រំជួលចិត្ត! ឪពុកម្ដាយខាំ​ស្មៅ​ឲ្យគេមើលតាមផ្លូវ ដើម្បី​រកប្រាក់​ព្យាបាលជំងឺ​កូន

  • 2017-11-09 02:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​ជនជាតិ​ចិន​មួយ​គូ​ បាន​ប្រើ​ប្រាស់​វិធី​ចុង​ក្រោយ ដើម្បី​រក​ប្រាក់​ព្យាបាល​កូន​ប្រុស​ដេក​ឈឺ​លើ​គ្រែ ដោយ​​ខំ​ខាំ​ស្មៅ​តាម​ចិញ្ចើម​​ផ្លូវ​ឲ្យ​គេ​មើល។

​ឪពុក​ម្ដាយ​ទាំង​ពីរ​បាន​អះអាង​ថា ពួក​គេ​អស់​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់​ចំណាយ​លើ​ការ​ព្យាបាល​កូន​ហើយ​ដែល​កើត​ជំងឺ​មហារីក​ឈាម។ ពួក​គេ​បាន​លុត​ជង្គង់​អង្វរ​មហាជន​ឲ្យ​ជួយ​កូន​គាត់​ផង​ ហើយ​ពួក​គាត់​នឹង​ខាំ​ស្មៅ​ហូប​ឲ្យ​មើល​វិញ។

អ្នក​ស្រី Weiling ​ជា​ម្ដាយ​ប្រាប់​ថា ខ្លួន និង​ប្ដី​មិន​មាន​ទេពកោសល្យ​ពិសេស​អ្វី​ទេ ហើយ​វិធី​ខាំ​ស្មៅ​នេះ​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​ស្វែង​រក​សាធារណជន​ឲ្យ​ជួយ។ គាត់​បន្ត​ថា ​គាត់​បាន​ខ្ចី​ប្រាក់​គេ​គ្រប់​កន្លែង​អស់​ហើយ ថែម​ទាំង​លក់​របស់​របរ​មាន​តម្លៃ​​អស់​ដែរ​ ហើយ​គិត​ថា មិន​អាច​​រក​ប្រាក់​ទូទាត់​​ថ្លៃ​ព្យាបាល​​បាន​ទេ។

ចំណែក​កូន​ប្រុស​​រូប​នេះ ធ្លាប់​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ឈប់​ព្យាបាល​ខ្លួន​ និង​បង្កើត​កូន​មួយ​ទៀត បន្ទាប់​ពី​ឃើញ​ពួក​គាត់​លំបាក​ខ្លាំង។ រឿង​រ៉ាវ​​គ្រួសារ​ក្រីក្រ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​អាណិត​អាសូរ​ជា​ខ្លាំង​ បន្ទាប់​ពី​ឃើញ​វីដេអូ​ពួក​គេ​ខាំ​ស្មៅ​​នៅ​ថ្ងៃ​ទី ៥​វិច្ឆិកា ​ក្នុង​ទីក្រុង Sanhe ខេត្ត​ហេបេ ភាគ​ខាង​ជើង​ប្រទេស​ចិន។

ប្ដី​ប្រពន្ធ​ដដែល​ប្រាប់​ថា ពួក​គាត់​រស់​នៅ​ភូមិ​ដាច់​ស្រយាល​មួយ​នៅ​ខេត្ត​ហ៊ូណាន។ កូន​ប្រុស​នេះ​បាន​វះកាត់​ប្ដូរ​ខួរ​ឆ្អឹង​ខ្នង តែ​សួត​របស់​គេ​បែរ​ជា​ឆ្លង​ជំងឺ។ ឪពុក​អាយុ ៣៤​ឆ្នាំ ​ឈ្មោះ Nengyong ធ្លាប់​ជា​កម្មករ​សំណង់​ ប៉ុន្តែ​បាន​បាត់​បង់​ការងារ​ដោយ​សារ​សុខភាព​ទ្រុឌទ្រោម។ ​តាម​សម្ដី​ម្ដាយ ​មក​ទល់​ពេល​នេះ ជំងឺ​កូន​ប្រុស​​គាត់​បាន​ចំណាយ​ប្រាក់​ជិត ៨០​ម៉ឺន​យ័ន ឬ​​ប្រមាណ ១២​ម៉ឺន​ដុល្លារ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម