វែង​រក​មូលនិធិ​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ដើម្បី​ផលិត​រឿង ព្រម​ទាំង​បច្ចេកទេស​ផលិត​កុន​ប្រកប​ដោយ​គុណភាព និង​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន​ទៀត។

តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហ៊ុយ សុជាតិ ឆ្វេងដៃ

“យើង​ដឹង​ហើយ​ថា នៅ​កម្ពុជា​មាន​ផលិតករ​មួយ​ចំនួន​ពិបាក​រក​ប្រាក់​ក្នុង​ការ​ផលិត​ភាពយន្ត ដូច្នោះ​សិក្ខាសាលា​នេះ​ នឹង​ចែក​រំលែក​វិធី​សាស្ត្រ រក​ប្រាក់​ពី​ខាង​ក្រៅ ដើម្បី​មក​ផលិត​រឿង​ឱ្យ​កាន់តែ​មាន​គុណ​ភាព​ខ្ពស់ និង​ផ្ដោត​ទៅ​លើ​បច្ចេកទេស​ផលិត​កុន​មួយ​ចំនួន​ទៀត។ ខ្ញុំ​សង្ឃឹម​ថា​ជំនួប​នេះ និង​អាច​ជួយ​ឱ្យ​ផលិតករ​ខ្មែរ កាន់​តែ​ទទួល​បាន​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​បន្ថែម ដើម្បី​ឱ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​កាន់​តែ​មាន​គុណភាព​ល្អ"។

មហោស្រព​ភាពយន្ត​ជប៉ុន​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​សហការ​រវាង មូលនិធិ​ជប៉ុន ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ។ ភាពយន្ត​ដែល​ដាក់​បញ្ចាំង​នោះ​មាន​ភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប​មនោសញ្ចេតនា ភាពយន្ត​ឯកសារ ហើយ​ក្នុង​នោះ​ក៏​មាន​ភាពយន្ត​ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ផង​ដែរ។

មហោស្រព​ភាពយន្ត​ជប៉ុន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ២០១៥​មក ក្នុង​គោល​បំណង​ជំរុញ​ការ​យល់​ដឹង​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន និង​វប្បធម៌​ជប៉ុន ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ចាក់​បញ្ចាំង​ភាព​យន្ត។

មហោស្រព​នេះ​នឹង​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១២​ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅ​រោង​ភាពយន្ត Major Cineplex (AEON Mall) និង​រោង​ភាព​យន្ត Legend ទួលគោក នៅ​ទី​ក្រុង​ភ្នំពេញ ចូល​រួម​ដោយ​សេរី ។ សម្រាប់​ព័ត៌មាន​លំអិត​ពី​ការ​ដាក់​បញ្ចាំង​សូម​ចូល​ទៅ​កាន់ htt://kh.japanesefilmfest.org/screening-schedule/

អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី