រឿងធំហើយ បងរបស់ Nicki Minaj ប្រឈមជាប់គុក ២៥ឆ្នាំ ពីបទរំលោភក្មេង
- 2017-11-10 09:59:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងធំហើយ បងរបស់ Nicki Minaj ប្រឈមជាប់គុក ២៥ឆ្នាំ ពីបទរំលោភក្មេង
ចន្លោះមិនឃើញ
ព័ត៌មានដ៏ក្ដៅគគុកកំពុងផ្ទុះឡើង ទាក់ទងនឹងបងប្រុសរបស់តារាចម្រៀង Nicki Minaj លោក Jelani Maraj ដែលកំពុងជាប់ពាក់ព័ន្ធករណីរំលោភកូនស្រីចុងរបស់ខ្លួន។
លោក Jelani Maraj អាយុ ៣៨ ឆ្នាំ ដែលត្រូវជាបងប្រុសរបស់តារាចម្រៀង Nicki Minaj នោះត្រូវបានជាប់ចោទពីបទរំលោភបំពានលើកូនស្រីចុងរបស់ខ្លួន។ ដោយសារនេះ ជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ដូចនេះលោកត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំ។
ជាក់ស្ដែង បច្ចុប្បន្នសំណុំរឿងក្ដីរាប់ខែមកនេះត្រូវបានបញ្ចប់ហើយ កាលពីម្សិលមិញ ដោយក្រុមប្រឹក្សាតុលាការបានសម្រេចកាត់ទោសលោក Jelani Maraj ទៅតាមផ្លូវច្បាប់។ នេះបើតាមវិបសាយ Newsday។
ចំពោះបងប្រុសរបស់តារាចម្រៀង Nicki មិនបានបញ្ចេញអាកប្បកិរិយាអ្វីទាំងអស់ នៅពេលដែលសាលក្រមប្រកាសឲ្យជាប់ពន្ធនាគារនៅ Nassau County ក្នុងតំបន់ Meadow ខាងកើត ក្នុងរដ្ឋ New York សហរដ្ឋអាមេរិក។ លោកនឹងត្រូវបញ្ជូនទៅពន្ធនាគារនៅថ្ងៃទី ១៤ ខែធ្នូខាងមុខនេះ។
វាពិតជាមិនគួរឲ្យជឿទេ ដែលមនុស្សប្រុសម្នាក់នេះហ៊ានធ្វើអំពើទាំងនេះលើក្មេងស្រីអាយុ ១១ ឆ្នាំនោះ។ ប៉ុន្តែបើតាមប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ ដែលត្រូវជាសាក្សីផ្ទាល់ភ្នែកបានប្រាប់ថា រូបគេបានឃើញលោក Jelani នៅពីលើបងស្រីខ្លួន។ នេះបើតាមវិបសាយ Uproxx។
ក្មេងប្រុសដដែលអះអាងទៀតថាលោក Jelani បានធ្វើទារុណកម្មគេដោយទះកំផ្លៀង និងគំរាមឲ្យបិតមាត់ថែមទៀតផង។ យ៉ាងណាក្ដី អាថ៌កំបាំងនេះរក្សាមិនបានយូរទេ។ នៅអំឡុងពេលកាត់ក្ដី ក្មេងស្រីជនរងគ្រោះបាននិយាយថាឪពុកចុងខ្លួន បានលួងលោមនាង និងបានហៅថាជា “កូនតុក្កតា”។ នាងបន្ថែមទៀតថា បុរសម្នាក់នេះ នឹងធ្វើបាបរូបនាងបើសិនជានាងមិនយល់ព្រមតាមអ្វីដែលលោកចង់បាន។
ជាក់ស្ដែងនៅទីបំផុត នាងបានសារភាពគ្រប់យ៉ាងនៅពេលដែលនិយាយជាមួយក្រុមប្រឹក្សារបស់សាលារៀននាងនៅខែវិច្ឆិកា ឆ្នាំ ២០១៥។ រីឯប្អូនប្រុសរបស់នាងក៏បានប្រាប់ពីអ្វីដែលបានឃើញទៅដល់អង្គការការពារកុមារផងដែរ ហើយអង្គការនេះហើយដែលបានស៊ើបរឿងក្ដីដ៏ឃោរឃៅនេះ។
និយាយពី តារាចម្រៀង Nicki Minaj វិញក៏បានចំណាយលុយ ១០០ ០០០ ដុល្លារ ដើម្បីរំដោះបងប្រុសរបស់នាងចេញពីគុក ប៉ុន្តែរឿងក្ដីមិនបានបញ្ចប់ដូចអ្វីដែលនាងចង់បាននោះទេ។ ផ្ទុយទៅវិញនាងក៏អាចប្រឈមនឹងការបាត់បង់ការងារផងដែរ៕