កូនខ្មែរគួរដឹង! ប្រវត្តិព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំង របស់អតីតព្រះមហាវីរក្សត្រ
- 2017-11-08 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរគួរដឹង! ប្រវត្តិព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំង របស់អតីតព្រះមហាវីរក្សត្រ
ចន្លោះមិនឃើញ
ថ្ងៃនេះគឺជាខួប ៦៤ឆ្នាំ នៃការទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំង ហើយស្នាដៃទាំងឡាយដែលព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ សម្រេចបានសម្រាប់កម្ពុជា ពិតជាមិនអាចបំភ្លេចបានឡើយ។ ខាងក្រោមនេះគឺជា ព្រះរាជបូជនីយកិច្ចសំខាន់ៗរបស់សម្ដេចព្រះបរមរតនកោដ្ឋ កាលដែលទ្រង់ទាមទារឯករាជ្យពីបារាំង៖
តាមរយៈសន្ធិសញ្ញាចុះថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែជាការអនុវត្តន៍ បារាំងមិនបានប្រគល់នូវ អធិបតេយ្យភាពខាងយុត្តិធម៌ ប៉ូលិស បញ្ជាការយោធា ការទូត ការចាយធនប័ត្រទាំងស្រុងនោះឡើយ។
ថ្ងៃ ១៥ មិថុនា ឆ្នាំ១៩៥២ ព្រះបាទនរោត្តម សីហនុ បានប្រកាសប្រាប់ប្រជារាស្ត្រយ៉ាងឱឡារិកថា ទ្រង់នឹងទាមទារយកឯករាជ្យទាំងស្រុងពីប្រទេសបារាំងយ៉ាងយូរបំផុត៣ឆ្នាំ។ ក្រោយមកព្រះអង្គក៏យាងទៅប្រទេសបារាំង ដើម្បីជួបជាមួយប្រមុខរដ្ឋាភិបាលបារាំង។
ថ្ងៃ ទី ៥ មីនាឆ្នាំ ១៩៥៣ ព្រះអង្គបានផ្ញើព្រះរាជសារជូនប្រធានាធិបតីបារាំង វាំងសង់ អូរីយ៉ូល។ ក្នុងព្រះរាជសារនោះគឺរៀបរាប់អំពី ភាពចាំបាច់ ដែលបារាំងត្រូវពង្រីកឯករាជ្យភាពមកអោយកម្ពុជា។ បន្ទាប់មកព្រះអង្គក៏បានផ្ញើព្រះរាជសារចំនួន២ច្បាប់ថែមទៀតជូនប្រធានាធិបតី និង រដ្ឋាភិបាលបារាំង គឺនៅឯដឺឡាណាពូល ថ្ងៃទី ១៨ មីនា ឆ្នាំ១៩៥៣ និង នៅហ្វុងតែនណាប្លូ ថ្ងៃទី ៣ មេសាឆ្នាំ១៩៥៣។
នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំង នាថ្ងៃ ១១ មេសា ឆ្នាំដដែល ព្រះបាទនរោត្តមសីហនុបានយាងចាកចេញពីប្រទេសបារាំង ឆ្ពោះទៅប្រទេស កាណាដា និង សហរដ្ឋអាមេរិក ដើម្បីធ្វើយុទ្ធនាការឃោសនាទាមទារឯករាជ្យបន្ត។ ក្នុងសេចក្ដីថ្លែងការណ៍របស់ព្រះអង្គនៅទីនោះ កាសែតដ៏ធំ New York Time បានដកស្រង់ព្រះបន្ទូល និង បានចុះផ្សាយលាន់លឺពេញពិភពលោកដែលបានចាប់បង្ខំអោយប្រទេសបារាំងធ្វើការចរចាជាមួយកម្ពុជា ដែលពេលនោះមានឯកឧត្តម ប៉ែន នុត ជាអ្នកតំណាង និង ឯកឧត្ដម សម សារី ជាអ្នកចូលរួមផងដែរ។
ថ្ងៃទី១៧ឧសភាឆ្នាំ១៩៥៣ ព្រះអង្គបានថ្លែងនៅព្រះទីនាំងចន្ទឆាយាក្រុងភ្នំពេញថាព្រះអង្គនឹងបូជាជីវិតដើម្បីទាមទារយកឯករាជ្យមកជូនជាតិ១០០ភាគរយ។ ព្រះអង្គបានទៅគង់នៅតំបន់ស្វយ័តនៃខេត្តសៀមរាប បាត់ដំបង និង កំពង់ធំ។ មិនតែប៉ុណ្ណោះដើម្បីគាំទ្រចលនានេះ ទ្រង់បានបង្កើតអោយមានកងជីវពលនារីក្លាហាន។
ក្រោមកិច្ចចរចាយ៉ាងស្វិតស្វាញរបស់ឯកឧត្តម ប៉ែន នុត និង ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះរាជា ទីបំផុតកិច្ចចរចាបានទទួលជោគជ័យទាំងស្រុង។ ថ្ងៃទី ២៩ សីហា ឆ្នាំ ២០១៦ កិច្ចព្រមព្រៀងដើម្បីផ្ទេរអំណាចតុលាការមកអោយកម្ពុជាត្រូវបានធ្វើឡើង ហើយកិច្ចព្រមព្រៀងដទៃទៀតក៏កើតឡើងបន្តបន្ទាប់គ្នាដូចជា៖ ការផ្ទេរសមត្ថកិច្ចប៉ូលិស អធិបតេយ្យភាពផ្នែកយោធា ជាចុងក្រោយគឺអធិបតេយ្យភាពការទូត និង ផ្នែកប្រព័ន្ធហិរញ្ញវត្ថុ។
ថ្ងៃ ៨ វិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទ នរោត្តម សីហនុ បានស្ដេចយាងត្រឡប់ចូលក្នុងរាជធានីភ្នំពេញវិញដោយមានការអបអរយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រទេសកម្ពុជាក៏ទទួលបានឯករាជ្យជាផ្លូវការនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ តាមរយៈសន្ធិសញ្ញានៅទីក្រុងហ្សឺណែវ ប្រទេសស្វីសចាប់ពីពេលនោះមក។ សរុបមកប្រទេសកម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ដោយជៀសផុតពីភ្លើងសង្គ្រាម ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះបាទនរោត្តម សីហនុក្នុងរយៈពេលបីឆ្នាំ។ បន្ទាប់ពីបេសកកម្មដ៏ធំនេះ ប្រជារាស្ត្រខ្មែរទាំងមូលបានថ្វាយនាមដល់ ព្រះអង្គជា ព្រះបិតាឯករាជ្យជាតិ និង ជាវីរបុរសរបស់ប្រទេសកម្ពុជាមួយរូបផងដែរ៕