អ្នក​និពន្ធ​ទំនុក​ចម្រៀង​ស្រ្តីវ័យ​ក្មេង​៣រូប ដែល​មាន​ស្នាដៃ​លេចធ្លោ​ក្នុង​ផលិតកម្ម​ល្បីៗ

  • 2017-11-10 01:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​បីរូប​នេះ មិន​ត្រឹម​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការអន្ទង​អារម្មណ៍​អ្នក​ស្តាប់​ឲ្យ​ទោ​ទន់​ទៅ​តាម​ទំនុក​ច្រៀង​ប៉ុណ្ណោះ តែ​ថែម​ទាំង​មាន​វ័យ​ក្មេង និង​រូប​សម្រស់​ស្រស់​សោភា​ទៀត​ផង។

ថ្ងៃនេះ Sabay នឹង​បង្ហាញ​ពី​ស្នាដៃ និង​ប្រវត្តិ​ខ្លីៗ​របស់​និពន្ធ​វ័យ​ក្មេង​ទាំង​៣ រូប​នេះ ដែល​រួមមាន កញ្ញា ស៊ិន ធារី កញ្ញា លឹម ផាន់ណា និង នី សុគន្ធា។

១.ស៊ិន ធារី៖

ធ្លាប់​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង ឲ្យ​ផលិតកម្ម​សាន់ដេ ក្នុង​ឆ្នាំ ២០១៤ ស្នាដៃ​របស់​នាង ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ស្រទាប់​យុវវ័យ ក្នុង​នោះមាន​បទ ​លើស​ពី fan បាន​អត់? ខឹង​ឬ​ស្អប់​អូន​អាច​ជេ​បង​បាន ខឹង​ឬ​ស្អប់​បង​អាច​ជេ​អូន​បាន ជាតិ​ក្រោយ​សុំ​ធ្វើ​ជា​ប្រពន្ធ​បង គេ​មិន​បាន​ស្រលាញ់​យើង​ទេ និង បទ នឹក​ខ្លួន​ឯង។

ថ្មីៗ​នេះ​នារី​តូច​ស្ដើង​ម្នាក់​នេះ ក៏​ទើប​តែ​បង្ហាញ​ស្នាដៃ​ខ្លួន​ក្នុង​ទ្រនំថ្មី ផលិតកម្ម​ថោន ដូចជាបទ ថ្ងៃ​ឯកា ពិន្ទុ zero ជា​ដើម។ ស៊ិន ធារី ជា​អ្នក​បាត់ដំបង និង​កូន​ពៅ នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​ជា​អាជីវករ និងមាន​បង​ប្អូន ៤នាក់ ឆ្នាំនេះ​នាង​មាន​អាយុ ២៧ឆ្នាំ ។

២.លឹម ផាន់ណា

ចំណែក​កវី​ដែល​មាន​សម្បុរស កញ្ញា លឹម ផាន់ណា នាង​ជា​អតីត​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម Diamond Music បច្ចុប្បន្ន​ជា​អ្នក​និពន្ធ Freelancer​ ឲ្យ​បណ្តា​ផលិត​កកម្ម​ផ្សេងៗ ក្នុង​ប្រទេស​កម្ពុជា ។ បទ​ចម្រៀង​ដំបូង ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង គឺ បទ «ពេល​ណា​បង​មាន​ឱកាស» នឹក​ស្រណោះ​សម័យ​សង្គម​រាស្រ្ត​និយម និង ស្រលាញ់​បង​នឿយ​ហត់​ណាស់។ អ្នក​និពន្ធ​វ័យ ២៧​ឆ្នាំរូប​នេះ បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​និពន្ធ តាំង​ពី​ឆ្នាំ ២០១១។ នាង​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ​អាជីវករ ដែល​មាន​បងប្អូន​២​នាក់។ ផាន់ណា​ មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ ក្រៅ​ពី​មាន​អាជីព​ជា​អ្នក​និពន្ធ នាង​ក៏​ជា​អ្នក​ប្រឹក្សា​បញ្ហា​ផ្លូវ​ចិត្ត ក្រោយ​ពី​បញ្ចប់​អនុបណ្ឌិត ផ្នែក​ចិត្ត​វិទ្យា​តាំង​ពី​ឆ្នាំ ២០១៥​មក។

៣. នី សុគន្ធា

កញ្ញា នី គន្ធា មាន​សម្រស់​សោភា ពេល​នេះ​នាង​ជា​អ្នក​និពន្ធ​ទំនុក​ចម្រៀង​ក្នុង​ផលិតកម្ម ហង្ស​មាស។ ស្នាដៃ​ថ្មី​របស់​នាង​ដែល​អាច​ទាក់​ទឹក​ចិត្ត​អ្នក​គាំទ្រ​បាន​យ៉ាង​ច្រើន​នោះ​គឺ​បទ ចង់​ទៅ​ទៅៗ។ អ្នក​និពន្ធ​វ័យ​ ២៥ ឆ្នាំ រូបនេះ​បាន​ចាប់ផ្តើម​អាជីព ជា​អ្នក​និពន្ធ តាំង​ពី​ឆ្នាំ ២០០៩ មកម្ល៉េះ​ នាងជាអ្នក​ភ្នំពេញ មានឪពុកម្តាយ​ជា​អាជីវករ​លក់​កូន​ឈើ​នៅ​ក្រុង​តាខ្មៅ។ អ្នក​និពន្ធ​រូប​នេះ បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ភាសា​អង់គ្លេស​សម្រាប់ទំនាក់​ទំនង​ ឬ English​ for Communication ក្នុងឆ្នាំ​២០១៦​។

អត្ថបទៈ ស្រីអូន

អត្ថបទថ្មី