នាយ ពែកមី និយាយពីឱកាស ចាន់ វឌ្ឍនាកា ម្សិលមិញ
- 2017-11-10 01:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ពែកមី និយាយពីឱកាស ចាន់ វឌ្ឍនាកា ម្សិលមិញ
ចន្លោះមិនឃើញ
តារាងកំប្លែងល្បីឈ្មោះនៅកម្ពុជា និងជាប្រធានក្រុមកំប្លែងរបស់ CTN នាយពែកមី ម្សិលមិញនេះក៏បានទៅចូលរួមទស្សនាផ្ទាល់រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមមីយ៉ាន់មា ប្រកួតមិត្តភាពផងដែរ ហើយលោកពិតជាមានការសោកស្ដាយជាខ្លាំងដែលកម្ពុជាបរាជ័យ និងជាពិសេសពីរគ្រាប់ចុងម៉ោងតែម្ដង។
លោក ចែម ចាន់ដារ៉ា ហៅនាយពែកមី បានឲ្យដឹងថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជាម្សិលមិញនេះ លោកពិតជាមានការសោកស្ដាយជាខ្លាំងដែលចាញ់ក្រុមភ្ញៀវមីយ៉ាន់ម៉ា ប៉ុន្តែក្រុមកីឡាករទាំងអស់ពិតជាខំប្រឹងហើយអាចថាមកពីស៊យក៏ថាបានដែរ ព្រោះមានឱកាសស៊ុតច្រើនតែស៊ុតមិនចូល។
អ្នកកំប្លែងមានវោហារសាបរូបនេះបន្តថា អ្វីដែលស្ដាយជាងនេះទៅទៀតនោះ គឺពីរដាច់ទៅរបស់ ចាន់ វឌ្ឍនាកា តែម្ដងនៅនាទី៧៧ និងនាទី៨០នោះ បើស៊ុតចូលសំណាញ់ទីក្រុមមីយ៉ាន់មា ប្រហែលកម្ពុជាឈ្នះហើយព្រោះចុងម៉ោង។ លោកក៏មិនដឹងថានៅស្ថានភាពពេលនោះគ្មានមុំទាត់ ឬ «វឌ្ឍនាកា» ព្យាយាមទាត់ឲ្យផុតដៃអ្នកចាំទី ទើបបែរជាចេញដូច្នេះទេ តែអ្នកកំប្លែងខាងលើនៅតែសង្កត់ធ្ងន់ថាថ្ងៃនេះកម្ពុជាលេងបានល្អមានឱកាសច្រើនតែស៊យស៊ុតអត់ចូល។
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកាលពីយប់ម្សិលមិញនេះនៅឯពហុកីឡដ្ឋានជាតិក្រុម គោព្រៃកម្ពុជា បរាជ័យក្រោមថ្វីជើងភ្ញៀវ មីយ៉ាន់ម៉ា ដោយលទ្ធផល ២-១ ហើយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្មានថ្ងៃខាងមុននេះក្រុមកម្ពុជានឹងត្រូវប៉ះជាក្រុមហ្សកដានីទៀត៕